ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល ឯកភាពលើវិធានការ ៩ចំណុច ដើម្បីទប់ស្កាត់ លុបបំបាត់ និងការហ៊ុមព័ទ្ធដីព្រៃឈើ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 53
រាជរដ្ឋាភិបាល ឯកភាពលើវិធានការ ៩ចំណុច ដើម្បីទប់ស្កាត់ លុបបំបាត់ និងការហ៊ុមព័ទ្ធដីព្រៃឈើ រាជរដ្ឋាភិបាល ឯកភាពលើវិធានការ ៩ចំណុច ដើម្បីទប់ស្កាត់ លុបបំបាត់ និងការហ៊ុមព័ទ្ធដីព្រៃឈើ

ឆ្លើយតបនឹងសំណើររបស់លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជរដ្ឋាភិបាលកម្ពុជា ឯកភាពលើវិធានការចំនួន ៩ចំណុច របស់គណៈកម្មាធិការជាតិ ដើម្បីយកទៅអនុវត្ដក្នុងការ ទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើដើម្បីវាទយកដីធ្វើកម្មសិទ្ធិនៅតាមបណ្តាខេត្តមួយចំនួន។

តាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើជូនលោករដ្ឋមន្ដ្រី វេង សាខុន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជាក់ថា ទីស្ដីការគណៈរដ្ឋមន្ដ្រី សូមជម្រាបជូនថា រាជរដ្ឋាភិបាល ឯកភាពលើវិធានការ ដូចខាងក្រោម៖

*ក៖ អនុគណៈកម្មាធិការខេត្ត ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិតាមបណ្តាខេត្តត្រូវ៖

ទី១៖ ផ្តល់មូលដ្ឋានទិន្នន័យអនុវត្តកន្លងមកលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុតឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ នៅក្នុងដែនសមត្ថកិច្ច របស់ខេត្តនីមួយៗ មកអគ្គលេខាធិការដ្ឋានប្រតិបត្តិ ដើម្បីជាមូលដ្ឋានវិនិច្ឆ័យលើកទិសដៅអភិវឌ្ឍផែនការអនុវត្ត។

ទី២៖ សម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធនានា ក្នុងខេត្តសាមីនីមួយៗ ក្នុងការស្រាវជ្រាវរកឯកសារពាក់ព័ន្ធនឹងការទិញ-លក់ បញ្ជាក់ការកាន់កាប់ ផ្ទេរលិខិតកាន់កាប់ដីព្រៃឈើដោយខុសច្បាប់សម្រាប់ជាមូលដ្ឋានលើការផ្ទៀងផ្ទាត់និងមានចំណាត់ការផ្លូវច្បាប់បន្តស្របតាមនីតិវិធី។

ទី៣៖ រៀបចំកែសម្រួលសមាសភាព នៃអនុគណៈកម្មាធិការ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិថ្នាក់ខេត្តឡើងវិញ ដោយចាត់តាំងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តជាលេខាប្រតិបត្តិ។

ទី៤៖ បន្តចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើគ្រប់ប្រភេទដែលត្រូវបានរំលោភបំពានដោយខុសច្បាប់មកទុកជាសម្បត្តិរដ្ឋវិញ។

ទី៥៖ រាយការណ៍អំពីវឌ្ឍនភាពអនុវត្តការងារប្រចាំត្រីមាស ឆមាស និងឆ្នាំ មកអគ្គលេខាធិការដ្ឋានប្រតិបត្តិឱ្យបានទៀងទាត់ជាប្រចាំ ដើម្បីធ្វើការបូកសរុប។

*ខ៖ អគ្គលេខាធិការដ្ឋានប្រតិបត្តិនៃគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិត្រូវ៖

ទី១៖ ដឹកនាំសម្របសម្រួលចុះពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសដីព្រៃឈើគ្រប់ប្រភេទ ដោយចាត់ការចងក្រងសំណុំរឿងទៅតុលាការតាមច្បាប់ស្តីពីព្រៃឈើ។
ទី២៖ មានចំណាត់ការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ទៅលើមេខ្យល់និងមេខ្លោង ដែលរៀបចំឲ្យមានចលនានៃការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធយកដីព្រៃឈើខុសច្បាប់។
ទី៣៖ រៀបចំផែនទីប្រើប្រាស់ដីព្រៃឈើ និងចុះបញ្ជីដីរដ្ឋ ទៅលើដីព្រៃដែលបានចេញដីកា ដកហូតមកជាសម្បត្តិរដ្ឋ។
ទី៤៖ ត្រួតពិនិត្យតាមដាន វាយតម្លៃលើការអនុវត្តរបស់អនុគណៈកម្មាធិការខេត្ត ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ឲ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង