ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាស្នើបែងចែកឲ្យដាច់រវាងសិទ្ធិបញ្ចេញមតិ និងការជេរប្រមាថបង្អួចកេរ្តិ៍ឈ្មោះ ដោយគ្មានមូលដ្ឋាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 14
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាស្នើបែងចែកឲ្យដាច់រវាងសិទ្ធិបញ្ចេញមតិ និងការជេរប្រមាថបង្អួចកេរ្តិ៍ឈ្មោះ ដោយគ្មានមូលដ្ឋាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាស្នើបែងចែកឲ្យដាច់រវាងសិទ្ធិបញ្ចេញមតិ និងការជេរប្រមាថបង្អួចកេរ្តិ៍ឈ្មោះ ដោយគ្មានមូលដ្ឋាន

(ហ្សឺណែវ, ស្វីស)៖ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំលើកទី៤១ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលបំបិទនូវសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋនោះទេ មានតែលើកទឹកចិត្តថែម ព្រោះរាជរដ្ឋាភិបាល កំណត់យកមតិយោបល់ពីប្រជាជនជាកញ្ចក់ឆ្លុះ ដើម្បីវាយតម្លៃលទ្ធផលការងារ។
ប៉ុន្ដែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យការបញ្ចេញមតិទាំងអស់នោះ ធ្វើឡើងដោយការទទួលខុសត្រូវ និងចែកឲ្យដាច់ពីគ្នា រវាងសិទ្ធិនៃការបញ្ចេញមតិ និងការជេរប្រមាថ ឬការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ការបង្អូចកេរ្ដិ៍ឈ្មោះ ការផ្សព្វផ្សាយព័ត៌មានមិនពិត ព្រមទាំងការអំពាវនាវរំលំរដ្ឋាភិបាលស្របច្បាប់ដែលអាចនាំមកនូវភាពចលាចលនិងការបែកបាក់នៅក្នុងសង្គមជាដើម។

ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ទៅកាន់ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល មិនដែលមានគោលបំណងបំបិទនូវសិទ្ធិបញ្ចេញមតិពីប្រជាពលរដ្ឋទេ មានតែលើកទឹកចិត្តថែម ព្រោះរាជរដ្ឋាភិបាលទាំងមូល កំណត់យកមតិយោបល់ពីប្រជាជនជាកញ្ចក់ឆ្លុះ ដើម្បីវាយតម្លៃអំពីលទ្ធផលការងាររបស់ខ្លួន និងជាធាតុចូលសម្រាប់រៀបចំ ជាគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្សេងៗទៅថ្ងៃអនាគត»។

លោកបានមានប្រសាសន៍បន្ដថា «ក្នុងនាមជារដ្ឋាភិបាល យើងគ្រាន់តែស្នើសុំឲ្យការបញ្ចេញមតិទាំងអស់ ធ្វើឡើងប្រកបដោយភាពទទួលខុសត្រូវ និងត្រូវចែកឲ្យដាច់ពីគ្នារវាងសិទ្ធិ ក្នុងបញ្ចេញមតិលើបញ្ហាអ្វីមួយ និងការជេប្រមាថ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ការបង្អួចកេរ្តិ៍ឈ្មោះ ការផ្សព្វផ្សាយព័ត៌មានមិនពិត ការអំពាវនាវរំលំរដ្ឋាភិបាលស្របច្បាប់ ដែលអាចនាំមកនូវភាពចលាចល និងការបែកបាក់នៅក្នុងសង្គម»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងទៀតថា អ្វីដែលកំពុងកើតឡើងនៅកម្ពុជា គឺប្រជាជនពីគ្រប់និន្នការនយោបាយ ហ៊ានបញ្ចេញមតិប្រកបដោយលក្ខណៈរស់រវើក និងដោយមិនខ្លាចរអាលើគ្រប់ប្រធានបទ ហើយលោកខ្លួនឯងផ្ទាល់ក៏តែងបានទទួលនូវការផ្ដល់មតិជាច្រើនពីប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានគូសរំលេចបន្ថែមថា ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសារព័ត៌មានវិញ កម្ពុជាមានកាសែតចំនួន៥៥០កាសែត, ជាវែបសាយចំនួន១៤៨, ស្ថានីយ៍វិទ្យុ២១១, ទូរទស្សន៍ចំនួន២១, ទូរទស្សន៍ខ្សែកាប្លិ៍ចំនួន១១៣ប៉ុស្ដិ៍ និងសមាគមអ្នកកាសែតចំនួន៣៩។

កត្ដាទាំងអស់នេះហើយ ប្រជាជនកម្ពុជា មានសិទ្ធិទទួលបានព័ត៌មានពីគ្រប់ប្រភព គ្រប់ប្រភេទ និងមានសិទ្ធិបញ្ចេញមតិលើគ្រប់ប្រធានបទ។ ជាក់ស្ដែង Facebook របស់ខ្លូនការរបស់លោកនាយករដ្ឋមន្រ្តី ដែលជាវេទិកាសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈចូលរួមផ្ដល់យោបល់លើការដឹកនាំ លើបញ្ហានៃការអភិវឌ្ឍនៅតាមមូលដ្ឋាន ការប្រព្រឹត្តខុសរបស់មន្ដ្រី និងអាជ្ញាធរ និងលើបញ្ហាផ្សេងទៀត។ នេះជាអ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់។

បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងទៀតថា កម្ពុជា តែងតែរៀបចំកិច្ចប្រជុំជាមួយនឹងអង្គភាពសារព័ត៌មាន ជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងបណ្ដាញសារព័ត៌មាន ក្នុងគោលបំណង រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ និងចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា៕

អត្ថបទទាក់ទង