លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាសោកស្តាយដែលបញ្ហាសិទ្ធិមនុស្សក្លាយជាឧបករណ៍នយោបាយ ខណៈប្រទេសមួយចំនួនយកបញ្ហាសិទ្ធិមនុស្សធ្វើជាចំណាប់ខ្មាំង គំរាមដល់ការផ្តល់ជំនួយ ឬការអនុគ្រោះពន្ធដល់កម្ពុជា
(ស្វីស)៖ ថ្លែងប្រាប់ពិភពលោក ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ លើកទី៤១ នៅទៅក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ, លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ក្នុងពេលបច្ចុប្បន្ននេះ ដែលបញ្ជាសិទ្ធិមនុស្ស បានក្លាយជាឧបករណ៍នយោបាយសម្រាប់ប្រទេសមានអំណាចមួយចំនួន ដើម្បីធ្វើជាលេសសម្រាប់លូកដៃជ្រៀតជ្រែក លើអធិបតេយ្យភាព និងឯករាជ្យភាព របស់ប្រទេសទន់ខ្សោយ។
លោកនាយករដ្ឋមន្ត្រីបាន ថ្លែងថា ទោះបីជាកម្ពុជាខិតខំប្រឹងប្រែង និងសម្រេចបាននូវលទ្ធផលជាច្រើនលើបញ្ហាសិទ្ធិមនុស្ស ក៏កម្ពុជាមិនដែលបានទទួលនូវ ការសាទរ ឬសរសើរពីក្រុម ឬស្ថាប័នមួយចំនួន ដែលមានរបៀបវារៈនយោបាយតែមួយគត់ គឺការផ្លាស់ប្តូររបបនៅក្នុងតម្លៃណាក៏ដោយ។ ពួកគេតែងតែលាបពណ៌ខ្មៅ មកលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា ទោះបីជាការអនុវត្តសិទ្ធិមនុស្ស នៅប្រទេសរបស់ពួកគេខ្លួនឯង ពោរពេញទៅដោយការស្លាប់លើជនបរទេស ការរើសអើងពូជសាសន៍ ការប្រព្រឹត្តអំពើមិនគប្បីមកលើជនអន្តោប្រវេសន៍។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៀតថា ក្រុម ឬស្ថាប័នមួយចំនួននោះ ពួកគេមិនញញើត ក្នុងការអនុវត្តនូវស្តង់ដារពីរ ចំពោះការវាយតម្លៃទៅលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីបន្ទច់ បង្អាក់ ការអភិវឌ្ឍ ក៏ដូចជាកំទេចនូវកិត្តិយសរបស់ជាតិកម្ពុជានោះដែរ។
លោកបានលើកឡើងថា វាជារឿងចម្លែកណាស់ ដែលកម្ពុជាត្រូវបានស្នើឱ្យពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ប៉ុន្តែនៅពេលដែលអាជ្ញាធរអនុវត្តច្បាប់ ក្រុម ឬស្ថាប័នមួយចំនួននោះ បានចោទប្រកាន់ កម្ពុជាថារឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិទៅវិញ ហើយអាក្រក់ជាងនេះទៅទៀត ប្រទេស និងស្ថាប័នមួយចំនួន បានយកសិទ្ធិមនុស្សធ្វើជាចំណាប់ខ្មាំង ទាក់ទងនឹងការផ្តល់ជំនួយ ឬការអនុគ្រោះផ្នែកសេដ្ឋកិច្ចដល់កម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងមានការសោកស្តាយជាពន់ពេក ក្នុងការរំលេចនូវតថភាពដែលថា សិទ្ធិមនុស្សនាបច្ចុប្បន្ននេះ បានក្លាយទៅជាឧបករណ៍នយោបាយសម្រាប់ប្រទេសមានអំណាចមួយចំនួន ឬក៏អាចនិយាយបានថា ជានិយាមប្រតិបត្តិថ្មីរបស់ពួកគេ ឬជាលេសសម្រាប់រាល់ការលូកដៃជ្រៀតជ្រែក លើអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសទន់ខ្សោយ»។
នៅចំពោះមនុស្សមន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សរបស់ UN និងប្រទេសជាសមាជិក លោកនាយករដ្ឋមន្ត្រី បានសូមសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូ ដែលមានលក្ខណៈស្ថាបនាជាមួយយន្តការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញលើកកម្ពស់ និងការពារសិទ្ធិមនុស្សឱ្យបានកាន់តែប្រសើរថែមទៀត។
លោកបានលើកឡើងថា «យើងក៏ចង់គូសបញ្ជាក់ដែរថា ការគោរពចំពោះអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសនានា ភាពមិនលំអៀង និងមិនរើសអើង គប្បីត្រូវបានកំណត់ជាគោលការណ៍ណែនាំ ដែលទាំងអស់គ្នាមិនថាប្រទេសធំ ឬតូច ត្រូវគោរពប្រតិបត្តិ នៅក្នុងការខិតខំលើកកម្ពស់សិទ្ធិមនុស្ស ដោយគិតគូរពីបរិការណ៍នយោបាយ ប្រវត្តិសាស្រ្ត និងសង្គមរបស់ប្រទេសនីមួយៗ។ បញ្ហាសិទ្ធិមនុស្សគួរតែត្រូវបានដោះស្រាយ នៅក្នុងបរិការណ៍ពិភពលោក ដោយឈរលើអភិក្រមស្ថាបនា ប្រើប្រាស់ស្តង់ដារតែមួយ គ្មានការប្រឈមមុខដាក់គ្នា មិនពាក់ព័ន្ធនឹងរបៀបវារៈនយោបាយ និងផ្អែកលើកិច្ចសន្ទនា»។
ជាមួយគ្នានេះ លោកក៏បានស្នើឱ្យភាគីទាំងអស់ពិនិត្យមើល បញ្ហាទាំងឡាយជាប្រព័ន្ធ ពោលគឺមើលជាព្រៃទាំងមូល ហើយសូមកុំមើលតែឈើមួយដើមៗ ដោយផ្សារភ្ជាប់ជាមួយរបៀបវារៈនយោបាយរបស់ខ្លួន៕