ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេសកម្ពុជា៖ សាររបស់ស្ថានទូតអាមេរិកស្តីពីការបោះឆ្នោតនៅកម្ពុជា ជាទង្វើដ៏គឃ្លើនរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 65
ក្រសួងការបរទេសកម្ពុជា៖ សាររបស់ស្ថានទូតអាមេរិកស្តីពីការបោះឆ្នោតនៅកម្ពុជា ជាទង្វើដ៏គឃ្លើនរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ ក្រសួងការបរទេសកម្ពុជា៖ សាររបស់ស្ថានទូតអាមេរិកស្តីពីការបោះឆ្នោតនៅកម្ពុជា ជាទង្វើដ៏គឃ្លើនរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ

ក្រសួងការបរទេសកម្ពុជា បានសម្តែងការភ្ញាក់ផ្អើល និងខកចិត្តជាខ្លាំងចំពោះស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានចេញសារនិយាយវាយប្រហារលើដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០១៨កន្លងទៅនោះ។ ក្រសួងការបរទេសបានចាត់ទុកសាររបស់ស្ថានទូតអាមេរិកនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ គឺជាទង្វើវាយប្រហារដ៏គឃ្លើនបែបនេះ ដែលរំលោភបំពានទៅលើបទប្បញ្ញត្តិទាំងឡាយដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរំលឹកជាថ្មីដល់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញថា មាត្រា១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បានចែងយ៉ាងច្បាស់ថា គោលបំណងមួយក្នុងចំណោមគោលបំណងទាំងឡាយរបស់អង្គការសហប្រជាជាតិគឺ «ត្រូវកសាងទំនាក់ទំនងមិត្តភាពក្នុងចំណោមប្រជាជាតិទាំងឡាយ ដោយផ្អែកលើការគោរពគោលការណ៍នៃសិទ្ធិស្មើភាពគ្នា និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជន និងត្រូវចាត់វិធានការសមស្របទាំងឡាយផ្សេងទៀត ដើម្បីពង្រឹងសន្តិភាពសកល»។

ក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា លើសពីនេះទៀត មាត្រា៤១នៃអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១ ចែងយ៉ាងច្បាស់ថា បុគ្គលគ្រប់រូបដែលទទួលបានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិបែបនេះ មានករណីកិច្ចគោរពច្បាប់ និងបទប្បញ្ញត្តិទាំងឡាយរបស់ប្រទេសម្ចាស់ផ្ទះ។ ទន្ទឹមនឹងនេះ ពួកគេក៏មានករណីកិច្ចមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនោះដែរ។

មាត្រាស៤១នេះ ក៏បញ្ជាក់ដែរថា និវេសនដ្ឋានទាំងឡាយរបស់ស្ថានបេសកកម្ម មិនត្រូវបានប្រើប្រាស់តាមរបៀបណាមួយ ដែលមិនស្របតាមមុខងាររបស់ស្ថានបេសកកម្ម ដូចមានចែងក្នុងអនុសញ្ញានេះ ឬដោយវិធានច្បាប់អន្តរជាតិទូទៅផ្សេងទៀត ឬដោយកិច្ចព្រមព្រៀងពិសេសណាមួយជាធរមាន រវាងប្រទេសបញ្ជូន និងប្រទេសម្ចាស់ផ្ទះ។ ក្នុងគោលដៅនេះ គោលការណ៍សមភាពអធិបតេយ្យរបស់រដ្ឋ បូរណភាពដែនដី និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ត្រូវតែគោរពឱ្យបានពេញលេញ។

សេចក្តីថ្លែងការណ៍បានលើកឡើងថា សកម្មភាពមួលបង្កាច់ឥតឈប់ឈររបស់ស្ថានទូតសហរដ្ឋអាមេរិក មិនត្រឹមតែប្រព្រឹត្តទៅផ្ទុយនឹងការខិតខំប្រឹងប្រែងបច្ចុប្បន្នប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងមិត្តភាពលើគ្រប់វិស័យជាមួយនឹងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏បានចោទជាសំណួរអំពីគោលបំណងស្មោះត្រង់របស់ស្ថានទូតសហរដ្ឋអាមេរិក ចំពោះកម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះផងដែរ។

សូមអានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

អត្ថបទទាក់ទង