ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ ៖ បើនិយាយពីសិទ្ធិមនុស្ស ត្រូវមើលសិទ្ធិរស់រានមានជីវិតជាមុន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 91
ទស្សនៈ ៖ បើនិយាយពីសិទ្ធិមនុស្ស ត្រូវមើលសិទ្ធិរស់រានមានជីវិតជាមុន ទស្សនៈ ៖ បើនិយាយពីសិទ្ធិមនុស្ស ត្រូវមើលសិទ្ធិរស់រានមានជីវិតជាមុន

បើទោះបីមនុស្សជាតិ កំពុងរស់នៅក្នុងសម័យកាលទំនើបនាសតវត្សទី២១ នេះហើយក៏ដោយ បញ្ហាជីវិតមនុស្សរស់នៅលើភពផែនដីនេះ វាមិនដូចគ្នាទេពីប្រទេសមួយទៅប្រទេសមួយ ពីតំបន់មួយទៅតំបន់មួយ និងពីទ្វីបមួយទៅទ្វីបមួយនោះទេ។ តំបន់ខ្លះ ប្រទេសខ្លះ និងនៅឧបទ្វីបខ្លះ កុំថាឡើយសិទ្ធិបញ្ចេញមតិ សិទ្ធិដើរហើរ ឬសិទ្ធិដទៃទៀត សូម្បីតែសិទ្ធិរស់រានមានជីវិតក៏មិនមានផង។

ជាក់ស្តែងប្រទេសមួយចំនួន កំពុងជួបប្រទះគ្រោះទុរ្ភិក្ស គ្រោះទឹកជំនន់ គ្រោះភ្លើងឆេះព្រៃ គ្រោះដួលរលំសេដ្ឋកិច្ច សង្គ្រាម ទាំងសង្គ្រាមស៊ីវិល និងសង្គ្រាមរវាងប្រទេសនិងប្រទេស គ្មានទេសិទ្ធិរស់រានមានជីវិត មានតែសិទ្ធិរត់លូន រត់គេច និងសិទ្ធិបាញ់គ្នាមិនចេះឈប់ឈរ។ ករណីនេះ កំពុងកើតមាននៅក្នុងប្រទេសអ៊ីតាលី ប្រទេសអូស្ត្រាលី ប្រទេសស្រីលង្កា ប្រទេសមីយ៉ាន់ម៉ា ប្រទេសអ៊ុយក្រែន និងប្រទេសដទៃទៀត។

ពិភពលោកមានរឿងរាប់មិនអស់ ដែលគួរតែឆ្លុះបញ្ចាំង វាយតម្លៃប្រៀបធៀប និងផ្តល់យុត្តិធម៌ចំពោះប្រទេសជាតិដែលបានខិតខំប្រឹងប្រែងបង្កើត រក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ប្រជាពលរដ្ឋរស់ក្នុងសេចក្តីថ្លៃថ្នូរថ្កុំថ្កើងរុងរឿង ពីដំណាក់កាលមួយទៅដំណាក់កាលមួយ តួយ៉ាងដូចជាប្រទេសកម្ពុជា។

ប្រទេសកម្ពុជា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងរំដោះប្រទេសជាតិឱ្យរួចរស់ជីវិតពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយរាប់ទសវត្ស កសាងសន្តិភាពពេញបរិបូណ៍ និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនប្រែក្លាយពីប្រទេសក្រីក្របំផុតមួយ ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយកំពុងឈានឆ្ពោះទៅសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងពេលឆាប់ៗខាងមុខនេះ ក៏ប៉ុន្តែអ្នកវិភាគដែលតាំងខ្លួនឯករាជ្យ មិនដែលមើលឃើញ មិនយកចិត្តទុកដាក់ ហើយផ្តោតតែការបម្រើប្រយោជន៍ប្រទេសដទៃដើម្បីតែប្រាក់ខែនិងប្រាក់ជំនួយរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះវ៉ៃប្រហារប្រទេសជាតិខ្លួនឯង ជ្រុងណាក៏ខ្មៅងងឹត និងផ្កាប់មុខជានិច្ច នៅពេលដែលពួកគេនិងក្រុមគ្រួសារពួកគេកំពុងរស់ដោយសុខសុវត្ថិភាពបំផុត និងរីករាយបំផុតនៅទីនេះ។

ក៏ប៉ុន្តែបញ្ហាដែលកើតមាននៅក្នុងប្រទេសដែលជាចៅហ្វាយនាយរបស់ខ្លួន ឬជាប្រទេសដែលផ្តល់លុយឱ្យក្រុមខ្លួនវិញ ដូចជាករណីការបាញ់ប្រហារសម្លាប់រង្គាលនៅចំថ្ងៃបុណ្យឯករាជ្យនៅសហរដ្ឋអាមេរិក គ្រោះរាំងស្ងួតនៅអ៊ីតាលី និងគ្រោះទឹកជំនន់នៅអូស្តា្រលី អ្នកវិភាគឯករាជ្យ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាំងនោះ គ្មានក្អកអ្វីសូម្បីមួយម៉ាត់។ នេះហើយឬដែលគេហៅថា អ្នកវិភាគនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ខាងប្រឆាំងផ្កាប់មុខ ជ្រុលនិយម?

នៅសហរដ្ឋអាមេរិក ប្រជាជនមានកាំភ្លើង ច្រើនជាងចំនួនមនុស្សទៅទៀត នេះបើតាមតួលេខចុះផ្សាយដោយវិទ្យុបារាំងអន្តរជាតិផ្សាយជាភាសាខ្មែរ ហើយកើតមានករណីបាញ់ប្រហារមិនឈប់ឈរ ស្លាប់រង្គាល អស់លោកទាំងនោះមានដែលគិតពីសិទ្ធិរបស់អ្នកស្លាប់ អ្នកដែលត្រូវបានគេបាញ់ទេ ឬក៏មិនហ៊ាននិយាយ ខ្លាចគេផ្តាច់ប្រាក់ខែ ចុះនៅស្រុកខ្មែរអីក៏ខំបំប៉ោងខ្លាំងម្ល៉េះ? ម៉េចខ្លាចគេមកលេងស្រុកខ្មែរច្រើន គេមករកស៊ីស្រុកខ្មែរច្រើន ខ្លាចស្រុកខ្លួនឯងអភិវឌ្ឍរីកចម្រើនមែនទេ?

បើបរទេសខ្លះគេមិនស្រឡាញ់ខ្មែរ គេមិនចង់ឱ្យខ្មែររីកចម្រើន គេបន្ទុចបង្អាក់ខ្មែរ វាជារឿងធម្មតារបស់គេទេ តែយើងដែលមានឈាមជ័រជាខ្មែរ រស់នៅក្នុងទឹកដីខ្មែរ ហើយកំពុងប្រើប្រាស់សមិទ្ធផលដែលកើតចេញពីបាតដៃខ្មែរ គួរណាស់ចេះឱ្យតម្លៃខ្មែរ និងកិត្តិយសជាតិខ្មែរ។

ជាចុងក្រោយ សូមផ្តាំទៅក្រុមប្រឆាំងផ្កាប់មុខ ទោះជាតាំងខ្លួនជាអ្វីក៏ដោយ ត្រូវគិតប្រយោជន៍ជាតិជាធំ កុំបម្រើបរទេសព្រោះតែលុយ អំណាច និងលាភសក្ការៈផ្សេង។

ដោយ៖ ឡុង បូរិតា

អត្ថបទទាក់ទង