ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យគ្រប់ទីកន្លែងធ្វើអាជីវកម្មតូចធំទាំងរបស់រដ្ឋ និងឯកជន ត្រូវតែមានជែល ទឹកអាល់កុល និងម៉ាសសម្រាប់អតិថិជនដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ នគរគំនិត 59
សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យគ្រប់ទីកន្លែងធ្វើអាជីវកម្មតូចធំទាំងរបស់រដ្ឋ និងឯកជន ត្រូវតែមានជែល ទឹកអាល់កុល និងម៉ាសសម្រាប់អតិថិជនដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យគ្រប់ទីកន្លែងធ្វើអាជីវកម្មតូចធំទាំងរបស់រដ្ឋ និងឯកជន ត្រូវតែមានជែល ទឹកអាល់កុល និងម៉ាសសម្រាប់អតិថិជនដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហោះសារលើ Facebook ផ្លូវការរបស់សម្តេច ដោយបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល និងត្រូវពាក់ម៉ាសការពារឲ្យបានល្អ កុំធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ឲ្យសោះ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំ ឲ្យគ្រប់ទីកន្លែងធ្វើអាជីវកម្មតូចធំទាំងរបស់រដ្ឋ និងឯកជន ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាត ធនាគារ និងកន្លែងប្តូរប្រាក់តូចធំ គ្លីនិកតូចធំ គ្លីនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ត្រូវតែមានជែល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជន ឬក្រុមគ្រួសារអ្នកជំងឺ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារក្នុង Facebook យ៉ាងដូច្នេះថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? ជំងឺឆ្លងរាតត្បាតកូវីដ-១៩ មកទល់ថ្ងៃនេះ នៅក្នុងពិភពលោកបានកើនឡើង ១៣,១៥០,៦៤៥ នាក់ហើយ។ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ៥៧៤,៤៦៤នាក់ រីករាលដាលលើ២១៦ប្រទេស រីឯថ្នាំព្យាបាលក៏មិនទាន់មានដែរ។ នៅក្នុងប្រទេសកម្ពុជាយើងវិញមកទល់ថ្ងៃនេះ មានអ្នកឆ្លងរោគសរុប ១៦៦នាក់ អ្នកដែលបានព្យាបាលជាសះស្បើយមាន ១៣៣នាក់ ប្រទេសយើងគ្មានអ្នកស្លាប់ដោយសារកូវីដ-១៩ទេ។

វិធីដែលចាំបាច់នឹងមានប្រសិទ្ធភាពបំផុត ចៀសវាងការឆ្លងរោគកូវីដ-១៩ ដែលយើងមើលមិនឃើញដោយភ្នែកទទេរនេះ គឺត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល។ ត្រូវពាក់ម៉ាសការពារឲ្យបានល្អ ហើយកុំធ្វេសប្រហែសដោយគិតថា កំណើនឆ្លងរោគនៅប្រទេសយើងទាប ។

ទីកន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាតធនាគារ និងកន្លែងប្តូរប្រាក់តូចធំ គ្លីនិកតូចធំ គ្លីនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ត្រូវតែមានជែល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជន ឬក្រុមគ្រួសារអ្នកជំងឺ ដើម្បីទប់ស្កាត់ការរីករាលដាល ចម្លងរោគពីម្នាក់ទៅម្នាក់ ហើយត្រូវបន្តធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាលគ្រប់ពេល។ សូមជូនពរបងប្អូនបានចៀសផុត ពីជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ ទាំងអស់គ្នា»។

សូមជម្រាបថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ទៀត លើបងប្អូនខ្មែរដែលធ្វើដំណើរត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ។

គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ សរុបចំនួន១៦៦នាក់ (ស្ត្រី ៤០នាក់ និងបុរស ១២៦នាក់) ចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ១៣៣នាក់ (ស្រី ៣៩នាក់ និងបុរស ៩៤នាក់) អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន៣៣នាក់៕

អត្ថបទទាក់ទង