មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២០ បើកជាផ្លូវការក្រោមប្រធានបទ “អនុភាពកីឡា”
មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “អនុភាពកីឡា” បានបើកជាផ្លូវការនារាត្រីថ្ងៃទី២០ ខែកុម្ភ:នេះ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងថា មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី៩ ២០២០នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា ក៏ដូចជាជំរុញការផ្លាស់ប្តូរបន្ថែមរវាងប្រជាជន និងប្រជាជនប្រទេសទាំង ពីរកម្ពុជា-ជប៉ុន។ លោកបានបញ្ជាក់ថា មហោស្រពនេះមានកម្មវិធីថ្មីៗជាច្រើន ជាពិសេសដោយសារតែឆ្នាំនេះប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក និងផារ៉ាឡាំពិក មហោស្រពនេះបានជ្រើសយកប្រធានបទ “អនុភាពកីឡា”។ ព្រោះកីឡាចាប់តាំង ពីកីឡាបេសប៊ល កីឡាបាល់ បោះ កីឡាបាល់ឱប កីឡាបាល់ទាត់ កីឡាវាយកូន ហ្គោលជាដើម សុទ្ធតែមាន ប្រយោជន៍សម្រាប់សុខភាព។
លោកឯកអគ្គរាជទូតបានបន្ដថា កីឡាបានបង្ហាត់បង្រៀនឱ្យមានសាមគ្គីភាព យុត្តិធម៌ ភាពអត់ធ្មត់ និងផ្តល់នូវមិត្តភាព និងជាមេរៀនដ៏សំខាន់សម្រាប់ប្រជាជនគ្រប់រូប និងសង្គម។ លោកសង្ឃឹមថា មហោស្រពនេះគឺជាឱកាសល្អសម្រាប់ប្រជា ជនគ្រប់រូបចូលរួមគិតពីអនុភាពកីឡា ក្នុងជីវិតប្រចាំថ្ងៃ និងសង្គម ដែលមនុស្សអាចរីករាយជាមួយកម្មវិធី និងសកម្ម ភាពជាច្រើនទៀតទាក់ទងនឹងកីឡាព្រមទាំងវប្បធម៌ និងការអប់រំ។
លោកឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅផងដែរចំពោះមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុនសម្រាប់ការសហការដែលបានធ្វើឱ្យមានព្រឹត្តិការណ៍មហោ ស្រពនេះឡើង និងសូមថ្លែងអំណរគុណដល់ក្រុមកីឡាករ ក្រុមសីល្ប: ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមចំណែកដល់ដំណើរ ការរៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី៩ ឆ្នាំ២០២០ ថ្ងៃនេះ។
សូមបញ្ជាក់ថា កម្មវិធីមហោស្រពនេះនឹងប្រព្រឹត្តទៅរយ:ពេលបួនថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ ដោយមានកម្មវិធីកីឡាមួយចំនួន។ លើសពីនេះ មហោស្រព នេះ ក៏នឹងមានកម្មវិធីជាច្រើនទៀត មានដូចជា សិក្ខាសាលាទាក់ទងនឹងសិល្ប: អប់រំ សុខភាព និងបច្ចេកវិទ្យា សាកល្បងភ្លក់ម្ហូប និងបង្អែមខ្មែរ-ជប៉ុន សាកល្បង ស្លៀកក្បិនខ្មែរ និងពាក់ “យូកាតា”ជប៉ុន សាកល្បងពិធីលាងតែជប៉ុន”សាដូ” សិល្ប: បត់ក្រដាស”អូរីហ្គាមី” តុបតែងផ្កា”អ៊ីកេបាណា” ការសរសេរអក្សរផ្ចង់ “ស្យូដូ” ជាដើម៕