ខ្មែរប៉ុស្ដិ៍ Close

សហរដ្ឋអាមេរិកអនុវត្តស្តង់ដារសិទ្ធិមនុស្ស ២ ប្រកបដោយការលាក់ពុត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 74
សហរដ្ឋអាមេរិកអនុវត្តស្តង់ដារសិទ្ធិមនុស្ស ២ ប្រកបដោយការលាក់ពុត សហរដ្ឋអាមេរិកអនុវត្តស្តង់ដារសិទ្ធិមនុស្ស ២ ប្រកបដោយការលាក់ពុត

ជាថ្មីម្តងទៀត រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចោទប្រកាន់លើមន្ត្រីរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខនៅបណ្ដាប្រទេសមួយចំនួនដូចជាចិន, ឥណ្ឌា, រុស្ស៊ី និងនៅហ្វីលីពីន ពីបទ «រំលោភសិទ្ធិមនុស្ស» ដោយផ្អែកលើរបាយការណ៍សិទ្ធិមនុស្សដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិកកាលពីពេលថ្មីៗនេះ។

របាយការណ៍នោះបានចោទប្រកាន់ប្រទេសចិនពីបទ «ប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» លើជនជាតិភាគតិចមូស្លីម Uyghurs ព្រមទាំងលើសមាជិកនៃក្រុមជនជាតិភាគតិច និងអ្នកកាន់សាសនាផ្សេងៗទៀតនៅតំបន់ Xinjiang។

របាយការណ៍នោះក៏បានលើកឡើងផង ដែរថា «មន្ត្រីរដ្ឋាភិបាលនិងកងកម្លាំងសន្តិសុខរបស់ប្រទេសចិន នៅតែបន្តរំលោភសិទ្ធិមនុស្សដោយគ្មានជាប់ទោសទណ្ឌអ្វីទាំងអស់»។

រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បាននិយាយកាលពីពេលថ្មីៗនេះថា «សហរដ្ឋអាមេរិកកំពុងតាមដាននូវការកើនឡើងនៃការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសឥណ្ឌាដែលប្រព្រឹត្តិឡើងដោយរដ្ឋាភិបាល, មន្ត្រីប៉ូលីស និងមន្ត្រីពន្ធនាគារ» ក៏ប៉ុន្តែលោក Blinken មិនបានផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រនូវការអះអាងរបស់លោកនោះទេ។

ជាងនេះទៅទៀត ប្រទេសហ្វីលីពីនដែលជាប្រទេសសម្ព័ន្ធមិត្តសន្ធិសញ្ញា និងជាមិត្តរបស់អាមេរិកផងនោះក៏មិនបានរួចផុតពីការថ្កោលទោស និងពីការមាក់ងាយពីសំណាក់ក្រសួងការបរទេសអាមេរិកដែរ ខណៈដែលស្ថាប័ននេះបានអះអាងថា «របាយការណ៍និងព័ត៌មានដ៏គួរឱ្យទុកចិត្តបានបង្ហាញថា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលរួមមានដូចជាការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការជាដើម ត្រូវបានប្រព្រឹត្តដោយសមាជិកនៃកងកម្លាំងសន្តិសុខ និងក្នុងនាមរដ្ឋាភិបាលហ្វីលីពីន ហើយស្ថាប័នប៉ូលីសជាតិហ្វីលីពីន (PNP) គឺអសមត្ថភាពក្នុងការបោសសម្អាតមន្ត្រីមិនល្អនៅក្នុងជួររបស់ខ្លួន»។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានឆ្លើយតបទៅវិញថា «ខ្លឹមសារទាក់ទងនឹងប្រទេសចិនដែលបានលើកឡើងនៅក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ២០២១ របស់សហរដ្ឋអាមេរិកពុំបានបង្ហាញអំពីការពិត, ជាការភ័ន្តច្រឡំ, ពោរពេញទៅដោយការភូតកុហកផ្នែកនយោបាយ និងមានភាពលម្អៀងផ្នែកមនោគមវិជ្ជា។ ប្រទេសចិនមានការខកចិត្តនិងសូមប្រឆាំងយ៉ាងដាច់អហង្ការចំពោះរបាយការណ៍ នេះ»។

លោក Zhao បាន បន្ថែមទៀតថា «សហរដ្ឋអាមេរិកគួរតែបញ្ឈប់ជាបន្ទាន់នូវរាល់ការបញ្ចេញមតិដែលគ្មានការទទួលខុសត្រូវ ក៏ដូចជាការវាយប្រហារ និងការបង្កាច់បង្ខូចស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសដទៃ»។

កាលពីថ្ងៃពុធរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយថា «ប្រទេសឥណ្ឌាក៏បានគិតគូរអំពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសដទៃទៀតផងដែរ បូករួមទាំងរបស់សហរដ្ឋអាមេរិក។ ឧក្រិដ្ឋកម្មរើសអើងប្រឆាំងនឹងសហគមន៍ឥណ្ឌានៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងចំនួន ២០០% នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ»។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានជំទាស់ទៅនឹងរបាយការណ៍នោះ ហើយក៏បានចោទសួរទៅលើការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់សហរដ្ឋអាមេរិកផងដែរ។

លោកLorenzana បាននិយាយថា «យើងសូមចោទសួរទៅលើរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកជុំវិញការរំលោភបំពានសិទ្ធិមនុស្សពីសំណាក់កងកម្លាំងសន្តិសុខរបស់យើង។ យើងសូមស្នើឱ្យស្ថាប័នមួយនេះផ្ដល់នូវព័ត៌មានលម្អិតដល់យើងដើម្បីឱ្យគណៈកម្មការសិទ្ធិមនុស្សរបស់យើងដែលជាស្ថាប័នធម្មនុញ្ញនិងឯករាជ្យអាចធ្វើការផ្ទៀងផ្ទាត់លើបញ្ហានេះ ហើយប្រសិនបើរកឃើញថា វាពិតជាត្រឹមត្រូវមែននោះជនល្មើសនឹងត្រូវផ្តន្ទាទោស»។

លោកបន្តថា «បើគ្មានទិន្នន័យទាំងនេះទេ នោះការចោទប្រកាន់របស់អាមេរិកគឺមានន័យស្មើនឹងការប្រមាថ និងជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។ កងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន (AFP-Armed Forces of the Philippines) បានជាប់ចំណាត់ថ្នាក់ជាទីភ្នាក់ងារដែលគួរឱ្យទុកចិត្តជាងគេបំផុតមួយរបស់រដ្ឋាភិបាលហ្វីលីពីន ហើយចំណាត់ថ្នាក់នេះមិនមែនបានមកដោយការរំលោភបំពាន, ការធ្វើទារុណកម្ម និងការកាប់សម្លាប់មនុស្សនោះទេ»។

កាលពីថ្ងៃសៅរ៍ វិមាន Malacañang បានរិះគន់របាយការណ៍ដែលគ្មានមូលដ្ឋានរបស់ក្រសួងការបរទេសអាមេរិកស្តីពីស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ននៅក្នុងប្រទេសហ្វីលីពីន ដោយបានហៅបញ្ហាទាំងនោះថាជា «បញ្ហាចាស់ និងជាការបន្ទរឡើងវិញ» ដើម្បីទាញទម្លាក់ប្រជាប្រិយភាពរបស់ រដ្ឋបាលរបស់លោកប្រធានាធិបតី Rodrigo Duterte ។

អ្វីដែលគេនឹកស្មានមិនដល់នោះ គឺសហរដ្ឋអាមេរិកប្រៀបបាននឹងដៃគូដែលមិនអាចទុកចិត្តបានដែលបានអនុវត្តស្តង់ដារ ២ ប្រកបដោយពុតត្បុត ដោយបានបង្រៀន និងមាក់ងាយបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសដ៏ទៃដោយធ្វើខ្លួនដូចជាមនុស្សមានអនុភាពផ្នែកសីលធម៌ និងក្រមសីលធម៌លើបញ្ហានេះ។ សហរដ្ឋអាមេរិកបានតាំងខ្លួនជាចៅក្រមផ្នែកសិទ្ធិមនុស្ស និងជាគំរូរបស់ពិភពលោក។

បើនិយាយអំពីទំហំផ្ទៃដីនិងអំណាច សហរដ្ឋអាមេរិកនៅពេលនេះ គឺជាភាគីមួយដែលប្រកបទៅដោយអំនួត, ខ្វះការគោរព និងបានប្រព្រឹត្តកំហុសជាច្រើននៅក្នុងសហគមន៍សិទ្ធិមនុស្សអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកគ្មានការខ្មាសអៀនឡើយក្នុងការប្រមាថប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ខណៈដែលសហរដ្ឋអាមេរិកខ្លួនឯងក៏មិនបានអនុវត្តនូវអ្វីដែលខ្លួនតែងតែបានផ្សព្វផ្សាយនោះដែរ។

គួរកត់សម្គាល់ផងដែរថា «សហរដ្ឋអាមេរិកគឺជាមហាអំណាចពិភពលោកតែមួយគត់ដែលខកខានមិនបានផ្តល់សច្ចាប័ន ឬប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍សិទ្ធិមនុស្សសំខាន់ៗ ដែលដាក់ចេញដោយអង្គការសហប្រជាជាតិ (UN) ឬស្ថាប័នសិទ្ធិមនុស្សផ្សេងទៀត»។

បើទោះបីជាបានអះអាងថា «ខ្លួនជាអ្នកការពារសិទ្ធិមនុស្សអន្តរជាតិក៏ដោយ» ក៏សហរដ្ឋអាមេរិកបានបរាជ័យក្នុងការផ្តល់សច្ចាប័នលើឯកសារសិទ្ធិមនុស្សសំខាន់ៗដូចជា អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW), អនុសញ្ញាស្តីពីសិទ្ធិជនពិការ (CRPD), កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ ដែលជាផ្នែកមួយនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងអនុសញ្ញាអាមេរិកស្តីពីសិទ្ធិមនុស្សជាដើម។

សហរដ្ឋអាមេរិក និងប្រទេសសូម៉ាលី គឺជាប្រទេសតែពីរគត់ ដែលមិនបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC)។ ដូចគ្នានេះផងដែរ សហរដ្ឋអាមេរិកក៏មិនបានផ្តល់សច្ចាប័នលើពិធីសារជម្រើសទី១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែរ (Optional Protocol of the International Covenant on Civil and Political Rights)។

ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកមិនបានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នោះទេ ហើយសហរដ្ឋអាមេរិកមិនមែនជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (Rome Statute)។

ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងថ្កោលទោស និងស្តីបន្ទោសលើការរំលោភសិទ្ធិមនុស្សនៅប្រទេសដទៃ កំណត់ត្រាសិទ្ធិមនុស្សរបស់មហាអំណាចមួយនេះបានបន្តធ្លាក់ចុះយ៉ាងខ្លាំងសឹងតែមិនគួរឱ្យជឿ។

ឧទាហរណ៍មួយគឺករណីរបស់លោក Patrick Lyoya អាយុ ២៥ ឆ្នាំ ដែលត្រូវគេបាញ់ចំក្បាល។ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី ៤ មេសា នៅក្នុងរដ្ឋ Michigan។ លោក Patrick មានដើមកំណើតមកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយលោកត្រូវបានគេបាញ់ចំក្បាល ខណៈពេលដែលលោកត្រូវបានគេសង្កត់ទៅលើដី។ មន្រ្តីប៉ូលីសស្បែកស មិនបានបាញ់ «បុរសស្បែកខ្មៅ» ដើម្បីការពារខ្លួននោះទេ។

ករណីស្រដៀងគ្នានេះ ក៏បានកើតមានផងដែរ ដែលបានបង្ហាញនូវអំពើឃោរឃៅរបស់មន្ត្រីប៉ូលីសអាមេរិកដែលបានប្រព្រឹត្តិលើបុរសនិងស្ត្រីដែលមានពណ៌សម្បុរស្បែកផ្សេងនៅក្នុងសហរដ្ឋអាមេរិក តួយ៉ាងដូចជាករណីរបស់លោក George Floyd, Michael Brown, Breonna Taylor និង Jacob Blake ដែលសុទ្ធតែត្រូវបានសម្លាប់ បើទោះបីជាពួកគេគ្មានអាវុធនៅនឹងដៃក៏ដោយ។

ចាប់ពីឆ្នាំ ២០១៣ ដល់ខែឧសភា ឆ្នាំ ២០២១ មន្ត្រីប៉ូលីសអាមេរិកបានសម្លាប់មនុស្សអស់ជាង ៩០០០ នាក់ដែលតួលេខនេះមិនបានរាប់បញ្ចូលនូវឧបទ្ទវហេតុដ៏ឃោរឃៅរបស់មន្ត្រីប៉ូលីសនៅសហរដ្ឋអាមេរិកដែល បានកើតក្រោយខែឧសភាឆ្នាំ ២០២២ នោះទេ។

ត្រឹមតែឆ្នាំ ២០២១ មួយ មនុស្សយ៉ាងហោចណាស់ ១១២៤ នាក់ បានស្លាប់ដោយសារអំពើឃោរឃៅរបស់មន្ត្រីប៉ូលីសនៅសហរដ្ឋអាមេរិក។ ជនរងគ្រោះភាគច្រើនមិនបានប្រព្រឹត្តបទឧក្រិដ្ឋហិង្សាណាមួយនោះទេ ហើយខ្លះទៀតមិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទាំងអស់។

គ្មានអ្វីគួរឱ្យសង្ស័យនោះទេ «សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានករណីឃោរឃៅរបស់មន្ត្រីប៉ូលីសច្រើនជាងគេបំផុតនៅលើពិភពលោក»។ ឧក្រិដ្ឋកម្ម ឬឧបទ្ទវហេតុដែលទាក់ទងនឹងអំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិកក៏បានកើនឡើងផងដែរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

ត្រឹមតែឆ្នាំ ២០២២ តែមួយ សហរដ្ឋអាមេរិកមានមនុស្សជាង ២១០០០ នាក់ដែលបានស្លាប់ ឬរងរបួសដោយសារអំពើហិង្សាដោយកាំភ្លើងដោយក្នុងនោះ មនុស្សជាង ១៤០០០ នាក់បានស្លាប់ដោយសារការបាញ់ប្រហារក្នុងទ្រង់ទ្រាយតូច ខណៈដែលជាង ១៣០ នាក់ បានស្លាប់ដោយសារការបាញ់ប្រហារក្នុងទ្រង់ទ្រាយធំ។

នៅឆ្នាំ ២០២១ មានការបាញ់ប្រហារក្នុងទ្រង់ទ្រាយធំៗចំនួន ៦៩៣ លើក ដែលខ្ពស់ជាងឆ្នាំ ២០២០ ចំនួន ១០,១%។ ស្ថានភាពសន្តិសុខសាធារណៈនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង។ ឧបទ្ទវហេតុបែបនេះ បានបន្តកើតឡើងនៅសហរដ្ឋអាមេរិកសឹងតែរៀងរាល់ថ្ងៃ ហើយស្ថានភាពសិទ្ធិមនុស្សនៅអាមេរិកក៏បានវិវឌ្ឍទៅកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

«តើពេលណាទើបសហរដ្ឋអាមេរិកលើក យករឿងនេះមកនិយាយ?»

លើសពីនេះទៅទៀត អំពើឃោរឃៅប្រឆាំងនឹងជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក និងជនជាតិដើមអាមេរិកដែលប្រព្រឹត្តឡើងដោយមន្ត្រីប៉ូលីស ដែលរួមមានដូចជាការវាយដំ, ការចាប់ខ្លួនតាមអំពើចិត្ត, ការឃុំខ្លួន, និងការបៀតបៀនក៏បាននិងកំពុងកើនឡើងជារៀងរាល់ថ្ងៃផងដែរ។

ដូចគ្នានេះដែរបន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ប្រជាជនអាមេរិកដើមកំណើតអាស៊ីរាប់ពាន់នាក់បាន រងការវាយប្រហារ និងការរើសអើងពូជសាសន៍។

បន្ថែមពីលើនេះ កាលពីឆ្នាំ ២០២១ សហរដ្ឋអាមេរិកបានឃុំខ្លួនជនចំណាកស្រុកជាង ១,៧ លាននាក់នៅព្រំដែនភាគខាងត្បូងរបស់ខ្លួន ដែលរួមមានទាំងកុមារចំនួន ៤៥០០០ នាក់ទៀតផង។ ការអនុវត្តច្បាប់យ៉ាងហិង្សាបានឆក់យកជីវិតមនុស្សអស់ ៥៥៧ នាក់ដែលជាចំនួនដ៏ខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៨ និងដែលកើនឡើងទ្វេដងបើធៀបទៅនឹងមួយឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា «ចំនួនជនអនាថានៅសហរដ្ឋអាមេរិកក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ»។ បើយោងតាមកាសែត New York Times ដែលបានចុះផ្សាយនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ «គ្រាន់តែនៅទីក្រុង San Francisco មួយ ពលរដ្ឋអាមេរិកម្នាក់ក្នុងចំណោមពលរដ្ឋ ១០០ នាក់ គឺជាជនអនាថា»។

នៅខាងក្រៅសហរដ្ឋអាមេរិក សង្រ្គាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក ដោយគិតតែនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន, អ៊ីរ៉ាក់ និងស៊ីរី គឺបានបណ្តាលឱ្យមនុស្សជាង ២០ លាននាក់ក្លាយជាជនភៀសខ្លួន។ នៅអំឡុងពេលដែលអាមេរិកដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកមួយគ្រឿង បានសម្លាប់គ្រួសារអាហ្វហ្គានីស្ថានមួយ ដែលមានសមាជិកចំនួន ១០ នាក់ដែលមានកុមារចំនួន ៧នាក់ ហើយកូនតូចជាងគេ មានអាយុត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា «គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានបន្តឃុំឃាំងអ្នកទោសចំនួន ៣៩ នាក់ នៅពន្ធនាគារ Guantanamo»។

ដោយផ្អែកលើភស្តុតាងខាងលើ គេចាំបាច់ត្រូវសួរថា «តើសហរដ្ឋអាមេរិក ដែលតែងតែចោទប្រកាន់អ្នកដទៃពីបទរំលោភសិទ្ធិមនុស្ស នឹងយល់ព្រមទទួលខុសត្រូវ និងដោះស្រាយនូវរាល់កំណត់ត្រាសិទ្ធិមនុស្សដ៏គួរឱ្យតក់ស្លុតរបស់ខ្លួនទាំងនៅក្នុងប្រទេស និងក្រៅប្រទេសដែរឬទេ?»

ជាក់ស្តែង សហរដ្ឋអាមេរិកគ្មានភាពសុចរិតទេ ដោយសារតែកំណត់ត្រាសិទ្ធិមនុស្សដ៏គួរឱ្យរន្ធត់របស់ប្រទេសនេះទាំងនៅក្នុងស្រុកនិង នៅក្រៅប្រទេស ។

ការដែលសហរដ្ឋអាមេរិកបង្រៀនពិភពលោកអំពីសិទ្ធិមនុស្ស គឺជារឿងដ៏អាក្រក់មួយ ត្បិតប្រទេសនេះមិនមានអនុភាពផ្នែកសីលធម៌ និងសុចរិតភាពនោះទេ ដោយសារតែកំណត់ត្រាសិទ្ធិមនុស្សដ៏អាក្រក់របស់ខ្លួន។ ជំនួសឱ្យការបង្រៀនប្រទេសផ្សេងទៀតអំពីការធ្លាក់ចុះខាងផ្នែកសិទ្ធិមនុស្ស សហរដ្ឋអាមេរិកត្រូវធ្វើការគិតពិចារណា និងត្រូវដោះស្រាយស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួនជាមុនសិន៕ The Asean Post

អត្ថបទទាក់ទង