ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្ត​អ្នក​អាន៖ វិធានការ​ច្បាប់​នឹង​ត្រូវ​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់​បំផុតចំពោះ​ជន ឬក្រុម​ប៉ុន​ប៉ងបំផ្លាញ​សន្តិភាព!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 67
ទស្សនៈមិត្ត​អ្នក​អាន៖ វិធានការ​ច្បាប់​នឹង​ត្រូវ​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់​បំផុតចំពោះ​ជន ឬក្រុម​ប៉ុន​ប៉ងបំផ្លាញ​សន្តិភាព! ទស្សនៈមិត្ត​អ្នក​អាន៖ វិធានការ​ច្បាប់​នឹង​ត្រូវ​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់​បំផុតចំពោះ​ជន ឬក្រុម​ប៉ុន​ប៉ងបំផ្លាញ​សន្តិភាព!

មន្ត្រី​អង្គការសង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាពធ្វើ​នយោ បាយ​​​របស់​​ប្រជាពលរដ្ឋ ​ដោយ​ចាត់​ទុក​​ថា រដ្ឋាភិបាល​ធ្វើ​ទុក្ខ​បុកម្នេញសកម្មជន​ និងអ្នក​គាំទ្រ​អតីតគណបក្ស​ប្រឆាំង​ដែល​ត្រូវ​​បាន​តុលាការ​រំលាយ​ចោល​ទៅ​ហើយ​នោះ។ ​​​តើ​សកម្ម​ជន និង​អ្នកគាំទ្រអតីត​បក្ស​ប្រឆាំង​ បាន​ធ្វើ​សក​​ម្មភាព​អ្វី​ខ្លះ ទើប​​បានជា​អាជ្ញាធរ​មូល​ដ្ឋាន ​ត្រូវ​តែចាត់​វិធានការច្បាប់​យ៉ាង​តឹង​រ៉ឹង​ដោយ​គ្មាន​ការ​យោគយល់ ដែល​អង្គការសង្គម​ស៊ីវិល​ហៅ​ថា ជាការ​រឹតត្បិត​សិទ្ធិ​សេរីភាព​​នយោបាយ​របស់​ប្រជា​ពលរដ្ឋ​នោះ​?
ជាអ្នក​តាម​ដាន​នយោបាយ និង​សង្គម​ម្នាក់ ខ្ញុំ​មិនយល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​​ក្រៅ​រដ្ឋា​ភិបាលទាំង​​នោះទេ ក៏ប៉ុន្តែ​ខ្ញុំ​​​យល់​​ស្រប​ថា អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​និន្នា​ការ​​នយោបាយ​នោះ គ្រាន់​តែ​ជាការ​កេង​ចំណេញ​រូប​ភាព​នយោបាយឲ្យ​ក្រុម​ប្រឆាំងប៉ុណ្ណោះ ដើម្បីបំពេញ​ចិត្ត​​​​បរទេស​​​ជាម្ចាស់​​ជំនួយ ​ដែល​អាច​និយាយ​បាន​ថា ជាម៉ែ​ឪរបស់​ក្រុម​ប្រឆាំង​ផង​ដែរ។

គួរ​ដឹង​ថា អតីត​បក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការកំពូល​កាល​ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​​សម្រេច​រំលាយ​ដោយ​បិទផ្លូវ​តវ៉ា និង​ហាម​ធ្វើ​សកម្ម​ភាព​នយោបាយ​រយៈពេល ៥ឆ្នាំ​ របស់​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​ចំនួន ១១៨រូប ក្នុង​សំណុំ​​រឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា អតីត​ប្រធានបក្ស​ប្រឆាំង ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។ ដូច្នេះ​ រាល់​ការ​ធ្វើ​សកម្ម​ភាព​នយោបាយ​របស់​បុគ្គ​ល​គ្រប់​រូប រួម​ទាំង​សកម្ម​ជន​អតីតបក្ស​ប្រឆាំងផង​ ទាក់​ទង​​នឹង​​​អតីត​គណបក្ស​​ប្រឆាំង ​ដែល​តុលាការ​កំពូល​បាន​ហាម​ឃាត់​ គឺ​ជា​អំពើបំពាន​​ច្បាប់​។
តើ​សកម្មជន​អតីត​បក្ស​ប្រឆាំង​ បច្ចុប្បន្ន​ធ្វើ​​សកម្ម​ភាព​ក្នុង​នាម​គណបក្ស​នយោបាយណា​មួយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា? បើ​ធ្វើ​សកម្ម​ភាព​បម្រើ​ឲ្យ​អតីត​បក្ស​ប្រឆាំង ដែលតុលាការ​​​រំលាយ​ចោល​ទៅហើយ​នោះ គឺ​ជា​អំពើ​ល្មើស​ច្បាប់​ ប្រឆាំង​នឹង​សាល​ដីកា​របស់​តុលាការ​កំពូល និង​ជា​ចេតនា​ប៉ុន​ប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល ​តាម​ការ​ញុះញង់​របស់​ទណ្ឌិត សម រង្ស៊ី មេឧទ្ទាម​ចលនា​ប្រឆាំង​ក្រៅ​ច្បាប់​ ដែល​កំណត់​ថ្ងៃវិលចូល​ស្រុក​ ធ្វើ​បដិវត្ត​ន៍ពណ៌ជា​ថ្មី​ទៀតនៅ​ថ្ងៃទី​៩វិច្ឆិកាខាង​មុខ ​ក្រោយ​បរាជ័យ​យ៉ាង​អាម៉ាស់​កាល​ពី​ឆ្នាំ​២០១៣។

​គួរកត់​សម្គាល់​ថា ​លោក សម រង្ស៊ី មេចលនា​ឧទ្ទាម​ប្រឆាំង​ក្រៅ​ច្បាប់​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ងើប​ឡើង​បះបោរ​​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពីការ​បោះ​ឆ្នោត។ បើ​តាម​ព័ត៌មាន​បែកធ្លាយ គឺ​លោក សម រង្ស៊ី បាន​ជួល​សកម្ម​ជន​ស្ម័គ្រ​ស្លាប់​​​ក្នុង​មួយ​ខេត្ត​ ១០០នាក់ និង​ផ្តល់​ប្រាក់​ ១ម៉ឺន​ដុល្លារ ដើម្បី​បង្កភាព​វឹកវរ ចលាចល​សង្គម ក្នុង​ថ្ងៃទី៩វិច្ឆិកា​ខាង​មុខ ដែល​ទណ្ឌិតរូប​នេះកំណត់​ពេល​វិល​ចូល​ស្រុកវិញ។ ក៏ប៉ុន្តែ​អ្វី​ដែល​ច្បាស់​នោះ គឺ​ទណ្ឌិតរូប​នេះ នឹងគ្មាន​ភាព​ក្លាហានហ៊ាន​វិល​ចូល​ស្រុក​វិញទេ អ្វី​ដែល​ជា​បញ្ហា​ គឺ​ប្រសិន​បើ​បំណង​របស់​ទណ្ឌិត សម រង្ស៊ី ធ្វើ​បាន​សម្រេចមែន​ ​នោះ​ប្រទេស​ជាតិ​ នឹង​មាន​ភាព​វឹកវរ​ ចលាចល​ អសន្តិសុខ​សង្គម​ ជា​មិន​ខាន​ឡើយ។ ហេតុ​ដូច្នេះហើយ​ បាន​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ត្រូវ​តែ​ចាត់​វិធានការ​ច្បាប់​តឹង​រឹងបំផុតចំពោះបុគ្គល ឬ​ក្រុម​ណាមួយ ​​ដែល​ប៉ុនប៉ងចង់​បំផ្លាញ​ សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​ ដែលរាជរដ្ឋាភិបាល​​រកបាន​​ដោយ​លំបាក​ជាទី​បំផុតនេះ​។

ការ​ធ្វើ​សកម្ម​ភាព​នយោបាយ​របស់​​សកម្ម​ជនអតីត​បក្ស​ប្រឆាំង ត្បិតថា ​ជា​សិទ្ធិ​សេរីភាពរបស់​បុគ្គលគ្រប់​រូប​ ​ដែល​មាន​​​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញព្រះរាជាណាចក្រកម្ពុជា​ ​ដែល​ជា​ច្បាប់​កំពូល​របស់ជាតិក៏ពិតមែន ក៏ប៉ុន្តែ​ វា​ជា​សកម្ម​ភាព​បំពាន​នឹង​ច្បាប់។ បំពាន​ច្បាប់ គឺ​ពួកគេ​ទៅទទួលយក​ផែន​ការ​របស់បរទេស​តាម​រយៈទណ្ឌិត សម រង្ស៊ី បំផុស​បំផុល​ឲ្យ​មានការ​ប្រមូលផ្តុំជួប​ជុំ​​ ដើម្បី​បង្ក​ភាព​វឹកវរ ចលាចល​ នៅ​ថ្ងៃទី​៩វិច្ឆិកា​ខាង​មុខ​។ ​គួរ​ដឹង​ថា ការទទួល​យក​ផែនការ​របស់​ទណ្ឌិត សម រង្ស៊ី មក​អនុវត្ត គឺ​ជា​សកម្មភាព​គាំទ្រ​ និង​បង្កើត​ឲ្យ​មាន​បដិវត្តន៍ពណ៌ជា​ថ្មី​ទៀត​នៅកម្ពុជាដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាលស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោតតាម​បែប​មិនប្រជាធិបតេយ្យ​នេះ គឺ​មិនមែន​ជា​អ្វី​ ដែល​​ជា​សេចក្តី​ប៉ង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​រស់​នៅក្នុង​សុខ​សន្តិភាពនោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ប្រជាពល​រដ្ឋ​មាន​តែជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ចាត់​វិធានការ​ម៉ឺងម៉ាត់​ថែម​ទៀត ដើម្បី​បង្ការ​ភាព​អន្តិសុខ​ផ្សេងៗដែល​បង្កឡើង​ដោយ​ក្រុម​ប្រឆាំង។

យ៉ាង​ណា​មិញ បើ​និយាយ​ថា រដ្ឋាភិបាល​រឹត​ត្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​នយោបាយ​ គឺខុសស្រឡះតែម្តង​ ពី​ព្រោះ​ថា នៅកម្ពុជា​មាន​គណបក្ស​នយោបាយ​ចំនួន២០ បាន​ចូល​រួម​ក្នុងការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណា​ង​​​​រាស្ត្រ​អាណត្តិទី​៦ កាល​ពី​ឆ្នាំ​២០១៨ ហើយ​បច្ចុប្បន្នបាន​និង​កំពុង​ធ្វើ​សកម្ម​ភាព​យ៉ាង​ទូលាយនៅ​តាម​មូល​ដ្ឋាន​នានាទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ដូច​ជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរក្រោក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ គណបក្ស​ឆន្ទៈខ្មែរ ជា​ដើម​។ល។

គណបក្ស​ច្រើន​លើសលប់​បាន​សម្រេ​ច​ចិត្ត​ចូល​រួម​ក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដើម្បី​រួម​ចំណែក​​កសាង និង​អភិវឌ្ឍន៍​ប្រទេស ឲ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត ក្នុង​ន័យ​ថា ជា​ភ្នែក​ ច្រមុះ មើល​ពី​ចំណុច​អសកម្ម​ ចំណុច​អវិជ្ជមាន​របស់​មន្ត្រី​អនុវត្ត​ច្បាប់​។ ​បើ​ដូច​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​និយាយ​ថា កម្ពុជា​​រឹតត្បិតសេរីភាពពលរដ្ឋ​ក្នុង​ការ​ធ្វើ​នយោបាយ ម្ល៉េះ​សម​ពួកគេ​ទាំង​អស់​នោះ មិន​អាច​ធ្វើ​សកម្ម​ភាព​នយោបាយបាន​ទេ ក៏ប៉ុន្តែ​​ផ្ទុយ​ទៅវិញ ពួក​គេ​ទាំង​អស់​នោះ មាន​សិទ្ធិ​កោះហៅ​មន្ត្រី រហូត​ដល់​រដ្ឋមន្ត្រី​តាម​ក្រសួង​នីមួយ​ៗទៅ​ឆ្លើយ​បំភ្លឺ​ពី​ចម្ងល់​​របស់​ពួក​គេថែមទៀត​ផង៕

ដោយ៖ សុខ សុវណ្ណ

អត្ថបទទាក់ទង