ខ្មែរប៉ុស្ដិ៍ Close

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាទទួលស្គាល់ការជួយបោសសម្អាតមីន និងគ្រាប់បែកចង្កោមដែលទម្លាក់នៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 19
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាទទួលស្គាល់ការជួយបោសសម្អាតមីន និងគ្រាប់បែកចង្កោមដែលទម្លាក់នៅកម្ពុជា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាទទួលស្គាល់ការជួយបោសសម្អាតមីន និងគ្រាប់បែកចង្កោមដែលទម្លាក់នៅកម្ពុជា

លោក Michael Newbill ភារធារីនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានទទួលស្គាល់ថា ការជួយបោសសម្អាតមីន និងជាពិសេសការបោស សម្អាតគ្រាប់បែកចង្កោម ដែលបានទម្លាក់នៅភាគឦសាននៃប្រទេសកម្ពុជា គឺជាកាតព្វកិច្ចចាំបាច់របស់សហរដ្ឋអាមេរិក។ ការលើកឡើងរបស់តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកជួបជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។

លោកទេសរដ្ឋមន្រ្តី លី ធុច បានស្វាគមន៍ចំពោះការគាំទ្រដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក នៅក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ហើយលោកក៏បានបញ្ជាក់ពីទស្សនវិស័យ និងការបេ្តជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការសម្រេចឱ្យបាននៅគោលដៅកម្ពុជាគ្មានគ្រាប់មីន នៅក្នុងឆ្នាំ២០២៥។

ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានរំលឹកឡើងវិញថា ប្រទេសកម្ពុជា បានបញ្ចប់សង្រ្គាមស៊ីវិល និងទទួលបានសន្តិភាពក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែប្រទេសកម្ពុជាបាននិងកំពុងប្រឈមនឹងបញ្ហាដ៏ធំនៃគ្រាប់មីន និងគ្រោះថ្នាក់ដោយសារមីន នៅតាមបណ្តាខេត្តភាគខាងជើង តាមបណ្តោយព្រំដែនថៃ និងនៅតំបន់ភាគឦសាន្ត បញ្ហាគ្រាប់បែកចង្កោមដែលបានទម្លាក់ដោយយន្តហោះអាមេរិក ក្នុងអំឡុងពេលសង្គ្រាមឥណ្ឌូចិន ក៏ជាបញ្ហាប្រឈមដ៏ធំសម្បើមផងដែរ។ លោកទេសរដ្ឋមន្រ្តី ក៏បានជំរុញឱ្យសហរដ្ឋ អាមេរិកបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីន គ្រាប់បែកចង្កោម។

ជាការឆ្លើយតប តំណាងសា្ថនទូតសហរដ្ឋអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិកនឹងនៅតែបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជាកាន់តែខ្លាំងថែមទៀត ហើយបានបញ្ជាក់ថា សហរដ្ឋអាមេរិកយល់ឃើញថា ការជួយគាំទ្រនេះគឺជាកាតព្វកិច្ចចាំបាច់របស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជា។ ជាមួយគ្នានោះ តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក៏បានស្វាគមន៍ និងគាំទ្រទស្សនវិស័យនិងការបេ្តជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅកម្ពុជាគ្មានគ្រាប់មីន នៅឆ្នាំ២០២៥ ហើយសហរដ្ឋអាមេរិក នឹងបង្កើនជំនួយគាំទ្រ ដើម្បីចូលរួមចំណែកក្នុងវិស័យសកម្មភាពមីននៅពេលអនាគតផងដែរ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែខិតខំកសាងចំណងមិត្តភាពជិតស្និទ្ធជាមួយគ្រប់ប្រទេសជាមិត្ត ទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក ក៏ដូចជាជាមួយសហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ដោយឈរលើគោលការណ៍ឯករាជ្យអធិបតេយ្យភាពជាតិ គោរពគ្នាទៅវិញទៅមកនិងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង