ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ក្នុងរយៈពេល ៧ ខែឆ្នាំនេះ មានចំនួនជាង ៤ ពាន់លានដុល្លារ បើទោះបីជាមានវិបត្តិកូវីដ-១៩
ទោះបីមានការយាយីពីវិបត្តិនៃជំងឺកូវីដ-១៩យ៉ាងណាក្តី តែការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក នៅតែមានកំណើនខ្ពស់ក្នុងឆ្នាំ២០២១នេះ។ រយៈពេល៧ខែឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក។ ចំនួននេះកើនឡើងប្រមាណ ៣៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
ក្នុងជំនួបតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកម្ពុជា បានសាទរចំពោះលទ្ធផលដ៏ល្អប្រសើរលើលទ្ធផលនៃការធ្វើពាណិជ្ជកម្មនេះ។ ទន្ទឹមនឹងលទ្ធផលល្អនេះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាក្នុងការជំរុញកិច្ចសហប្រិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែប្រសើថែមទៀត។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៦ ដែលបានជំរុញឱ្យវិស័យកម្មសិទ្ធិបញ្ញាមានការរីកចម្រើនច្រើន។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងប្រឹងប្រែងសហការជាមួយអង្គការកម្មសិទ្ធបញ្ញាពិភពលោក (WIPO) ក្នុងការសិក្សាចូលជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត និងលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរទ្បើង ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសម្តែងការស្វាគមន៍នូវការដាក់ដំណើររោងចក្រដំទ្បើងរថយន្ត Ford នៅខេត្តពោធិសាត់ដែលអាចផ្តល់ឱកាសជូនប្រជាជន កម្ពុជា និងការផ្ទេរបច្ចេកវិទ្យាជាដើម។ ទន្ទឹមនេះលោករដ្ឋមន្ត្រី ក៏បានសម្តែងការស្វាគមន៍ចំពោះការបើកការិយាល័យរបស់ក្រសួងកសិកម្មអាម៉េរិក (USDA) ប្រចាំកម្ពុជា ដែលអាចលើកកម្ពស់ផលិតភាពវិស័យកសិកម្មកម្ពុជា ហើយតាមរយៈនេះ អាចបង្កើនកិច្ចសហប្រតិបត្តិពាណិជ្ជកម្មទាក់ទងនឹងកសិកម្មរវាងប្រទេសទាំងពីរ ផងដែរ។
នាឱកាសនោះ លោក ប៉ាន សូរស័ក្តិ និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផងដែរអំពីការងារអាទិភាពក្នុងការត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត។ លោកឯកអគ្គរដ្ឋទូត បានសន្យាជួយគាំទ្រកម្ពុជាក្នុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងសម្តែងការគាំទ្រដល់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៕ Fresh News