ខ្មែរប៉ុស្ដិ៍ Close

    ឯកសារចំនួន៦ ត្រូវបានចុះហត្ថលេខាដោយកម្ពុជា-ចិន ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2100
    ឯកសារចំនួន៦ ត្រូវបានចុះហត្ថលេខាដោយកម្ពុជា-ចិន ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យីឯកសារចំនួន៦ ត្រូវបានចុះហត្ថលេខាដោយកម្ពុជា-ចិន ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី

    ឯកសារសំខាន់ៗចំនួន៦ចំណុច ត្រូវបានចុះហត្ថលេខាដោយកម្ពុជា-ចិន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

    ឯកសារចំនួន៦ដែលត្រូវបានចុះហត្ថលេខានេះរួមមាន៖

    • ទី១៖ លិខិតប្រគល់-ទទួល សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន ដោយលោកទេសរដ្ឋមន្ត្រី លី ធុជ និងលោក វ៉ាង វិនធៀន (WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
    • ទី២៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូរ រវាងគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក ម៉ម ប៊ុនហេង និងលោក វូ ហ្សីនហាវ ( Wu Jianghao) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
    • ទី៣៖ លិខិតប្រគល់-ទទួលបរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក ម៉ម ប៊ុនហេង និងលោក គៀន ខឹមីង (H.E. Qian Keming) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។
    • ទី៤៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន១,៧៥០,០០០,០០០យ័នចិន (ប្រមាណ ២៧០លានដុល្លារអាមេរិក) ដោយលោក វង្សី វិស្សុត និងលោក ដេង បូគិង (Deng Boqing) អនុប្រធានភ្នាក់ងារអភិវឌ្ឍន និងសហប្រតិបត្តិការអន្តរជាតិ។
    • ទី៥៖ លិខិតប្រគល់-ទទួលថវិកាចំនួន ២,៥លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដោយលោក វង្សី វិស្សុត និងលោក គៀង ខឺមីង (QIAN Keming) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។
    • ទី៦៖ កិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង ដោយលោក សុខ សូកេន និង លោក វូ ហ្សីនហាវ ( Wu Jianghao) ឧបការីរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

    សូមជម្រាបថា លោក វ៉ាង យី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយ:ពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។

    ដំណើរទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះ បានបន្តពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន៕

    Fresh News

    អត្ថបទទាក់ទង