ខ្មែរប៉ុស្ដិ៍ Close

ជប៉ុន​ នឹងផ្តល់ឱកាសការងារដល់យុវជនកម្ពុជា​ជាមួយក្រុមហ៊ុនធំៗ​ នៅប្រទេសជប៉ុន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 49
ជប៉ុន​ នឹងផ្តល់ឱកាសការងារដល់យុវជនកម្ពុជា​ជាមួយក្រុមហ៊ុនធំៗ​ នៅប្រទេសជប៉ុន ជប៉ុន​ នឹងផ្តល់ឱកាសការងារដល់យុវជនកម្ពុជា​ជាមួយក្រុមហ៊ុនធំៗ​ នៅប្រទេសជប៉ុន

នៅទីស្តីការក្រសួង រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យលោក Yohei Shibasaki នាយកប្រតិបត្តិនៃក្រុមហ៊ុន Fourth Valley Concierge ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនក្នុងការផ្តល់ឱកាសការងារដល់យុវជន សិស្សនិស្សិតនៅតាមបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីមានឱកាសទៅធ្វើការនៅប្រទេសជប៉ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកនាយកប្រតិបត្តិក្រុមហ៊ុន បានលើកឡើងថាគោលបំណងដែលរូបលោក និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីនាពេលនេះ គឺដើម្បីសុំកិច្ចគំាទ្រពីខាងក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ដើម្បីបើកការិយាល័យក្រុមហ៊ុននៅកម្ពុជា ក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា មុននឹងបញ្ជូនទៅបម្រើការងារនៅប្រទេសជប៉ុន។ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានលើកឡើងថា ក្រុមហ៊ុនរបស់លោកមានបទពិសោធន៍១០ឆ្នាំមកហើយ នៅតំបន់អាស៊ីអាគ្នេយ៍គឺទទួលបានជោគ​ជ័យជាខ្លាំង។ លោកបានបន្តថា បច្ចុប្បន្ននេះយុវជនកម្ពុជាក៏មានសមត្ថភាព​ដូចយុវជនដទៃទៀតនៅតាមបណ្តាលប្រទេសមួយចំនួនដែរ ដែលទទួលបានឱកាសទៅធ្វើការនៅប្រទេសជប៉ុន។

ឆ្លើយតបទៅនឹងគោលបំណងនេះ លោករដ្ឋមន្ត្រី អ៊ិត សំហេង បានរីករាយស្វា​គមន៍ និងគាំទ្រចំពោះសំណើនេះ ដោយបានស្នើដល់ក្រុមហ៊ុន ត្រូវរៀបចំឯកសារតាមនីតិវិធីដែលតម្រូវទៅតាម​ច្បាប់ជាមុនសិន។ លោក បានបន្តថា រដ្ឋាភិបាលកម្ពុជារីករាយ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលជប៉ុន ដែលមកដល់ពេលនេះកម្ពុជាមានក្រុមហ៊ុន​សហគ្រាសជាច្រើន របស់ជប៉ុន ចូលមកវិនិយោគនៅកម្ពុជា។

រីឯខាងផ្នែកវិស័យការងារវិញ កម្ពុជា ក៏បានបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅជប៉ុនក៏ច្រើនដែរ មកដល់ពេលនេះ កម្មសិក្សាការីកម្ពុជាមានប្រហែលជាង៨ពាន់នាក់កំពុងធ្វើកម្មសិក្សានៅទីនោះ ដែលនៅជប៉ុនមានកម្លាំងពលកម្មច្រើនទាក់ទងទៅនឹងឧស្សាហកម្ម កសិកម្ម សេវាកម្ម និងថែទាំមនុស្សចាស់ជាដើម។

បើតាមការបញ្ជាក់ពី លោក ងុយ រិទ្ធ នាយករងខុទ្ទកាល័យលោករដ្ឋមន្ត្រី បានឲ្យដឹងថា ក្រុមហ៊ុននេះ នឹងរៀបចំដំណើរការផ្តល់វគ្គបណ្តុះបណ្តាលដល់និស្សិតវ័យក្មេង ទទួលបាន ឱកាសទៅធ្វើការនៅជប៉ុនជាមួយនឹងក្រុមហ៊ុនល្បីៗដូចជាក្រុមហ៊ុន SONY ក្រុមហ៊ុន​PANASONIC ក្រុមហ៊ុន HONDA និង ក្រុមហ៊ុនTOYOTAជាដើម។ ក្រុមហ៊ុននេះបានផ្តល់ ឱកាសទៅដល់ប្រទេសជាច្រើននៅក្នុងតំបន់ ហើយបច្ចុប្បន្នក្រុមហ៊ុននេះបានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជាដែរហើយ។ លោកបានបញ្ជាក់ថា យុវជន និស្សិតកម្ពុជា នឹងទទួលបាននូវឱកាសចេញទៅធ្វើការនៅជប៉ុន ជាមួយក្រុមហ៊ុនធំៗ រយៈពេលពី៥ទៅ១០ឆ្នាំ។

នេះជាឱកាសដែលយើងមិនធ្លាប់មានពីមុន ដែលពីមុនកម្ពុជាបញ្ជូនត្រឹមជាសិក្ខាកាម ឬជាអ្នកហាត់ការទេ មិនទាន់បានទទួលទិដ្ឋាការការងារនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះផ្តល់ ឱកាសឲ្យយុវជនកម្ពុជាទទួលបាននូវទិដ្ឋការការងារតែម្តង ធ្វើការបានរហូតពី ៥ទៅ ១០ឆ្នាំឯណោះ។

លោកបានបន្តថា នៅពេលដែលយុវជនកម្ពុជាបានទៅធ្វើការជាមួយក្រុមហ៊ុនល្បីៗ ពួកគេនឹងមានសមត្ថភាពកាន់តែខ្ពស់ ខណៈបានវិលត្រឡប់មកបម្រើការងារឲ្យក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសជាតិវិញ ដែលជាប្រភពធនធានមនុស្សដ៏សំខាន់ចាំបាច់ឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា៕

អត្ថបទទាក់ទង