ខ្មែរប៉ុស្ដិ៍ Close

ថៃគឺជាប្រទេសដែលប្រជាធិបតេយ្យមានភាពល្អប្រសើរជាងមុនបំផុត របស់ EIU នៅក្នុងឆ្នាំ ២០២២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 59
ថៃគឺជាប្រទេសដែលប្រជាធិបតេយ្យមានភាពល្អប្រសើរជាងមុនបំផុត របស់ EIU នៅក្នុងឆ្នាំ ២០២២ លោកប្រាយុទ្ធ ចាន់អូចា

លទ្ធិ​ប្រជាធិបតេយ្យ​មាន​សភាព​ទ្រុឌទ្រោម​នៅក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​នៅក្នុងតំបន់​អាស៊ី។ កងទ័ពមីយ៉ាន់ម៉ាបានបណ្តេញលោក ស្រី Aung San Suu Kyi ដែលជា មេដឹកនាំស៊ីវិលរបស់ប្រទេស តាមរយៈរដ្ឋប្រហារ។ ទេវាធិបតេយ្យ (Theocracy) ដែលគ្រប់គ្រងដោយគ្រឿងញៀន បានឡើងដឹកនាំប្រទេសអាហ្វហ្គានីស្ថាន។

ប្រទេសចិននិងហុងកុងបានក្លាយជាប្រទេសផ្តាច់ការកាន់តែខ្លាំង ហើយសេរីភាពនៅទូទាំងតំបន់បានរងនូវការធ្លាក់ចុះ ចាប់តាំងពីឆ្នាំ ២០១៥ ជិតដល់កម្រិតទាបបំផុតនៅក្នុងសន្ទស្សន៍ប្រជាធិបតេយ្យ ដែលជាចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន EIU ( Economic Intelligence Unit)។

ប៉ុន្តែសញ្ញានៃក្តីសង្ឃឹមកំពុងលេចឡើង។ តំបន់អាស៊ីនិងអូស្ដ្រាលីដែលត្រូវបានដាក់បញ្ចូលគ្នាជាក្រុមនៅក្នុងសន្ទស្សន៍ បានជួបប្រទះនូវការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងឆ្នាំ ២០២២ ហើយប្រទេសថៃដែលគ្រប់គ្រងដោយអតីតឧត្តមសេនីយ ដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងឆ្នាំ ២០១៤ បានក្លាយជាប្រទេសប្រជាធិបតេយ្យ ដែលមានលក្ខណៈល្អប្រសើរបំផុតនៅក្នុងចំណាត់ថ្នាក់នេះ។ «ហេតុអ្វី?»

ក្រុមហ៊ុន EIU បានវាយតម្លៃប្រទេសដោយចែកចេញជា ៥ ក្រុមស្តីអំពីស្ថានភាពប្រជាធិបតេយ្យ ហើយបន្ទាប់មកបានចាត់ថ្នាក់រដ្ឋាភិបាលតាមមាត្រដ្ឋាន ១០ ចំណុច ដោយរាប់ចាប់ពីលទ្ធិប្រជាធិបតេយ្យពេញលេញរហូតដល់ផ្តាច់ការ។ តំបន់អាស៊ីនិងអូស្រ្ដាលីគឺជាប្រភពនៃរបបផ្តាច់ការចំនួន ៧ ដែលរួមមានទាំងអាហ្វហ្គានីស្ថាន, មីយ៉ាន់ម៉ា និងកូរ៉េខាងជើង ដែលជាប្រទេសដែលមានចំណាត់ថ្នាក់ទាបបំផុតទាំង៣ នៅក្នុងចំណោម ១៦៧ ប្រទេសនិងដែនដី នៅក្នុងសន្ទស្សន៍។

ប៉ុន្តែតំបន់នេះក៏មានរបបប្រជាធិបតេយ្យពេញលេញចំនួន ៥, របបកូនកាត់ចំនួន ៧ ដែលអាចរក្សាបាននូវសេរីភាពខ្លះ ក៏ប៉ុន្តែជារឿយៗត្រូវបានញាំញីដោយមេដឹកនាំដែលបំពានលើបទដ្ឋានប្រជាធិបតេយ្យ—និងលទ្ធិប្រជាធិបតេយ្យដ៏អន់ខ្សោយចំនួន ៩ ប្រទេស បូករួមទាំងប្រទេសថៃផងដែរ។

ការកើនឡើងរបស់ប្រទេសថៃពីចំណាត់ថ្នាក់ទី ៧២ នៅក្នុងសន្ទស្សន៍នៅក្នុងឆ្នាំ ២០២១ មកលេខរៀងទី ៥៥ កាលពីឆ្នាំមុន បានកើតឡើងមួយផ្នែកដោយសារវត្តមានរបស់ក្រុមប្រឆាំងនយោបាយល្អៗ។ គូប្រជែងជាមួយគណបក្សកាន់អំណាចបានទទួលនូវជ័យជម្នះដ៏សំខាន់នៅក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ ២០២២។

ពួកគេក៏បានដាក់ញត្តិប្រឆាំងនឹងលោក Prayuth Chan-ocha ផងដែរ ដោយបានចោទប្រកាន់ថា «លោកបានកាន់អំណាចហួសអាណត្តិកំណត់ ដែលត្រូវបានអនុញ្ញាតដោយរដ្ឋធម្មនុញ្ញ»។ លោក​ត្រូវ​បាន​ព្យួរ​ពី​តំណែង​ជាង​មួយ​ខែ​ នៅពេលដែល​តុលាការ​ដំណើរការរឿងក្តីនេះ។ លោក Prayuth បានសន្យាថានឹងរៀបចំការបោះឆ្នោតសកលនៅក្នុងខែឧសភា។

សត្រូវ​នយោបាយ​របស់​លោក​ Prayuth អាច​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ច្រើននៅក្នុងការបោះឆ្នោត។ ថៃក៏ជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីដំបូងគេបំផុតដែលបានបន្ធូរបន្ថយវិធានការកូវីដ-១៩ របស់ខ្លួននៅឆ្នាំ ២០២២ ដែលជាហេតុបានជួយពង្រឹងពិន្ទុរបស់ខ្លួន។ «ប្រទេស​អាស៊ី​ផ្សេង​ទៀត​ក៏​បាន​ឡើង​ចំណាត់​ថ្នាក់​ផងដែរ» «ដោយក្នុងនោះ ពិន្ទុរបស់កម្ពុជាបានកើនឡើងនូវភាគរយខ្ពស់បំផុតលំដាប់ទី២ នៅអាស៊ីកាលពីឆ្នាំមុន»។

«កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ខណៈដែល​គណបក្ស​កាន់​អំណាច ប្រហែលជា​មិន​អាច​ធានាបាន​នូវអាសនៈទាំង​អស់ឡើយ»។ ការ​វិវឌ្ឍ​បែប​នេះ​គួរ​តែជារឿងដែលត្រូវ​ប្រុង​ប្រយ័ត្ន។

អ្នក​សង្កេតការណ៍​ក៏​គួរ​តែមានការប្រុងប្រយ័ត្ន​ផងដែរចំពោះ​វឌ្ឍនភាព​របស់​ប្រទេស​ថៃ​។ កងទ័ពថៃនៅតែមានអំណាចតែងតាំងព្រឹទ្ធសភា, ជ្រើសរើសនាយករដ្ឋមន្ត្រី និងមានសិទ្ធិវេតូលើសមាជិកសភាដែលជាប់ឆ្នោត ហើយ​វា​ក៏មិនមានការធានាដែរថា «​មេដឹកនាំ​ថៃ​នឹង​រៀបចំការបោះឆ្នោតដោយ​សេរី​និង​យុត្តិធម៌​នៅ​ខែ​ឧសភា ឬ​នឹងយល់ព្រមទទួល​យក​លទ្ធផល​ប្រសិន​បើ​ពួកគេ​ចាញ់»។

ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ 2019​ បាន​រងនូវការរំខាន​ដោយ​ភាព​មិន​ប្រក្រតី។ នៅពេលដែលគណបក្សដែលរិះគន់ការគ្រប់គ្រងរបស់យោធាបានទទួលនូវប្រជាប្រិយភាពកាន់តែខ្លាំង វាក៏ត្រូវបានរំលាយ ហើយមេដឹកនាំរបស់បក្សនេះក៏ត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់ច្បាប់​ទាំងនេះ​ដើម្បី​ចាប់មនុស្ស​រាប់រយ​នាក់​ផ្សេង​ទៀត​ដាក់ក្នុងពន្ធនាគារ ហើយអ្នកដែលតាមដានស្ថានភាពសេរីភាពនៅតំបន់អាស៊ីអាចនឹងនៅតែមានការសង្ស័យលើបញ្ហានេះ៕

The Economist