លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីសហព័ន្ធសន្តិភាពសកល
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF) ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ (2nd ASIA PACIFIC SUMMIT) ដែលប្រារព្ធធ្វើឡើង នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ដែលលោកនាយករដ្ឋមន្ត្រីទទួលបាន ត្រូវបានបំពាក់ជូនដោយផ្ទាល់ពីសំណាក់លោកស្រីបណ្ឌិត Hak Ja Han Moon សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។
ផ្តើមចេញពីស្នាដៃនៃការដឹកនាំក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម កសាងនូវសុខសន្តិភាព ក៏ដូចជាអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យរីកចម្រើន រួមនឹងការចូលរួមចំណែកកសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស និងពានរង្វាន់ជាច្រើនពីសាកលវិទ្យាល័យ និងស្ថាប័នអន្តរជាតិនានា។ ចាប់ពីអំឡុងឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន ទទួលបានសញ្ញាបត្រកិត្តិយស, មេដាយកិត្តិយស និងពានរង្វាន់នានាជាច្រើន។ អង្គការសហព័ន្ធសន្តិភាពសកល (UPF) ជាអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ មានតួនាទីផ្តល់យោបល់ពិសេស ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ។
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ បានប្រារព្ធឡើងក្រោមប្រធានបទ «ការឆ្លើយតប ចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ មានអ្នកចូលរួមប្រមាណជាង៨០០នាក់ រួមមានថ្នាក់ជាប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន អង្គភាពសារព័ត៌មាន និងស្ថាប័ននានាជាច្រើនទៀត។ កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ធ្វើឡើងដើម្បីពង្រឹងភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិលដែលមានខ្លឹមសារស្នូលដើម្បីសន្តិភាពនិងការអភិវឌ្ឍការប្រែប្រួលអាកាសធាតុ និងជម្លោះនិងដំណោះស្រាយក្នុងគ្រាសំខាន់៕