ខ្មែរប៉ុស្ដិ៍ Close

ក្រសួងកសិកម្មជំរុញឱ្យក្រុមហ៊ុនកែលម្អចំណុចខ្វះខាត ឱ្យបានលឿនបំផុត ដើម្បីសម្រេចឱ្យបាន ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនក្នុងឆ្នាំនេះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 43
ក្រសួងកសិកម្មជំរុញឱ្យក្រុមហ៊ុនកែលម្អចំណុចខ្វះខាត ឱ្យបានលឿនបំផុត ដើម្បីសម្រេចឱ្យបាន ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនក្នុងឆ្នាំនេះ ក្រសួងកសិកម្មជំរុញឱ្យក្រុមហ៊ុនកែលម្អចំណុចខ្វះខាត ឱ្យបានលឿនបំផុត ដើម្បីសម្រេចឱ្យបាន ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនក្នុងឆ្នាំនេះ

ភ្នំពេញ៖ ក្រសួងកសិកម្ម នឹងខិតខំជំរុញឱ្យក្រុមហ៊ុន ធ្វើការកែលម្អនូវចំណុចខ្វះខាត ឱ្យបានលឿនបំផុត ដើម្បីសម្រេចឱ្យបាន ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនក្នុងឆ្នាំនេះ ដើម្បីជួយដោះស្រាយការខ្វះទីផ្សារស្វាយនៅកម្ពុជា។

យោងតាមផេកហ្វេសបុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មឱ្យដឹងថា លទ្ធផលនៃការវាយតម្លៃរួមគ្នា របស់តំណាងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមការងារអគ្គនាយកដ្ឋានកសិកម្មកម្ពុជា មុនការអនុញ្ញាត ឱ្យនាំផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិន បានណែនាំដល់ម្ចាស់កសិដ្ឋានទំាងអស់ត្រូវកែលម្អហេដ្ឋារចនាសម្ព័ន្ធដូចជា ការខ័ណ្ឌចែកបន្ទប់វេចខ្ចប់ និងឃ្លាំងត្រជាក់ ហើយនិងត្រូវបន្ថែមឧបករណ៍មួយចំនួនទៀតនៅរោងចក្រប្រព្រឹត្តកម្ម ដើម្បីបង្កើន ការគ្រប់គ្រងអនាម័យ និងហានិភ័យបង្កដោយសមាសភាពចង្រៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ខណៈ ចម្ការស្វាយនិង រោងចក្រប្រព្រឹត្តកម្មពងរុយក្នុងផ្លែស្វាយ មានចំណុចល្អប្រសើរច្រើន។

ឯកឧត្តមបញ្ជាក់ថា ភាគីចិនក៏បានជំរុញឱ្យពង្រឹងវិធានការនានានៅក្នុងចម្ការ និងរោងចក្រដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ឱ្យកាន់តែល្អប្រសើរ និងពង្រឹងការយល់ដឹងបន្ថែមទៀតជូនទៅដល់អ្នកដាំស្វាយ និងម្ចាស់រោងចក្រប្រព្រឹត្តកម្ម អំពីវិធានការអនាម័យ និងភូតគាមអនាម័យឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់ភាគីចិន។

ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម នឹងខិតខំជំរុញឱ្យក្រុមហ៊ុន ធ្វើការកែលម្អនូវចំណុចខ្វះខាត ឱ្យបានលឿនបំផុត ដើម្បីឈានទៅសម្រេចឱ្យខាងតែបានក្នុងការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន នៅក្នុងឆ្នាំនេះ។

ឯកឧត្តមបានបញ្ជាក់ថា មូលហេតុចម្បងនៃការអូសបន្លាយពេលវេលាលើការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការអនុញ្ញាតឱ្យកម្ពុជា នាំផ្លែស្វាយស្រស់ចេញពីកម្ពុជានោះ គឺ១. ការយល់ដឹងរបស់កម្ពុជាទាក់ទងទៅនឹងការគ្រប់គ្រង អនាម័យនិងភូតគាមអនាម័យ (ទាំងការនាំចូលនិងនាំចេញផលិតផលកសិកម្ម និងទាំងការដាំដុះដំណាំ) នៅមានកម្រិត ដោយព្រះរាជាណាចក្រកម្ពុជាយើង ពុំទាន់មានច្បាប់ស្តីពី អនាម័យនិងភូតគាមអនាម័យនៅឡើយដែរ ។ ២. ផ្លែស្វាយជាប្រភេទផ្លែឈើមួយដែលមានសក្តានុពល ផ្ទុកពងរុយ ដែលនឹងអាចចាប់ផ្តើមញាស់ជាដង្កូវ ហើយក្លាយជាសត្វរុយ អាចទៅបំផ្លាញដំណាំនានានៅក្នុងប្រទេសនាំចូល ដែលមានភូមិសាស្រ្តស្ថិតនៅក្នុងតំបន់ មានស្ថានភាពនៃអាកាសធាតុ និងបរិស្ថាន ប្រហាក់ប្រហែលគ្នា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម បានដំណើរការត្រួតពិនិត្យចម្ការស្វាយ និងរោងចក្រប្រព្រឹត្តកម្មពងរុយក្នុងផ្លែស្វាយ តាមអនឡាញជាមួយភាគីគយនៃខេត្តក្វាងស៊ី តំណាង អគ្គរដ្ឋបាលគយនៃ សាធារណរដ្ឋប្រជាមានិតចិននៅលើទីតាំងដែលបានគ្រោងទុកដូចជា ចម្ការស្វាយ UCDL Development Co.,Ltd , ចម្ការស្វាយ Angkor Harvest Co.,Ltd , ចម្ការស្វាយ Bamin Agriculture Hi-Tech Development Co.,Ltd , រោងចក្រ ប្រព្រឹត្តកម្មពងរុយចោះផ្លែស្វាយLong Wo Agriculture (Cambodia) Co.,Ltd ,រោងចក្រប្រព្រឹត្តកម្មពងរុយចោះផ្លែស្វាយ AL JAZEELAND FOOD PTE. LTD , រោងចក្រប្រព្រឹត្តកម្មពងរុយចោះផ្លែស្វាយ BOEUNG KET FRESH FRUITS Co.,Ltd និង រោងចក្រប្រព្រឹត្តកម្មពងរុយចោះផ្លែស្វាយ HYUNDAI AGRO (CAMBODIA) CO.,Ltd ។

កាលពីខែមករា ឆ្នាំ ២០២០ កម្ពុជាសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសចិនសម្រាប់កូតានាំចេញផ្លែស្វាយស្រស់ ៥០ ម៉ឺនតោន ក្នុង ១ ឆ្នាំ។

សូមបញ្ជាក់ថា កម្ពុជាបាននាំចេញផលិតផលកសិកម្មក្រៅពីអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រេចបាន ១,៥៩៩,៩២២ តោន ក្នុងរយៈពេល ២ ខែដើមឆ្នាំនេះ កើនឡើង៥៥,២៧ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះផ្លែស្វាយមាន ៤៣,៦៨០ តោន៕

អត្ថបទទាក់ទង