ខ្មែរប៉ុស្ដិ៍ Close

មានក្រុមអ្នកនយោបាយក្រៅច្បាប់មួយចំនួនព្យាយាមបង្កអស្ថេរភាព ប៉ុនប៉ងធ្វើសកម្មភាពដែលផ្ទុយពីប្រជា ធិបតេយ្យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 6

នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោកឧបនា​យ ករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុ​ញ្ញាតឲ្យប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចូលជួបសម្ដែងគួរសម មុនពេលចេញដំណើរទៅចូលរួមក្នុងវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន។

ជាកិច្ចចាប់ផ្ដើមនៃជំនួបដ៏មានសារៈសំខាន់នេះ ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានថ្លែងអំ​ណរគុណលោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលតែងតែចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យសមាគមដឹក​នាំប្រតិភូនាវាយុជនអាស៊ីអាគ្នេយ៍ និងជប៉ុន ចូលជួបសម្ដែងការគួរសម។ ប្រធានសមាគម បានជម្រាបថាក្នុងឱកាសនៃការជួបសម្ដែងការគួរសមនេះ ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន បានទទួលនូវដំបូន្មាន អនុសា​សន៍ល្អៗ ជាដើមទុនដ៏មានតម្លៃដល់យុវជន​ទាំង​អស់ ដែលនេះជាសក្ខីភាពបង្ហាញពីការយកចិត្តទុក​ដាក់ ការផ្ដល់កិត្តិយស និងការលើកទឹកចិត្តមិនអាចកាត់ថ្លៃបាន។

ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ក៏បានជម្រាបជូនអំពីប្រវត្តិ និងសកម្មភាពនានាជាបន្តបន្ទាប់របស់សមាគម និងប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ពិសេសបានធ្វើឲ្យយុវជនប្រទេសជាសមាជិកបានស្គាល់ យល់ដឹង ចងចាំ អំពីប្រវត្តិសាស្រ្ត វប្បធម៌ សង្គម សេដ្ឋកិច្ច និងនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់មក​ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានមាន​ប្រសាសន៍ទៅកាន់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ថាពីមួយឆ្នាំទៅមួយឆ្នាំធនធានមនុស្សកម្ពុជាកាន់​តែមានការរីកចំរើន ដែលបង្ហាញឲ្យឃើញតាមរយៈចំនួនដ៏ច្រើននៃសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូមិ ឬបាក់ឌុប និស្សិតសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត។

លោក ស ខេង បានមានប្រសាសន៍ទៀតថា​ ផ្លែផ្កានៃការអភិវឌ្ឍធនធានមនុស្សនេះ គឺកើតចេញពីកត្តាសុខសន្តិ ភាព ដែលរាជរដ្ឋាភិបាលបាន និងកំពុងថែរក្សាតាមរយៈការអនុវត្តគោលនយោបាយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងថាបច្ចុប្បនេះ មានក្រុមអ្នកនយោបាយក្រៅច្បាប់មួយចំនួន បានព្យាយាមបង្កអស្ថេរភាព តាម រយៈការប៉ុនប៉ងធ្វើសកម្មភាពដែលផ្ទុយពីប្រជាធិបតេ យ្យ។

លោក ស ខេង បានមានប្រសាស៍ថា រាជរដ្ឋាភិបាល បានដឹកនាំការអនុវត្តច្បាប់យ៉ាងត្រឹមត្រូវដើម្បីថែរក្សាសេចក្ដីសុខ និងសន្តិភាព ឈានទៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ ហើយក្នុងនោះដែរ រាជរដ្ឋាភិបាលបានចាត់តាំងក្រុមការងារចុះធ្វើវេទិកាសាធារណៈនៅគ្រប់មូលដ្ឋានប្រជាពលរដ្ឋដើម្បីដោះស្រាយកង្វល់ និងសំណូមពររបស់ពួកគាត់។

ពាក់ព័ន្ធនឹងការចេញទៅចូលរួមកម្មវិធីរបស់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានមានប្រសាសន៍ណែនាំឲ្យប្រតិភូនាវាយុវជន ខិតខំប្រឹងប្រែងរក្សាតម្លៃខ្លួនយើងឲ្យល្អ ទទួលយកបទ​ពិសោធន៍ពីកម្មវិធីនានាដែលភាគីជប៉ុនបានរៀបចំ រក្សាមិត្តភាព និងសាមគ្គីភាពជាមួយក្រុមយុវជនផ្សេងទៀត និងត្រូវផ្សព្វផ្សាយអំពីប្រទេសកម្ពុជាទៅកាន់យុវជនផ្សេងទៀត៕

អត្ថបទទាក់ទង