ខ្មែរប៉ុស្ដិ៍ Close

ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្ដការព្យាយាមរបរចិញ្ចឹមត្រី

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 48
ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្ដការព្យាយាមរបរចិញ្ចឹមត្រី ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្ដការព្យាយាមរបរចិញ្ចឹមត្រី

ភ្នំពេញ÷រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្ដការព្យាយាមរបរចិញ្ចឹមត្រី ដើម្បីលើកកម្ពស់វិស័យវារីវប្បកម្មក្នុងស្រុក ធានាដល់ការផ្គត់ផ្គង់ហូបចុករបស់ ប្រជាពលរដ្ឋ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋបន្ដព្យាយាម និងខិតខំប្រឹងប្រែងក្នុងការប្រកាន់ភ្ជាប់របរចិញ្ចឹមត្រី ដើម្បីបំពេញតម្រូវការទីផ្សារ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

លោក វេង សាខុនក៏បានណែនាំដល់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងមន្ទីររាជធានី-ខេត្តទាំងអស់ត្រូវខិតខំសិក្សាស្រាវជ្រាវ ពិសោធ ន៍និងផលិតពូជត្រី ដែលមាន គុណភាពសម្រាប់លើកកម្ពស់ការងារបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ ដើម្បីបង្កើនគុណ ភាពផលត្រី និងភាពប្រកួត ប្រជែង ផ្តល់ការលើកទឹកចិត្ត និងជួយផ្សាភ្ជាប់រវាងវារីវប្បករដែលជាអ្នកផលិតនិងអ្នកប្រមូលទិញ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការលួចនាំចូលខុសច្បាប់ ដើម្បីធានាបានទីផ្សារក្នុងស្រុកជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

លោក សុខ ហៃ ជាប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរចិញ្ចឹមត្រីក្នុងខេត្ដកំពង់ឆ្នាំងបានបញ្ជាក់ថា លោកនឹងបន្ដមុខរបរចិញ្ចឹមត្រី និងឈានទៅពង្រីកការចិញ្ចឹមបន្ថែមទៀតនាពេលខាងមុខ ដើម្បីធានាដល់តម្រូវការផ្គត់ផ្គង់ត្រីនៅលើទីផ្សារដែលធ្វើឱ្យជីវភាពគ្រួសារកាន់តែល្អប្រសើរ។ លោកបានប្រកាន់ យករបរចិញ្ចឹត្រីនេះបានជាង ៣ឆ្នាំ មកហើយដោយមានស្រះធំៗ ចំនួន ២ស្រះ ក្នុងស្រះនីមួយៗគាត់ ដាក់ចិញ្ចឹមកូនត្រីប្រាប្រមាណជា ១០០ ពាន់ ទៅ ១៣០ពាន់ក្បាល ដែលពេលវេលានៃការដាក់កូនត្រីពូជចិញ្ចឹមមានគម្លាតពេលខុសៗគ្នាពីស្រះមួយទៅស្រះមួយទៀត។

លោកបន្ថែមថា ក្នុងមួយរដូវកាលនៃការដាក់កូនត្រីចិញ្ចឹមលោកអាចប្រមូលផលត្រីក្នុងបរិមាណសរុបប្រមាណពី ៥០ទៅ ៨០តោនក្នុង១ ស្រះ ខណៈបច្ចុប្បន្ននេះ កសិដ្ឋានរបស់លោកមិនមានបញ្ហាទីផ្សារនោះទេ គឺមានការទទួលបញ្ជាទិញជាប្រចាំ និងក្នុងតម្លៃសមរម្យដែលទទួលបានគឺក្នុង១គីឡូក្រាម ៥០០០រៀល៕

អត្ថបទទាក់ទង