ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងកែលម្អសួនច្បារនៅមុខអគារទីស្តីការក្រសួងការពារជាតិ ឱ្យបានរួចរាល់នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1039
រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងកែលម្អសួនច្បារនៅមុខអគារទីស្តីការក្រសួងការពារជាតិ ឱ្យបានរួចរាល់នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះរដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងកែលម្អសួនច្បារនៅមុខអគារទីស្តីការក្រសួងការពារជាតិ ឱ្យបានរួចរាល់នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ

រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងកែលម្អសួនច្បារនៅមុខអគារទីស្តីការក្រសួងការពារជាតិថ្មី ឱ្យបានរួចរាល់នៅក្នុងខែមិថុនា ឆ្នាំ២០២១ មុនពេលបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងការពារជាតិថ្មី។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅក្នុង កិច្ចពិភាក្សាលើគម្រោងកែលម្អសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានានៅមុខក្រសួងការពារជាតិ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងរបស់ក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ក្រោយពីបានពិភាក្សាគ្នាកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងងតំណាងក្រសួងការពារជាតិ បានសម្រេច លើគម្រោងកែលម្អសួនច្បារនៅមុខក្រសួងការពារជាតិនេះរួចហើយ។ គម្រោងនេះនឹងចាប់ផ្ដើមអនុវត្តន៍នៅក្នុងខែមីនា ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនាឆ្នាំ២០២១ ដើម្បីឱ្យទាន់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិថ្មី។

គម្រោងនេះ មានមួយផ្នែកប្រើប្រាស់ថវិការបស់ក្រសួងការពាជាតិ ដូចជាការដាក់លូថ្មីទំហំ១ម៉ែត្រ និងការអ៊ុតកៅស៊ូលើទំហំផ្លូវចូលក្រសួងជាដើម។ ចំណែករដ្ឋបាលរាជធានីភ្នំពេញ​មានការងារដែលត្រូវអនុវត្តន៍ផងដែរ ដូចជាការកែលម្អសួនច្បារ ដាក់បង្គោលភ្លើង៦៦ដើម ដាក់លូ និងការស្ដាលូ​ នៅពីក្រោយ និងពីមុខក្រសួងការពារជាតិ ហើយការងារនេះធ្វើយ៉ាងណាឱ្យបានរួចរាល់នៅមុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ក្រសួងការពារជាតិ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្ដារលូចាប់ពីពេលនេះតទៅដោយមិនបាច់ចាំទៅដល់ខែមីនានោះទេ។ បន្ថែមពីលើនេះទៀតមន្ទីរសាធារណការត្រួតពិនិត្យទៅ លើបច្ចេកទេសទាំងការអ៊ុតកៅស៊ូបេទីមីណឺ ការដាក់លូ និងស្តារលូជាដើម។ គម្រោងកែលម្អសួនច្បារមុខទីស្តីការក្រសួងការពារជាតិនេះ មិនត្រឹមតែមានសោភណភាពមុខក្រសួងប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមានភាពស្រស់បំព្រងនៅតាមដងផ្លូវទៀតផង។

សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ចេញប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួង ហើយសួនថ្មីនេះ នឹងរៀបជាថ្មក្រានីត ដាំស្មៅ និងបំពាក់អំពូលភ្លើង ដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាងធំទូលាយជាងមុនផងដែរ៕

អត្ថបទទាក់ទង