ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-កូរ៉េ ជួបពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 27
កម្ពុជា-កូរ៉េ ជួបពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម កម្ពុជា-កូរ៉េ ជួបពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម

ព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោក​ ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបសម្តែងការគួសម និងប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយ លោក យន់ ឃ្យុងហេ អភិបាលក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារណរដ្ឋកូរ៉េ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ជំនួបពិភាក្សាការងារនេះក៏មានការអញ្ជើញចូលរួមពី លោក​ អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រមទាំងមន្រ្តីរាជការសាលាខេត្តផងដែរ។

ក្នុងជំនួបប្រជុំពិភាក្សានេះ លោក​ ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមាន ប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសអញ្ជើញមកដល់ខេត្តបាត់ដំបង។ លោកក៏បានជម្រាបជូនអង្គប្រជុំអំពីភូមិសាស្រ្ត សក្តានុពលរបស់រដ្ឋបាលខេត្តបាត់ដំបង ជូនដល់គណៈប្រតិភូក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយ លោក យន់ ឃ្យុងហេ អភិបាលក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារណរដ្ឋកូរ៉េ ។

លោក យន់ ឃ្យុងហេ អភិបាលក្រុងជង់សុងហ្គាន់ បានថ្លែងអំណរគុណដល់លោក​ ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូរបស់លោក។ លោក យន់ ឃ្យុងហេ ក៏បានជម្រាបជូនអង្គប្រជុំអំពីគោលបំណង និងដំណើរទស្សនកិច្ចមកកាន់ខេត្តបាត់ដំបង នៃ​ព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងស្របតាមគោលការណ៍ច្បាប់នៃប្រទេសទាំងពីរ ហើយភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ និងចុះកំណត់ហេតុកិច្ចប្រជុំរួមដូចខាងក្រោម ៖

១-ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យកសិកម្ម ពាណិជ្ជកម្ម ។
២-ផ្តល់ការគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារណរដ្ឋកូរ៉េ ក្នុងការជំរុញអ្នកវីនិយោគលើវិស័យកសិកម្ម តាមរយៈវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដោយបានជ្រើសរើសយកតំបន់ភូមិសាស្រ្ត ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីអនុវត្ត ។
៣-ផ្លាស់ប្តូរទស្សនកិច្ច និងការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់ នៃភាគីទាំងពីរក្នុងព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្ម កសិកម្ម និងព្រឹត្តិការណ៍ផ្សេងៗទៀត ។
៤-ភាគីទាំងពីរបានព្រមព្រៀងគ្នា ឯកភាពគ្នាចងសម្ព័ន្ធមេត្រីភាពគ្នា នាពេលខាងមុខ និងរាយការណ៍ជូន ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដើម្បីទទួលបានការអនុញ្ញាតជាគោលការណ៍ឱ្យ រដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារណរដ្ឋកូរ៉េ ឈានទៅចុះហត្ថលេខាលើអនុស្សរណៈស្តីពីការបង្កើតកិច្ចសហប្រតិបត្តការ៕

អត្ថបទទាក់ទង