ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្នើអភិបាលក្រុងប៊ូសាន យកចិត្តទុកដាក់បន្ថែមទៅលើសុខុមាលភាពពលករកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 22
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្នើអភិបាលក្រុងប៊ូសាន យកចិត្តទុកដាក់បន្ថែមទៅលើសុខុមាលភាពពលករកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្នើអភិបាលក្រុងប៊ូសាន យកចិត្តទុកដាក់បន្ថែមទៅលើសុខុមាលភាពពលករកម្ពុជា

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើទៅអភិបាលក្រុងប៊ូសាន លោក អូ ខដុន (Oh Keo-don) ឱ្យយកចិត្តទុកដាក់បន្ថែមទៀតលើសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងទីក្រុងប៊ូសាន។

សូមជម្រាបផងដែរថា សំណើរបស់លោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយអភិបាលក្រុងប៊ូសាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ បើតាមលោកស្រី អ៊ាត សោភា បានគូសបញ្ជាក់ថា នៅក្នុងទីក្រុងប៊ូសាន បច្ចុប្បន្នមានពលរដ្ឋកម្ពុជាប្រមាណ ៩ពាន់នាក់កំពុងស្នាក់នៅ និងធ្វើការ។

នៅក្នុងជំនួបនេះការងារពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៊ូសាន ជាមួយប្រទេសកម្ពុជា និងរវាងទីក្រុងប៊ូសាន និងរាជធានីភ្នំពេញ ដែលមានសម្ព័ន្ធមេត្រីភាពជាមួយគ្នារួចមកហើយនោះ ក៏ត្រូវបានលើកមកជជែកផងដែរ។

បើតាមលោកស្រី អ៊ាត សោភា ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានស្នើទៅកាន់អភិបាលក្រុងប៊ូសាន ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញលើការងារសំខាន់ៗចំនួន៣ រួមមាន៖ ការបង្កើតទីក្រុងឆ្លាតវៃ (Smart City), ការរៀបចំទីក្រុង និងការគ្រប់គ្រងទឹកកខ្វក់។ សំណើទាំង៣នេះ ត្រូវបានអភិបាលក្រុងស្វាគមន៍ និងទទួលយក។

លោកអភិបាលក្រុងប៊ូសាន ក៏បានបង្ហាញពីបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការចំនួនពីរជាមួយកម្ពុជាផងដែរ គឺកិច្ចសហប្រតិបត្តិការលើវិស័យកំពង់ផែ (ទីក្រុងប៊ូសានជាទីក្រុងមានកំពង់ផែដ៏ធំមួយនៅលើពិភពលោក) និងការអភិវឌ្ឍវិស័យភាពយន្ត។

ក្រៅពីការពិភាក្សាលើការងារទ្វេភាគីរវាងក្រុងប៊ូសាន និងកម្ពុជាទៅលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងអភិបាលក្រុងប៊ូសាន បានពិភាក្សារលើការងាររៀបចំកិច្ចប្រជុំកំពូលអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េផងដែរ។

អភិបាលក្រុងប៊ូសាន បានលើកឡើងថា មានកម្មវិធីសំខាន់ៗចំនួន៥ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរនូវទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ ជាមួយអាស៊ាន។ កម្មវិធីអមកិច្ចប្រជុំកំពូលចំនួន៥រួមមាន៖ ១- កម្មវិធីមហោស្រពអាហារអាស៊ាន។ មហោស្រពអាហារអាស៊ាននេះ អភិបាលក្រុងប៊ូសាន បានអះអាងថា ស្តង់អាហាររបស់កម្ពុជាទទួលបានការចាប់អារម្មណ៍ ហើយប្រជាពលរដ្ឋកូរ៉េជាច្រើនបានចូលភ្លក់អាហារ, ទី២- កម្មវិធីរៀបចំដាក់ឈ្មោះវិថីមួយប្រវែងប្រមាណ ២គីឡូម៉ែត្រស្ថិតជាប់មជ្ឈមណ្ឌលវប្បធម៌អាស៊ាន ដែលវិថីមានឈ្មោះថា «វិថីអាស៊ាន», ទី៣-កម្មវិធីអបអរសាទរទីក្រុងឆ្លាតវៃរបស់អាស៊ាន (Smart ASEAN CITY) ដែលក្នុងឱកាសនោះទីក្រុងប៊ូសាន បានបង្កើតទីក្រុងបច្ចេកវិទ្យាប៊ូសាន, ទី៤-កម្មវិធីបង្កើតមជ្ឈមណ្ឌលប្រជាជនបរទេសសម្រាប់ជនបរទេសមករស់នៅ និងធ្វើការនៅទីក្រុងប៊ូសាន ដែលមជ្ឈមណ្ឌលនេះជាកន្លែងបង្ហាញវប្បធម៌ និងផ្តល់ព័ត៌មានផ្សេងៗ និងទី៥- កម្មវិធីបង្កើតអង្គការភាពយន្តអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដែលគម្រោងបង្កើតអង្គការភាពយន្តអាស៊ាន-សាធារណរដ្ឋកូរ៉េនេះ នឹងត្រូវលើកឡើងសុំការអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងស្វាគមន៍ និងគាំទ្រចំពោះគម្រោងបង្កើតអង្គការ ភាពយន្តអាស៊ាន-សាធារណរដ្ឋកូរ៉េនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសន្ទនា និងទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

បន្ថែមពីលើនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ជាអ្នកជំរុញឱ្យមានកិច្ចពិភាក្សាកំពូលរវាងមេគង្គ និងសាធារណរដ្ឋកូរ៉េជាលើកដំបូង ដែលនឹងធ្វើឡើងនាពេលនេះផងដែរ៕

អត្ថបទទាក់ទង