សិទ្ធិសេរីភាព និង ប្រជាធិបតេយ្យត្រូវឈរលើនីតិរដ្ឋ
តាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរីថ្មីៗនះ អំពីសេចក្ដីប្រកាសព័ត៌មានរបស់អ្នករាយការណ៍ពិសេសមួយក្រុមរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៦ ខែកក្កដា ដែលបានរម្លឹករបបលោក ហ៊ុន សែន សាជាថ្មីថា សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចិរភាព គឺមិនអាចខ្វះការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបាននោះទេ។ ការលើកឡើងរបស់ក្រុមសិទ្ធិមនុស្សអន្តរជាតិទាំងនេះ ពិតជាបានបង្ហាញនូវទស្សនៈមិនប្រាកដនិយមមួយ ដែលមិនឆ្លើយតបទៅនឹងតថភាពជាក់ស្តែងក្នុងសង្គមកម្ពុជា ដែលជាកត្តាបង្កើតឱ្យមានការយល់ខុស និងយល់ដឹងមិនត្រឹមត្រូវដែលប្រទេសមួយមិនអាចទទួលយកបាន។ តើសិទ្ធិសេរីភាព និង ប្រជាធិបតេយ្យជាអារហារចាំបាច់នៃទេវតាបស្ចឹមប្រទេសតម្រូវឱ្យកម្ពុជាត្រូវទទួលយកទាំងដុលឬ?
សិទ្ធិសេរីភាព និង ប្រជាធិបតេយ្យត្រូវតែឈរលើនីតិរដ្ឋរឹងមាំ ឆ្លើយតបទៅនឹងតថភាពជាក់ស្តែងនៃសង្គមនយោបាយ សេដ្ឋកិច្ច វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនានៃប្រទេសកម្ពុជា។ ក្នុងទស្សនៈប្រាកដនិយមក្នុងបរិបទសង្គមខែ្មរ ដែលធ្លាប់ទទួលរងការបំផ្លិចបំផ្លាញហិនហោចស្ទើតែទាំងស្រុងនៃហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់ផ្នែក គ្រប់វិស័យ និង ការបាត់បង់ធនធានមនុស្សដោយសារតែភ្លើងសង្រ្គាមផ្ទៃក្នុងកន្លងមក ដែលចាំបាច់ត្រូវធានាការពារ ជ្រោងទង់សន្តិភាព ស្ថិរភាពសង្គមឲ្យបានរឹងមាំ ពិសេស ការកសាង និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនឱ្យបានល្អប្រសើរ គឺជាលក្ខណខណ្ឌចាំបាច់សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជាមួយនេះ។
ក្នុងបរិបទសង្គមកម្ពុជាបច្ចុប្បន្ន ការលើកច្រំដែលៗអំពីសិទ្ធិសេរីភាព និង លទ្ធិប្រជាធិបតេយ្យ ជាការពិត វាគ្រាន់តែជាការតស៊ូមតិខាងនយោបាយមួយក្នុងចំណោមកម្លាំងនយោបាយក្នុងប្រទេសមួយ ដើម្បីទទួលបានអំណាចពីប្រជាជនជាម្ចាស់ឆ្នោតដោយឈរលើមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។ សិទ្ធិសេរីភាព និង ប្រជាធិបតេយ្យ ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាគោលការណ៍គ្រឹះដើម្បីអនុវត្ត។ ក៏ប៉ុន្តែ សិទ្ធិសេរីភាព និង ប្រជាធិបតេយ្យ ពិតជាមានចំណងទាក់ទងគ្នាជាមួយនឹងនីតិរដ្ឋ។ ដូច្នេះហើយសិទ្ធិសេរីភាព និង ប្រជាធិបតេយ្យត្រូវឈរលើនីតិរដ្ឋត្រឹមត្រូវ។ ប្រសិនបើ គ្មាននីតិរដ្ឋ ប្រជាធិបតេយ្យនឹងក្លាយទៅជាអាណាធិបតេយ្យប្រទេសលែងមានច្បាប់ សង្គមគ្មានសណ្តាប់ធ្នាប់ ឈានទៅដល់ចលាចលសង្គមដែលមិនអាចគ្រប់គ្រងបាន។
នៅពេលគេនិយាយអំពីនីតិរដ្ឋ គឺ សំដៅការបង្កើតច្បាប់ និង ការអនុវត្តច្បាប់ដែលតាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា៖ នីតិ (ន) មានន័យថា ច្បាប់, ឧបាយជាគ្រឿងណែនាំ, បែបផែន,ទំនៀមទម្លាប់ប្រពៃណី។ រដ្ឋ (ន) មានន័យថា ប្រទេស, ដែន, រាស្ត្រ,ប្រជាជន។
ក៏ប៉ុន្តែ ដើម្បីបាងាយយល់អំពីនិយមន័យនៃនីតិ គឺ៖ ទី១) រដ្ឋមានច្បាប់៖ នៅកម្ពុជា អ្នកដែលមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់ គឺ រដ្ឋាភិបាល និងរដ្ឋសភា ទី២) រដ្ឋដែលអនុវត្តន៍ច្បាប់៖ នៅកម្ពុជា អ្នកដែលអនុវត្តច្បាប់ គឺតុលាការ។ ទី៣) ស្មើភាពគ្នាចំពោះមុខច្បាប់ មានន័យថា ការអនុវត្តច្បាប់ ត្រូវធ្វើដោយស្មើភាពគ្នា ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ សាសនា។
ជាការពិត ប្រជាធិបតេយ្យមិនមែនជាទ្រឹស្តីថ្មី ឬទម្រង់ដឹកនាំថ្មីនោះទេសម្រាប់កម្ពុជា ពីព្រោះសង្គមកម្ពុជាក៏ធ្លាប់មានរបៀបដឹកនាំប្រទេសតាមប្រជាធិបតេយ្យផងដែរ។ ក្នុងសម័យអាណានិគមនិយមបារាំង ពិសេស ក្នុងឆ្នាំ១៩៤៧ កម្ពុជាចាប់ផ្តើមានរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យមួយ មិនមែនប្រជាធិបតេយ្យ ទើបតែបានកើតឡើងក្នុងឆ្នាំ១៩៩៣នោះទេ។ ក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបោះពុម្ភផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យថា «ប្រជាធិបតេយ្យ» មានន័យថា «ភាពនៃប្រទេស ដែលមានប្រជារាស្រ្ត ជាអធិបតី គឺប្រទេស ឬរដ្ឋបាល ដែលមានប្រជាជនជាធំ ក្នុងការជ្រើសរើសតំណាងរបស់ខ្លួនឱ្យជាអ្នកសម្រេចកិច្ចការក្នុងប្រទេស » ។
ពាក្យថា «ប្រជាធិបតេយ្យ» ភាសាអង់គ្លេសថា «Democracy» ភាសាក្រិចមាន ២ ពាក្យថា «Demos» មានន័យថា «ប្រជាជន» និងពាក្យថា «Kratos» មានន័យថា «អំណាច» កាលបើរួមពាក្យទាំងពីរនេះចូលគ្នាមានន័យថា «អំណាចរបស់ប្រជាជន» ឬថា «ប្រជាជនជាម្ចាស់នៃអំណាច» ។
សម្រាប់បរិបទនៃប្រទេសកម្ពុជាបច្ចុប្បន្ន លទ្ធិប្រជាធិបតេយ្យ ត្រូវឈរលើនីតិរដ្ឋរឹងមាំយ៉ាងប្រាកដ ដើម្បីឆ្លើយតបទៅនឹងតថភាពជាក់ស្តែងក្នុងសង្គមនយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រពៃណី ព្រមទាំងជំនឿសាសនា ព្រមទាំងឆ្លើយទៅនឹងលក្ខណៈពិសេសនៃស្ថានភាពធ្លាក់ចុះបាក់បែកនៃសង្គមកម្ពុជាអស់ជាច្រើនទសវត្សកន្លងមក ដែលពិបាកស្តារ និងកសាងឡើងវិញ លើគ្រប់ផ្នែក គ្រប់វិស័យនៃសង្គមទាំងមូល។ ដូច្នេះហើយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ មិនអាចត្រូវបានប្រទេសណាមួយចាំបាច់ត្រូវចម្លងពីប្រទេសមួយទៅប្រទេសមួយបានឡើយ» ពោល គឺ ប្រជាធិបតេយ្យអាចនឹងឋិតឋេរ គង់វង្ស និងអភិវឌ្ឍស្របតាមលក្ខណៈដោយឡែកទៅតាមប្រវត្តិសាស្ត្រ នយោបាយ សង្គម សេដ្ឋកិច្ច និងស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយៗជាចាំបាច់។
ជារួម ពួកបស្ចឹមប្រទេស ដែលបានបង្កើតអារហារប្រជាធិបតេយ្យ ឬ យើងអាចនិយាយបានថា ដូចជានំភីហ្សា ឬ ដូណាត់ អាចជាអារហារសមរម្យសម្រាប់ប្រជាជននៅបស្ចឹមប្រទេសអាចញ៉ាំបានគ្រប់គ្នារាល់ថ្ងៃបាន។ ប៉ុន្តែនៅកម្ពុជា អារហារបែបនោះ មិនអាចញ៉ាំបានគ្រប់គ្នាទេ។ សិទ្ធិសេរីភាព និង ប្រជាធិបតេយ្យ ដែលអ្នករាយការណ៍ពិសេសមួយក្រុមរបស់អង្គការសហប្រជាជាតិបានលើកឡើងនោះ វាជាទ្រឹស្តីទូទៅ ក្នុងការគ្រប់គ្រងរដ្ឋមួយ ហើយដែលការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ គឺ មិនមានស្តង់ដារជាក់លាក់ ត្រូវកំណត់អំពីសិទ្ធិសេរីភាព និង ប្រជាធិបតេយ្យនៅក្នុងពិភពលោកនេះទេ សូម្បីប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ក៏មានវិបត្តិជាមួយនឹងការបោះឆ្នោតជ្រើសតាំងលោក ដូណាល ត្រាំ ជាប្រធានាធិបតីកន្លងមក ហើយការធ្វើប្រជាមតិនៅប្រទេសអង់គ្លេសអំពីប្រ៊េចស៊ីត (Brexit) ក៏កំពុងមានវិបត្តិដូចគ្នា។
ដូច្នេះហើយ ប្រទេសនីមួយៗចាំបាច់ត្រូវជ្រើសរើសទម្រង់ ឬ របៀបដឹកនាំមួយ ដែលត្រូវឆ្លើយតបទៅនឹងអ្វីដែលប្រាកដនិយម តថភាពជាក់ស្តែង ស្របតាមលក្ខណៈដោយឡែកនៃសង្គមនយោបាយ សេដ្ឋកិច្ច ទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនារបស់ខ្លួនជាចាំបាច់។ ហើយរដ្ឋធម្មធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ គឺ ជាច្បាប់កំពូលនៃប្រទេស ដែលបានកំណត់ជាគោលការណ៍គ្រឹះសម្រាប់ការដឹកនាំរដ្ឋ ដោយបានកំណត់ថា កម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលឆ្លើយតបទៅនឹងលក្ខណៈពិសេសបរិបទនយោបាយសង្គមខ្មែរ។ ក្នុងទស្សនៈប្រាកដនិយម សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីធ្វើប្រជាធិបតេយ្យមួយអាចចាក់គ្រឹះរឹងមាំនៅកម្ពុជាឋិតឋេរយូរអង្វែងទៅបាន គឺកត្តាសន្តិភាព ស្ថិរភាពសង្គមកម្ពុជាត្រូវបានពង្រឹង ការពារលើមូលដ្ឋាននៃការបង្កើតច្បាប់ និងអនុវត្តច្បាប់ត្រឹមត្រូវ ស្របនឹងការអភិវឌ្ឍធនធានមនុស្ស និងជីវភាពប្រជាជនកាន់តែល្អប្រសើរ ដែលនឹងអាចធានាបាននូវការគ្រប់គ្រង ឬ ការដឹកនាំរដ្ឋមួយខ្លាំង ហើយរឹងមាំឋិតឋេរយូរអង្វែង៕
ដោយ ឡុង បូរិតា