លោក ឈុំ សុជាត៖ ការប្រឌិតព័ត៌មានរបស់សារព័ត៌មានអាមេរិក អំពីមូលដ្ឋានទ័ពចិននៅកម្ពុជា មានចេតនាបំផ្លាញសន្តិសុខ និងសន្តិភាពកម្ពុជា និងក្នុងតំបន់
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាត បានចាត់ទុកថា ការប្រឌិតព័ត៌មានរបស់សារព័ត៌មានសហរដ្ឋអាមេរិក អំពីមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសកម្ពុជា គឺហាក់មានចេតនាបំផ្លាញសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ប្រាប់ យ៉ាងដូច្នេះថា៖ «វាជារឿងហួសចិត្ត ដែលសារព័ត៌មាន របស់សហរដ្ឋអាមេរិក បានប្រឌិតព័ត៌មានដ៏ឆ្កួតលីលា តាមអំពើចិត្ត អំពីមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជា ហើយត្រូវបានបន្ទោរដោយសារព័ត៌មានរបស់ពួកគេដទៃទៀត ដែលហាក់ធ្វើឡើងក្នុងចេតនាចង់បំផ្លាញដល់សន្តិសុខ និងសន្តិភាពនៅកម្ពុជា និងក្នុងតំបន់»។
ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួនក្នុងនោះមានទាំង VOA ផងបានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម»។
លោក ឈុំ សុជាត បានបញ្ជាក់ថា លោកមិនអាចទទួលយកការប្រឌិតព័ត៌មានបែបនេះបានឡើយ ហើយអះអាងបន្តថា «ក្រសួងការពារជាតិ មិនដែលមានកិច្ចព្រមព្រៀងសម្ងាត់ណាមួយឱ្យកងទ័ពចិនប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានឡើយ។ អស់លោកល្មមឈប់ប្រើប្រាស់ព័ត៌មានក្លែងបន្លំ អំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងកម្ពុជាតទៅទៀត»។
ពាក់ព័ន្ធនឹងការផ្សាយចោទប្រកាន់កម្ពុជា អំពីមូលដ្ឋានទ័ពបរទេសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសតាមបណ្តាញព័ត៌មានថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អះអាងច្បាស់ៗបន្តថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយកុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងយើងហើយ»។
ពាក់ព័ន្ធនឹងមូលដ្ឋានទ័ពបរទេសនេះ កម្ពុជាធ្លាប់បានបញ្ជាក់ជំហរ យ៉ាងច្បាស់ច្រើនដងរួចហើយថា រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជានោះឡើយ។ រដ្ឋធម្មនុញ្ញកម្ពុជា ក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីរបស់ខ្លួនដែរ ហើយក៏មិនបញ្ជូនកងទ័ពកម្ពុជា ទៅក្រៅប្រទេសនោះដែរ លើកលែងតែ បេសកកម្មជាមួយអង្គការសហប្រជាជាតិតែមួយប៉ុណ្ណោះ។ នេះបើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត៕
អត្ថបទ៖ Fresh News