ខ្មែរប៉ុស្ដិ៍ Close

សមយុទ្ធនាគមាស-២០២៣ ធ្វើឱ្យចិន និងកម្ពុជា បានរៀនសូត្រពីគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត សម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 9
សមយុទ្ធនាគមាស-២០២៣ ធ្វើឱ្យចិន និងកម្ពុជា បានរៀនសូត្រពីគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត សម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក សមយុទ្ធនាគមាស-២០២៣ ធ្វើឱ្យចិន និងកម្ពុជា បានរៀនសូត្រពីគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត សម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក

សមយុទ្ធរួមគ្នា “នាគមាស-ឆ្នាំ២០២៣” រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន លើកទី៥ ក្រោមប្រធានបទ “ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ព ទាំងពីរកម្ពុជា-ចិន” នៅព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីបិទ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែន រីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្ថិតក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក វ៉ី វ៉ិន ហួយ “Wel Wen Hui” មេបញ្ជាការ តំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃខ.ភ.ម និងលោក វ៉ាង វិន ធាន “Wang Wen Tian” ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះដែរ។

ក្នុងឱកាសនោះ ក៏មានការសម្ដែងជូនទស្សនាសមយុទ្ធរួមគ្នា និងរបាយការណ៍របស់ក្រុមការងារដឹកនាំសមយុទ្ធប្រទេសទាំងពីរកម្ពុជា-ចិន ដោយបានបង្ហាញថា សមយុទ្ធនាគមាសឆ្នាំ២០២៣ លើកទី៥នេះ ដំណើរការរយៈពេល២០ថ្ងៃ កម្លាំងចូលរួមរហូតដល់ចំនួន ២,៨៣១នាក់ ក្នុងនោះកងយោធពលខេមរភូមិន្ទ មានចំនួន ២ពាន់ ៧៧៤នាក់ និងកងទ័ពរំដោះប្រជាជនចិន មានចំនួន ២៥៧នាក់ បានពង្រឹងស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណី បង្កើនការផ្លាស់ប្ដូរកិច្ច សហប្រតិបត្តិការថែមមួយកម្រិតទៀត ឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខគ្រប់បែបយ៉ាង នាំមកនូវផលប្រយោជន៍សុភមង្គលដល់ប្រទេសជាតិ និងប្រជាជនទាំងពីរ រួមវិភាគទានដល់ការគាំពារសន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក។

តាមរយៈការហ្វឹកហ្វឺនរួមគ្នាលើកនេះ បានពង្រឹងសមត្ថភាពដល់កងយោធពលខេមរភូមិន្ទ ក្នុងការរៀបចំផែនការនៅទីបញ្ហាការ និងទីលាន ដឹកនាំបញ្ហាគ្រប់គ្រងកម្លាំង និងការងារផ្នែករដ្ឋបាល ធានា ព័ត៌មាន ហ្វឹកហ្វឺន រួមជាមួយការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ទាំងរថយន្ត ឧបករណ៍ សម្ភារៈ មធ្យោបាយ និងបរិក្ខារ សម្រាប់បម្រើឱ្យសមយុទ្ធប្រកបដោយភាពហ្មត់ចត់ និងប្រសិទ្ធភាព។ ទន្ទឹមនេះ កងយោធពលខេមរភូមិន្ទ ទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗថែមទៀត ដូចជាការចល័តកងកម្លាំង ការដោះស្រាយជាយថាហេតុ ការរុករកបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រតិបត្តិការមនុស្សធម៌ ការដោះស្រាយជំងឺឆ្លង និងកិច្ចការសង្គមមួយចំនួនទៀត និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការត្រៀមរៀបចំកម្លាំងសម្រាប់ចូលរួមព្រឹត្តិការណ៍ ស៊ីហ្គេម អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN. Para Games 2023) នាពេលដ៏ខ្លីខាងមុខទៀតផង។

ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានថ្លែងនូវមោទនភាព ដែលបានធ្វើម្ចាស់ផ្ទះជាលើកទី៥ សមយុទ្ធរួមគ្នា “នាគមាស -ឆ្នាំ២០២៣ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននាពេលនេះ បានផ្ដល់ឱកាសដល់កងទ័ពប្រទេសទាំងពីរទទួលបានការផ្លាស់ប្តូរ ចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត សម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក។
លោកបានបញ្ជាក់ថា៖ ការធ្វើសមយុទ្ធរួមគ្នា “នាគមាស-ឆ្នាំ២០២៣”លើកនេះ បានបង្ហាញដល់ពិភពលោកកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបំបាក់កម្ពុជា-ចិន បានពួនជ្រុំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ និងបន្តរីកចម្រើនកាន់តែខ្លាំងក្លាក្នុងរយៈពេល ៦៥ឆ្នាំ ក្រោយពីការបង្កើតការទូតដែលបង្ហាញពី ទំនាក់ទំនងអន្តរជាតិបែបថ្មី។ មួយវិញទៀត សមយុទ្ធរួមគ្នានេះ ពិតជាមានសារៈសំខាន់ជាយុទ្ធសាស្រ្ត នៃទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានភាពចាំបាច់ថែមទៀតនៅក្នុងបរិបទនៃការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានាយ៉ាងខ្លាំងក្លានៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ និងស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរ មិនថាស្ថានភាពអន្តរជាតិមានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏ប្រទេសយើងទាំងពីរនឹងធ្វើឱ្យកាន់តែស៊ីជម្រៅឥតងាករេនូវ “មិត្តភាពដែកថែប យ៉ាងជិតស្និទ្ធ និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាក់ស្ដែង ឈ្នះ ឈ្នះ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សំដៅ “ជម្រុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ”។

សមិទ្ធផលសមយុទ្ធរួមគ្នា “នាគមាស-ឆ្នាំ២០២៣ លើកនេះ បានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ សម្រាប់កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធា នៃកិច្ចសហប្រតិបត្តិការមិត្តភាព រវាងប្រទេស និងកងទ័ពទាំងពីរ ស្របពេលដែលស្ថានការណ៍នៅលើពិភពលោកមានភាពប្រែប្រួល និងវិវត្តន៍យ៉ាងឆាប់រហ័ស និងក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្រាល, មានសុខសន្តិភាព ជំនះគ្រប់ ឧបសគ្គគ្រប់បែបយ៉ាង រួមចិត្តតែមួយ កៀកស្មាគ្នា និងធ្វើការជាមួយគ្នាគ្រប់ការលំបាក និងគ្រប់កាលៈទេសៈ សម្រេចបានជោគជ័យតាមផែនការគ្រោងទុក។

ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចកាលតែងតែគាំទ្រឥតងាករេចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីរក្សាឯករាជ្យ អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ និងលើកកម្ពស់ជាបន្តបន្ទាប់នៃរបៀបវារៈនយោបាយជាតិសំខាន់ៗរបស់កម្ពុជា ហើយប្រឆាំងជាដាច់ខាតចំពោះការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ នៅក្នុងន័យនេះ សម្តេចពិជ័យ បានស្នើកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន បន្តជម្រុញការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែមានកម្រិតខ្ពស់តាមទម្រង់នានា ដូចជា ទស្សនកិច្ចទ្វេភាគី ជំនួបតាមប្រព័ន្ធវីដេអូ សារនិងលិខិតនានា ដើម្បីលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នាជាយុទ្ធសាស្ត្រ និងទំនុកចិត្តនយោបាយគ្នា តាមរយៈការផ្លាស់ប្តូរស៊ីជម្រៅលើបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិសំខាន់ៗឱ្យទាន់ពេលវេលា សំដៅជម្រុញទំនាក់ទំនងកម្ពុជា-ចិន ឱ្យស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ, បង្កើនទំនាក់ទំនង រវាងកងទ័ពប្រទេសទាំងពីរគ្រប់លំដាប់ថ្នាក់ ដោយចាប់យកសក្តានុពល នៃយន្តការកិច្ចសហប្រតិបត្តិការ តាម រយៈពង្រឹងការផ្លាស់ប្ដូរបទពិសោធន៍ នៃភាពរីកចម្រើនលើវិស័យប្រព័ន្ធបច្ចេកទេសព័ត៌មានវិទ្យា សុខាភិបាល ការលើកកម្ពស់ កសាងសមត្ថភាព ការបណ្តុះបណ្តាលធនធានមនុស្ស ភស្តុភារកម្ម និងបរិក្ខារ ការទូតយោធា និងវិស័យផ្សេងៗទៀត រួមទាំងសមយុទ្ធ ការហ្វឹកហ្វឺនរួមគ្នា សំដៅពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត ក្នុងកិច្ចការសន្តិសុខពហុភាគី ៕

អត្ថបទទាក់ទង