ខ្មែរប៉ុស្ដិ៍ Close

មន្រ្តីរាជការដែលជាអ្នកផ្តល់សេវាសាធារណៈមានឱកាសបង្កើននូវការទំនាក់ទំនងមិត្តភាព សមត្ថភាព និងការទទួលខុសត្រូវ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
មន្រ្តីរាជការដែលជាអ្នកផ្តល់សេវាសាធារណៈមានឱកាសបង្កើននូវការទំនាក់ទំនងមិត្តភាព សមត្ថភាព និងការទទួលខុសត្រូវ មន្រ្តីរាជការដែលជាអ្នកផ្តល់សេវាសាធារណៈមានឱកាសបង្កើននូវការទំនាក់ទំនងមិត្តភាព សមត្ថភាព និងការទទួលខុសត្រូវ

មន្ត្រីរាជការទាំងអស់ដែលជាអ្នកផ្តល់សេវាសាធារណៈ មានឱកាសបង្កើននូវការទំនាក់ទំនង មិត្តភាព សមត្ថភាព និងការទទួលខុសត្រូវ ហើយវាក៏បានឆ្លុះបញ្ចាំងឱ្យយើងឃើញអំពីចំណុចខ្វះខាតនៃកិច្ចសហប្រតិបត្តិការរវាងសមាជិកក្នុងក្រុម អង្គភាព សហគ្រាស និងគ្រឹះស្ថាន ដែលពាក់ព័ន្ធដូចជា វិស័យកាត់ដេរ និងផលិតស្បែកជើងជាដើម។ នេះជាការលើកឡើងរបស់ លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា(គ.ក.ប) ក្នុងពិធីអញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍខ្លួន និងភាពជាអ្នកដឹកនាំ «Personal Growth & Leadership» នាល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

លោក ទេស រុក្ខាផល បានបញ្ជាក់ថា វគ្គសិក្សានេះពិតជាបានផ្តល់ចំណេះដឹងដល់សិក្ខាកាមជាមន្រ្តីរាជការ បានយល់ដឹង ផ្លាស់ប្តូរឥរិយាបថ មានសមត្ថភាព និងត្រៀមខ្លួនជាមុន ដើម្បីចូលរួមចំណែកអនុវត្តឱ្យទទួលបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងវិញទៀត វគ្គនេះក៏បានជួយបង្កើនភាពជាអ្នកដឹកនាំ ជាពិសេសជំនាញការអភិវឌ្ឍខ្លួន និងភាពជាអ្នកដឹកនាំដល់មន្ត្រីរាជការរបស់យើងផងដែរ។ លោកបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ក្រុមហ៊ុន Aplus consulting ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ព្រមទាំងអគ្គភាពពាក់ព័ន្ធ ដែលបានលើកទឹកចិត្ត និងគាំទ្រដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់បន្ត បើកវគ្គបណ្តុះបណ្តាល រួមទាំងសហការជាមួយដៃគូពាក់ព័ន្ធដើម្បីអភិវឌ្ឍន៍ធនធានមនុស្សដែលជាការវិនិយោគរយៈពេលវែង សំដៅបង្កើនសមត្ថភាព ប្រសិទ្ធភាព និងផលិតភាពការងារជូនក្រសួង ក៏ដូចជាការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

តាមរយៈចំណាប់អារម្មណ៍របស់តំណាងសិក្ខាកាម និងលោកគ្រូ អួង បូរិន ស្តីពីលទ្ធផលនៃវគ្គបណ្តុះបណ្តាលរយៈពេល០៣ថ្ងៃ នេះអាចវាយតម្លៃបានថា មន្ត្រីរាជការទាំងអស់ពិតជាទទួលបានបទពិសោធន៍ និងជំនាញៗថ្មី ក្នុងនោះរួមមាន៖ ១. ការអភិវឌ្ឍខ្លួនឯង និងការរៀនសូត្រ ២. ការប្រឈម និងដំណោះស្រាយក្នុងក្រុមការងារ ៣. ឥរិយាបថធ្វើការដែលគ្មានវិជ្ជាជីវៈ
៤. ឥរិយាបថធ្វើការដែលមានវិជ្ជាជីវៈ ៥. លក្ខណៈប្រណិតរបស់បុគ្គលិកឆ្នើម ៦. ភាពជាអ្នកដឹកនាំផ្ទាល់ខ្លួន ៧. ការដឹកនាំអ្នកដឹកនាំ ឬមេ៕