ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជានៅលើទំព័រសារព័ត៌មាន និងរបាយការណ៍នានាធៀបនឹងកម្ពុជាពិត មានភាពខុសគ្នាស្រឡះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 20
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជានៅលើទំព័រសារព័ត៌មាន និងរបាយការណ៍នានាធៀបនឹងកម្ពុជាពិត មានភាពខុសគ្នាស្រឡះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជានៅលើទំព័រសារព័ត៌មាន និងរបាយការណ៍នានាធៀបនឹងកម្ពុជាពិត មានភាពខុសគ្នាស្រឡះ

(ស្វីស)៖ «កម្ពុជានៅលើទំព័រសារព័ត៌មាន និងរបាយការណ៍នានា ធៀបនឹងកម្ពុជាពិត មានភាពខុសគ្នាច្រើន ឬ ពេលខ្លះមានភាពខុសគ្នាស្រឡះតែម្តង»។ នេះគឺជាប្រសាសន៍ខាងដើមរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី៤១ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៉ីស។
នៅក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ជម្រាបជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អំពីការពិតជាក់ស្តែងដែលកំពុងតែកើតឡើង នៅកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស សង្គមស៊ីវិល និងលិទ្ធិប្រជាធិបតេយ្យ។
កម្ពុជាបានជួបប្រទះនឹងគ្រោះមហន្តរាយដ៏ធំៗមួយចំនួន រួមមាន ការធ្លាក់ចូលទៅក្នុងសង្គ្រាមឥណ្ឌូចិន (ឆ្នាំ១៩៧០-១៩៧៥) និងរបប ប៉ុល ពត (ឆ្នាំ១៩៧៥- ១៩៧៩) ដែលបានបំផ្លាញដល់ឫសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចរបស់ជាតិ។

ក្រោយមកទៀតទោះបីកម្ពុជាសម្រេចបាននូវសន្ធិសញ្ញាសន្តិភាព ទីក្រុងបារីស នាឆ្នាំ១៩៩១ និងបានរៀបចំការបោះឆ្នោតលើកទី១ នៅក្នុងឆ្នាំ១៩៩៣ ដែលកើតចេញពីការរៀបចំរបស់ UNTAC ជាមួយនឹងថវិកាប្រមាណ ២ពាន់លានដុល្លារ សង្គ្រាមស៊ីវិល នៅតែបន្តនៅក្នុងប្រទេស។ ច្បាស់ណាស់ថា ការកសាងប្រទេសជាតិមិនអាចធ្វើទៅបាននោះទេ នៅក្នុងកាលៈទេសៈដែលមានសង្គ្រាមឥតឈប់ឈរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «នេះគឺជាហេតុផលដែលជំរុញឱ្យខ្ញុំដាក់ចេញនូវ “គោលនយោបាយឈ្នះ-ឈ្នះ” ដែលបាននាំមកជូនកម្ពុជា នូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការទទួលបាននូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពជាតិពេញលេញនៅក្នុងទូទាំងប្រទេសជាលើកដំបូង នៅចុងឆ្នាំ១៩៩៨ ក្នុងប្រវត្តិសាស្ត្រកម្ពុជាជាច្រើនទសវត្សរ៍ចុងក្រោយនេះ»។

លោកនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា នេះគឺជាសន្តិភាពដែលសម្រេចបានមកដោយកម្ពុជាខ្លួនឯងផ្ទាល់ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ ឬ គ្រាប់រំសេវ សូម្បីតែមួយគ្រាប់ និងដោយគ្មានការបង្គាប់បញ្ជា ឬការជួយជ្រោមជ្រែងពីខាងក្រៅ។ សន្តិភាពបានបើកឡើងនូវឱកាសសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។
កម្ពុជាពីមុនត្រូវបានញាំញី និងបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់ជាតិ ការបែងចែកទឹកដី និងអសន្តិសុខគ្រប់ទីកន្លែង ឥឡូវបានក្លាយជាប្រទេសសន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីទាំងស្រុង មានសន្តិសុខរឹងមាំ និងក្លាយជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញមួយនៅក្នុងតំបន់ និងពិភពលោក ហើយមានប្រជាជនរស់នៅក្នុងសុខសន្តិភាពយ៉ាងសុខដុមរមនា ទាំងក្នុងគ្រួសារ ទាំងក្នុងសហគមន៍ និងទាំងក្នុងសង្គមជាតិទាំងមូល។

កម្ពុជាដែលពីមុនជាវាលពិឃាត គ្របដណ្តប់ដោយអំណាចផ្តាច់ការ និងឧក្រិដ្ឋកម្មគួរឱ្យរន្ធត់បំផុតនៃរបបប្រល័យពូជសាសន៍ ឥឡូវបានក្លាយជាទឹកដីនៃសេរីភាព ដែលមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំនូវការបោះឆ្នោតយ៉ាងទៀងទាត់ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជារដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ ហើយប្រជាជនគ្រប់រូបមានសិទ្ធិស្មើភាពគ្នានៅចំពោះមុខច្បាប់។

កម្ពុជាដែលពីមុនត្រូវបានគេប្រមាថមើលងាយ ត្រូវបានគេហ៊ុមព័ទ្ធ និងឯកោ ទាំងខាងនយោបាយ និងសេដ្ឋកិច្ចឥឡូវ គឺជារដ្ឋឯករាជ្យមួយដែលមានអធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ហើយកំពុងពង្រីកការធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មនៃតំបន់ និងពិភពលោក ព្រមទាំងកំពុងបំពេញតួនាទីយ៉ាងសកម្មដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការតំបន់ និងអន្តរជាតិ។
កម្ពុជាដែលពីមុនជាប្រទេសធ្លាប់ទទួលនូវកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឥឡូវបានក្លាយជាប្រទេសបញ្ជូនកងកម្លាំងរបស់ខ្លួន ទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ នៅប្រទេសជាច្រើនលើពិភពលោក។ កម្ពុជាដែលពីមុនជាប្រទេសអន់ថយបំផុត ខាងផ្នែកសេដ្ឋកិច្ចគ្របដណ្តប់ដោយភាពក្រីក្រ និងមានកង្វះខាតស្បៀង អាហារយ៉ាងធ្ងន់ធ្ងរ ឥឡូវបានក្លាយជាប្រទេសមួយនាំស្រូវ អង្ករចេញ ធានាបានយ៉ាងគត់មត់នូវសន្តិសុខស្បៀង ហើយស្ថិតនៅក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនជាងគេលើពិភពលោក សម្រេចបានវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលម្អសូចនាករផ្នែកសង្គមកិច្ច និងលើសពីនេះទៀត បានឆ្លងកាត់ដោយជោគជ័យ ពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងប្រឹងប្រែងដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបន្តថា ទោះបីកម្ពុជាទើបបានទទួលសន្តិភាព និងឯកភាពជាតិពេញលេញ ឡើងវិញនៅឆ្នាំ១៩៩៨ ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតលើកទី១ នៅឆ្នាំ១៩៩៣ យើងបានបន្តប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដើម្បីឱ្យប្រជាពលរដ្ឋជ្រើសរើសតាំងតំណាងដឹកនាំប្រទេសព្រមទាំងបានខិតខំពេញទំហឹងក្នុងការកសាងប្រទេសឱ្យក្លាយជានីតិរដ្ឋដែលគោរពយ៉ាងខ្លាប់ខ្លួន និងម៉ត់ចត់នូវវិធាននៃច្បាប់ និងជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបុរណភាពទឹកដីពេញលេញ ។

នៅឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលជាថ្មីម្តងទៀតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ មានការចូលរួមពី ២០គណបក្សនយោបាយ និងមានអាត្រាចំនួនអ្នកចេញទៅបោះឆ្នោតរហូតដល់ ៨៣,០២% ដែលជាតួលេខមួយខ្ពសបើធៀបទៅនឹងប្រទេសមួយចំនួន ដែលបានអនុវត្តនូវលទ្ធិប្រជាធិបតេយ្យជាយូរមកហើយ។ លោកនាយករដ្ឋមន្រ្តី បានជម្រាបអង្គពិធីយើងឱ្យបានជ្រាបថា ទាំងក្នុងអំឡុងពេលឃោសនា ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោតដំណើរការទាំងមូលបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហឹង្សា និងការគំរាមសូម្បីតែមួយករណី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «កិច្ចដំណើរការបោះឆ្នោត បានប្រព្រឹត្តិទៅក្រោមការត្រួតពិនិត្យ និងឃ្លាំមើលដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៥០០នាក់ អ្នកសង្កេតការណ៍ជាតិចំនួន ៨០.០០០នាក់ និងអ្នកសង្កេតការណ៍គណបក្សចំនួន ៩.០០០។ ជាអកុសល ប្រទេសមួយចំនួនមិនបានបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមនោះទេ តែបានចេញសេចក្តីថ្លែងការណ៍វាយតម្លៃថា ការបោះឆ្នោតមានភាពមិនត្រឹមត្រូវនិងមិនយុត្តិធម៌។ ខ្ញុំសូមអង្គប្រជុំពិចារណា បើមិនបានទៅមើល និងមិនបានឃើញជាក់ស្តែងផង តើប្រទេសទាំងនោះ វាយតម្លៃការបោះឆ្នោតរបស់យើងតាមរបៀបណា?»។

លោកបានបន្តថា នៅក្នុងនិយាមនៃការអនុវត្តជាសកល លិទ្ធិប្រជាធិបតេយ្យត្រូវតែដើរទន្ទឹមនឹងនិតិរដ្ឋ។ ការអនុវត្តប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ នឹងនាំទៅជាអនាធិបតេយ្យ។ ក្នុងស្មារតីនេះយើងចង់ឱ្យតួរអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអុជអាល និងមិនបង្កើតការស្អប់រវាងពូជសាសន៍ មិនអោនក្បាលបម្រើផលប្រយោជន៍បរទេស ជាពិសេស មិនសាបព្រោះនូវការស្ងប់រវាងជនជាតិខ្មែរ និងខ្មែរ ដែលអាចនាំមកវិញនូវសង្គ្រាមស៊ីវិល។ គណបក្សនយោបាយទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នា។ បទពិសោធន៍នៃសង្គ្រាមបំផ្លិចបំផ្លាញរាប់ទសវត្សរ៍បានទូន្មាន។

រដ្ឋាភិបាលកម្ពុជាបានចុះបញ្ជីមានចំនួនប្រមាណ ៥.៤០០ ទាំងអង្គការធ្វើការងារ ដើម្បីជំរុញការអភិវឌ្ឍសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍតាមមូលដ្ឋាន ។ល។ រាជរដ្ឋាភិបាលបានរៀបចំជាវេទិកាពិគ្រោះយោបល់ជាទៀងទាត់ជាមួយសង្គមស៊ីវិលដោយគ្មានការរើសអើង និងដោយលក្ខណៈស្ថាបនា ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាន កម្ពុជាមានកាសែតចំនួន ៥៥០ កាសែត ជាវែបសាយ ចំនួន១៤៨ ស្ថានីយ៍វិទ្យុ ២១១ ទូរទស្សន៍ចំនួន ២១ ទូរទស្សន៍ខ្សែកាបចំនួន ១១៣ ប៉ុស្តិ៍ និងសមាគមន៍អ្នកកាសែតចំនួន៣៩។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបន្តថា «ប្រជាជនកម្ពុជាមានសិទ្ធិទទួលបានព័ត៌មានពីគ្រប់ប្រភព គ្រប់ប្រភេទ និងមានសិទ្ធិបញ្ចេញមតិលើគ្រប់ប្រធានបទ។ ខ្លួនខ្ញុំផ្ទាល់មានទំព័រហ្វេសប៊ុក ដែលជាវេទិកាសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈចូលរួមផ្តល់យោបល់លើការដឹកនាំរបស់ខ្ញុំ លើបញ្ហានៃការអភិវឌ្ឍនៅតាមមូលដ្ឋានរបស់ពួកគេ ការប្រព្រឹត្តខុសរបស់មន្ត្រី និងអាជ្ញាធរ និងលើបញ្ហាផ្សេងៗទៀត»។

លោកបាន ជម្រាបអង្គប្រជុំថា «អ្វីដែលកំពុងតែកើតឡើងនៅកម្ពុជា គឺប្រជាជនពីគ្រប់និន្នាការ នយោបាយហ៊ានបញ្ចេញមតិប្រកបដោយលក្ខណៈរស់រវើក និង ដោយមិនខ្លាចរអាលើគ្រប់ប្រធានបទ។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងបានទទួលនូវការផ្តល់នូវមតិជាច្រើនពីប្រជាពលរដ្ឋខ្ញុំ។ រាជរដ្ឋាភិបាលមិនដែលមានគោលបំណងបំបិទនូវសិទ្ធិបញ្ចេញមតិពីប្រជាពលរដ្ឋទេ មានតែលើកទឹកចិត្តថែម ព្រោះរាជរដ្ឋាភិបាលទាំងមូល កំណត់យកមតិយោបល់ពីប្រជាជនជាកញ្ចក់ឆ្លុះដើម្បីវាយតម្លៃអំពីលទ្ធផលការងាររបស់ខ្លួន និងជាធាតុចូលសម្រាប់រៀបចំជាគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្សេងៗទៅថ្ងៃអនាគត។
ក្នុងនាមជារដ្ឋាភិបាល យើងគ្រាន់តែស្នើសុំឱ្យការបញ្ចេញមតិទាំងអស់ ធ្វើឡើងប្រកបដោយភាពទទួលខុសត្រូវ និងត្រូវចែកឱ្យដាច់ពីគ្នារវាងសិទ្ធិក្នុងបញ្ចេញមតិលើបញ្ហាអ្វីមួយ និងការជេប្រមាថ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ការបង្អួចកេរ្តិ៍ឈ្មោះ ការផ្សព្វផ្សាយព័ត៌មានមិនពិត ការអំពាវនាវរំលំរដ្ឋាភិបាល ស្របច្បាប់ដែលអាចនាំមកនូវភាពចលាចល និងការបែកបាក់នៅក្នុងសង្គម»។

ក្នុងចំណោមសិទ្ធិសេរីភាពនានា សិទ្ធិការងារ គឺជាសិទ្ធិមួយដែលត្រូវធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែបុរេសកម្ម និងដាក់ចេញនូវវិធានការនានា ដើម្បីលើកកម្ពស់សិទ្ធិការងារ និងសហជីព។ កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង៨ និងអនុសញ្ញាផ្សេងទៀតចំនួន ៥ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសតែមួយគត់នៅក្នុងអាស៊ាន ដែលបានផ្តល់សច្ចាប័ន្នលើអនុសញ្ញាអន្តរជាតិខាងការងារច្រើនជាងគេ ដើម្បីធានាថា សិទ្ធិការងារ និងលក្ខខណ្ឌការងារត្រូវបានអនុវត្តប្រកបដោយតម្លាភាពពេញលេញ គ្មានការរើសអើង ដោយឈរលើគោលការណ៍នីតិរដ្ឋ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា៖ «ដើម្បីស្វែងយល់ឱ្យកាន់តែច្រើនជាងមុន អំពីលក្ខខណ្ និងស្ថានភាពការងាររបស់កម្មករ ជាពិសេសដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់កម្មករនៅតាមរោងចក្រ ខ្លួនខ្ញុំក៏បានបើកកិច្ចពិភាក្សាផ្ទាល់ជាមួយកម្មករផងដែរ។ គិតតាំងពីខែសីហា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ គឺខ្ញុំបានជួបជាមួយកម្មករជិត ១លាននាក់ហើយ។ ជាលទ្ធផល កិច្ចប្រជុំទាំងនេះបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់កម្មករ។ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនៅក្នុងវិស័យវាយនភ័ណ្ណ កាត់ដេរ និងស្បែកជើង បានកើនពី៨០ដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ ដល់១៨២ដុល្លារអាមេរិកនៅឆ្នាំ២០១៩នេះជាមួយនឹងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្សេងៗទៀត»។

កម្ពុជា ជាប្រទេសមួយធ្លាប់ហែលឆ្លងកាត់នូវរបបមួយដែលមិនផ្ដល់សិទ្ធិអីទាំងអស់ដល់ប្រជាជន ពិតជាត្រូវការណាស់នូវសិទ្ធិគ្រប់យ៉ាង។ ជាមួយហេតុផលនេះ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ កម្ពុជាយល់ច្បាស់ថា ការគោរពសិទ្ធិមនុស្ស ការលើកកម្ពស់សេរីភាពជាមូលដ្ឋាន ការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកកម្ពស់នីតិរដ្ឋ ក៏ដូចជាការកសាងមូលដ្ឋានទាំងនេះ នៅក្នុងសង្គមជាតិ នឹងនាំមកនូវសុខសន្តិភាពស្ថិរភាព ភាពសុខដុមរមនា និងយុត្តិធម៌សង្គមជានិរន្ត ក៏ដូចជានឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នផង ដែរ។
នេះគឺជាមូលដ្ឋានជំរុញធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមួយលេចធ្លោនៅក្នុងចំណោមប្រទេសភាគីនៃសន្ធិសញ្ញាស្តីពីសិទ្ធិមនុស្ស ។ លើសពីនេះទៀត យន្តការជាតិស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិមនុស្ស ក៏ត្រូវបានចែងក្នុងជំពូកទី ៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយកម្ពុជា ក៏ជាប្រទេសគំរូ និងនាំមុខគេក្នុងតំបន់ ក្នុងនាមជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលអនុញ្ញាតឱ្យមានការបើកការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅក្នុងប្រទេស និងទទួលឱ្យមាន អ្នករាយការណ៍ពិសេសប្រចាំប្រទេស (Country Special Rapporteur) ចាប់តាំងពីឆ្នាំ ១៩៩៣ មកដែលមកដល់ពេលនេះមានចំនួន ៦ រូបហើយ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ «ទោះបីជាយើងខិតខំប្រឹងប្រែង និងសម្រេចបាននូវលទ្ធផលជាច្រើន កម្ពុជាមិនដែលបានទទួលនូវការសាទរ ឬ សរសើរពីក្រុម ឬ ស្ថាប័នមួយចំនួន ដែលមានរបៀបវារៈនយោបាយតែមួយគត់ គឺការផ្លាស់ប្តូររបបនោះនៅក្នុងតម្លៃណាក៏ដោយ។ ពួកគេតែងតែលាបពណ៌ខ្មៅមកលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជាទៅបីជាការអនុវត្តសិទ្ធិមនុស្សនៅប្រទេសរបស់ពួកគេខ្លួនឯង ពោរពេញទៅដោយការស្លាប់លើជនបរទេសការរើសអើងពូជសាសន៍ ការប្រព្រឹត្តអំពើមិនគប្បីមកលើជនអន្តោប្រវេសន៍។ល។ លើសពីនេះទៀត ពួកគេមិនញញើតក្នុងការអនុវត្តនូវស្តង់ដារពីរចំពោះការវាយតម្លៃទៅលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីបន្ទច់បង្អាក់ការអភិវឌ្ឍ ក៏ដូចជាកម្ទេចនូវកិត្តិយសរបស់ជាតិយើងខ្ញុំនោះដែរ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា វាជារឿងចម្លែកណាស់ ដែលកម្ពុជាត្រូវបានស្នើឱ្យពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋ ប៉ុន្តែ នៅពេលដែលអាជ្ញាធរអនុវត្តច្បាប់ ពួកគេចោទប្រកាន់យើងពីការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ។ ហើយអាក្រក់ជាងនេះទៅទៀត ប្រទេស និងស្ថាប័នមួយចំនួន បានយកសិទ្ធិមនុស្សធ្វើជាចំណាប់ខ្មាំង ទាក់ទងនឹងការផ្តល់ជំនួយ ឬ ការអនុគ្រោះផ្នែកសេដ្ឋកិច្ចដល់កម្ពុជា។ យើងមានការសោកស្តាយជាពន់ពេកក្នុងការរំលេចនូវតថភាពដែលថា សិទ្ធិមនុស្ស នាបច្ចុប្បន្ននេះ បានក្លាយទៅជាឧបករណ៍នយោបាយសម្រាប់ប្រទេសមានអំណាចមួយចំនួន ឬ ក៏អាចនិយាយបានថា ជានិយាមប្រតិបត្តិថ្មីរបស់ពួកគេ ឬជាលេសសម្រាប់រាល់ការលូកដៃជ្រៀតជ្រែកលើអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសទន់ខ្សោយ ។

ទោះជាយ៉ាងនេះក្តី លោកបានប្តេជ្ញាថា «កម្ពុជានៅតែបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងភាពជាដៃគូដែលមានលក្ខណៈស្ថាបនាជាមួយ យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញលើកកម្ពស់ និងការពារសិទ្ធិមនុស្សឱ្យបានកាន់តែប្រសើរថែមទៀត។
ក៏ប៉ុន្តែ យើងក៏ចងគូសបញ្ជាក់ដែរថា ការគោរពចំពោះអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា ភាពមិនលំអៀង និងមិនរើសអើង គប្បីត្រូវបានកំណត់ជាគោលការណ៍ណែនាំ ដែលទាំងអស់គ្នា មិនថាប្រទេសធំ ឬ តូច ត្រូវគោរពប្រតិបត្តិនៅក្នុងការខិតខំលើកកម្ពស់សិទ្ធិមនុស្ស ដោយគិតគូរពីបរិការណ៍នយោបាយ ប្រវត្តិសាស្រ្ត និងសង្គមរបស់ប្រទេសនីមួយៗ។ បញ្ហាសិទ្ធិមនុស្សគួរតែត្រូវបានដោះស្រាយនៅក្នុង បរិការណ៍ពិភពលោក ដោយឈរលើអភិក្រមស្ថាបនា ប្រើប្រាស់ស្តង់ដារតែមួយ គ្មានការប្រឈមមុខដាក់គ្នា មិនពាក់ព័ន្ធនឹងរបៀបវារៈនយោបាយ និងផ្អែកលើកិច្ចសន្ទនា»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីទាំងអស់ពិនិត្យមើលបញ្ហាទាំងឡាយជាប្រព័ន្ធ ពោលគឺមើលជាព្រៃទាំងមូល ហើយសូមកុំមើលតែឈើមួយដើមៗ ដោយផ្សារភ្ជាប់ជាមួយរបៀបវារៈនយោបាយរបស់ខ្លួន៕

អត្ថបទទាក់ទង