ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបរទេសមានជិត ៣ម៉ឺនលានដុល្លារអាមេរិកកាលពីឆ្នាំមុន
កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយបរទេសមានចំនួន ២ម៉ឺន ៩ពាន ៨០០លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨ កន្លងទៅ។ ទន្ទឹមគ្នានេះ កម្ពុជាក៏សម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥%ផងដែរ។ កំណើនដ៏រឹងមាំនេះបានមកពីការរីកចម្រើនលើវិស័យឧស្សាហកម្ម កម្មន្តសាល កសិកម្ម និងសេវាកម្ម ដែលមានដូចជាទេសចរណ៍ ព្រមទាំងអចលនទ្រព្យជាដើម។ នេះបើតាមសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូនជនរួមជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ថ្មីៗនេះ។
នៅក្នុងសារផ្ញើជូនជនរួមជាតិលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹងទៀតថា អត្រាភាពក្រក្រីនៅកម្ពុជា ក៏បានធ្លាក់មកនៅត្រឹម ៩% នៅក្នុងឆ្នាំ២០១៨ និងបន្តធ្លាក់ចុះថែមទៀតនៅឆ្នាំ២០១៩ ហើយគម្លាតនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក៏មានការធ្លាក់ចុះជាលំដាប់ផងដែរ។
សារលិខិតដដែលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញពីការរីកចម្រើនលើការកសាងហេដ្ឋារចនាសម្ព័ន្ធ មានដូចជា ស្ពាន ផ្លូវថ្នល់ ផ្លូវជាតិ ផ្លូវលំ ទាំងនៅរាជធានី និងតំបន់ជនបទ ការរីកចម្រើននៃវិស័យថាមពលអគ្គិសនី សំណង់ កំពង់ផែ ព្រមទាំងការរីកចម្រើននៃវិស័យឧស្សាហកម្ម និងសិប្បកម្មជាដើម។ ចំពោះវិស័យការបរទេសវិញកម្ពុជាក៏សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនផងដែរ៕