ខ្មែរប៉ុស្ដិ៍ Close

ស្ថានទូតអាមេរិកនៅភ្នំពេញ រងការរិះគន់យ៉ាងចាស់ដៃពីបណ្តាញ Facebook ចំពោះការប្រើភាសាអុជអាលចំថ្ងៃទិវាសេរីភាពសារព័ត៌មាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 47
ស្ថានទូតអាមេរិកនៅភ្នំពេញ រងការរិះគន់យ៉ាងចាស់ដៃពីបណ្តាញ Facebook ចំពោះការប្រើភាសាអុជអាលចំថ្ងៃទិវាសេរីភាពសារព័ត៌មាន ស្ថានទូតអាមេរិកនៅភ្នំពេញ រងការរិះគន់យ៉ាងចាស់ដៃពីបណ្តាញ Facebook ចំពោះការប្រើភាសាអុជអាលចំថ្ងៃទិវាសេរីភាពសារព័ត៌មាន

ស្ថានទូតអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅចុងសប្តាហ៍នេះ បានរងការរិះគន់យ៉ាងចាស់ដៃពីបណ្តាញ Facebook ចំពោះការប្រើភាសាអុជអាលចំថ្ងៃទិវាសេរីភាពសារព័ត៌មាន។

ប្រតិកម្មពីមហាជនអ្នកលេងហ្វេសប៊ុក បានកើតឡើងចំពោះការបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូត ដែលមហាជនចាត់ទុកថា ជាសារញុះញង់ អុជអាល។ ស្ថានទូតចង់និយាយពីសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបែរជាដាក់រូបថត ក្រុមបាតុករតវ៉ាក្នុងនិន្នការបម្រើបដិវត្តន៍ពណ៌ទៅវិញ។

សាររបស់ស្ថានទូតអាមេរិក បានសរសេរថា៖ «បើយោងតាមរបាយការណ៍ ឆ្នាំ២០១៩ នៃសារព័ត៌មានអ្នកកាសែតគ្មានព្រំដែន ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាគ្មានភាពសេរីទេ។ តាមពិតទៅ ប្រទេសកម្ពុជាបានធ្លាក់ដល់ចំណាត់ថ្នាក់លេខ១៤៣ ក្នុងចំណោមប្រទេសចំនួន១៨០ នៅក្នុងសន្ទស្សន៍ស្តីពីសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៩…»។ សារនេះ មិនបានភ្ជាប់រូបភាពអ្នកសារព័ត៌មាន បែរជាស្ថានទូតឆ្លៀតប្រើរូបភាពបាតុកម្មទៅវិញ។

អ្នកលេងហ្វេសប៊ុកម្នាក់ បានបញ្ចេញប្រតិកម្មនៅក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកថា៖ «មន្ត្រីក្នុងស្ថានទូត អាមេរិក ប្រហែលមិនធ្លាប់ចូលសាលាកាសែតទេ ហើយក៏គួរតែរៀនពីអ្នកកាសែត របៀបប្រើរូបភាពភ្ជាប់នឹងសំណេរ។ រូបភាពខាងក្រោម បើប្រើជាមួយខ្លឹមសារថា៖ «កម្ពុជា មិនអនុញ្ញាតឲ្យមាន បដិវត្តន៍ពណ៌» ទើបត្រឹមត្រូវ។

រីឯម្នាក់ទៀត បានប្រតិកម្មថា៖ «បើសារព័ត៌មាននៅប្រទេសកម្ពុជា គ្មានសេរីភាព ក្នុងនាមខ្ញុំជាប្រជាជនកម្ពុជា១រូប ចង់ស្នើសុំស្ថានទូតអាមេរិក បើកវេទិកាសារធារណៈ ជួបជាមួយយើងខ្ញុំផ្ទាល់បានទេ? បើខ្លួនអាមេរិកយល់ថា ខ្លួនល្អជាមួយកម្ពុជាពិត មានសេរីភាពពិត ប្រជាធិបតេយ្យពិត កុំបានតែបញ្ចេញមាត់ឆ្កែ បង្ហោះព័ត៌មានលាបពណ៌ជាតិសាសន៍ខ្មែរ បែបថោកទាបដល់កម្រិតសូន្យបែបនេះ ឬប្រទេសអាមេរិកទាំងមូលគ្មានអ្នកប្រាជ្ញ ដើម្បីតតាំងមតិជាមួយប្រជាជនកម្ពុជា ភាគច្រើនហើយឬ? ឬក៏ប្រទេសបិតាប្រជាធិបតេយ្យចេះតែលាបពណ៌ជាតិសាសន៍គេ តែមួយក្បាច់នេះទេអី? ជួយឆ្លើយផង ពួកអាលក់ក្បាល់ឲ្យសត្រូវ ដែលធ្វើឆ្កែបម្រើក្នុងស្ថានទូតអាមេរិក ជួយបកប្រែឲ្យពួកវាស្តាប់ផង»

ម្នាក់ទៀតបានចោទសួរថា៖ «ចឹងមានតែអាមេរិកទេ ដែលធ្វើអីក៏ត្រូវ ធ្វើអីក៏សមតែឯងលើលោក? ហើយការបង្ហោះបែបនេះជាការងារទូតដែរឬទេ? អ្នកកាសែតអារ៉ាប់ប៊ីសាអូឌិត ដែលស្លាប់នោះដល់ណាហើយ? ហើយលោក ត្រាំ លែងជេរពួកអ្នកព័ត៌មានតាមមេក្រូហើយឬនៅ?»

អ្នកលេងហ្វេសប៊ុកម្នាក់ទៀតបានសរសេរតបថា៖ «ពួកអ្នកធ្វើការខុសគោលការណ៍របស់សេតវិមានហើយ។ បើពួកអ្នកនៅតែបន្តធ្វើបែបនេះទៀត ខ្ញុំជាពលរដ្ឋខ្មែរមួយរូបនឹងសរសេរសំបុត្រទៅសេតវិមានឲ្យពិនិត្យមើលការងារក្នុងស្ថានទូតអាមេរិកនៅកម្ពុជា ដែលមួយថ្ងៃៗ ហាក់បីដូចជាមាននិន្នាការនយោបាយ ទាំងស្ថានទូតអាមេរិកនៅកម្ពុជាមិនទាន់មានឯកអគ្គរដ្ឋទូតថ្មីនៅឡើយទេ»

«ស្ថានទូត! លោកឯងសូមកុំមកកូរប្រទេសកម្ពុជាអី! លោកឯងបានមកកូរឥណ្ឌូចិនឡើងខ្ទេចខ្ទី រួចហើយក៏ទៅវិញ បន្ទាប់ពីប្រទេសលោកឯងបានចុះសន្ធិសញ្ញាបទឈប់បាញ់ជាមួយវៀតណាម! តើឯណាទៅទំនួលខុសត្រូវរបស់លោកឯង!? សូមបងប្អូនខ្មែរទាំងអស់សិក្សា ស្វែងយល់ពីមហាអំណាចទាំងអស់ កុំឲ្យមានទំនោខ្លាំងទៅលើប្រទេសណាមួយ។ កុំឲ្យចាញ់បោកមនោគមន៍វិជ្ជានយោបាយគេ ត្រូវតាមដានបញ្ហាសកលសម័យថ្មី! ហើយចង់ប្រាប់ថា អាស្អី​វាយតម្លៃលេខហ្នុង ប្រទេសលោកឯងក៏មិនទទួលស្គាល់ជាផ្លូវការដែរ!»

ពាក់ព័ន្ធនឹងការបង្ហោះសារបែបអុជអាលពីសំណាក់ស្ថានទូតអាមេរិក រហូតធ្វើឲ្យមហាជនរិះគន់នេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុបរទេសមួយថា៖ «ចំណាត់ថ្នាក់របស់អង្គការមួយ ចំពោះប្រទេសមួយ ប្រៀបបាននឹងលេខឆ្នោតឡូតូប៉ុណ្ណោះ គឺគ្មានតម្លៃទេ។ ដូច្នេះ គ្មានអ្នកណានឹងចាប់អារម្មណ៍លើចំណាត់ថ្នាក់នេះ ហើយក៏គ្មានឥទ្ធិពលអ្វីទេ»

លោក ហ៊ុយ វណ្ណៈ បានមានប្រសាសន៍ថា៖ ការពិតសេរីភាព គឺមាននៅនឹងកន្លែងរួចហើយ បញ្ហាគឺនៅត្រង់អ្នកចេះប្រើប្រាស់សេរីភាព ត្រឹមត្រូវ ថ្លៃថ្នូរឬទេ? សូមចងចាំថា៖ សេរីភាព គឺមានព្រំដែន ហើយក៏មានន័យថា «អ្នកមានសិទ្ធិនិយាយ ប៉ុន្តែម្នាក់ទៀតក៏មានសិទ្ធិមិនស្តាប់ដែរ ប្រសិនបើសម្តីអ្នកគ្មានតម្លៃ ទាបថោក ឬបង្ករគ្រោះថ្នាក់»។ ដូច្នេះ ការរៀនប្រើប្រាស់សេរីភាពឲ្យបានត្រឹមត្រូវ ថ្លៃថ្នូរ គឺសំខាន់ណាស់សម្រាប់គ្រប់ជាតិសាសន៍ នោះទើបអ្នកបានបង្កើតតម្លៃចំពោះខ្លួនឯង អង្គភាពអ្នក និងសង្គមជាតិរបស់អ្នក។ រួមគ្នាទប់ស្កាត់ភាសាអុជអាល (incitement and hate speech) គឺជាការលើកតម្កើង «គុណភាពសេរីភាព» និង «តម្លៃមនុស្ស» ជាសកលហើយ៕

អត្ថបទ៖ Swift News

អត្ថបទទាក់ទង