ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ « អគ្គរដ្ឋទូតអាមេរិកថ្មីមកកម្ពុជាជាមួយពណ៍បេះដូងថ្មី ឬ? »

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 65

នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ជាពិសេសចាប់តាំងពីការបោះឆ្នោតឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ន ទស្សនៈនិងផ្នត់គំនិតរបស់ប្រជាជនខ្មែរភាគច្រើនបំផុតតែងតែយល់ថាពាក្យ «ទូតអាមេរិក = មេរបស់ក្រុមប្រឆាំង » « ទូតអាមេរិក = មេបញ្ជាការផ្តួលរំលំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន »។ នេះជាការពិត ដែលមន្ត្រីទូត និងក្រសួងការបរទេសអាមេរិកត្រូវហ៊ានទទួលស្គាល់ដើម្បីពិចារណាព្រោះខ្ញុំយល់ថា «ទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ល្អឬអាក្រក់ វាអាស្រ័យស្ទើរតែទាំងស្រុងលើលោកអគ្គរដ្ឋទូតអាមេរិកតែម្តង»

១. ទន្ទឹមនឹងការរីករាយ សាទរ ចំពោះលោក Patrick Murphy ដែលនឹងមកបំពេញបេសកកម្មការទូតនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ខ្ញុំក៏បានស្រាវជ្រាវតាមវេបសាយហើយកត់សំគាល់ថាលោក គឺជាអ្នកការទូតដ៏មានពិសោធន៍ម្នាក់ និងជាពិសេស គឺជាអ្នកជំនាញខាងកិច្ចការអាស៊ីអាគ្នេយ៍។ ដូច្នេះ ប្រាកដណាស់ថាលោកពិតជា បានស្គាល់ច្បាស់អំពី សភាពការណ៍និងបទពិសោធន៍ផ្អែមល្វីងជូរចត់របស់កម្ពុជាក្នុងអតីតកាលនិងបច្ចុប្បន្នកាល ជាពិសេសគឺពិតជាដឹងច្បាស់អំពីអ្វីដែលពលរដ្ឋប្រទេសមួយនេះត្រូវការជាចាំបាច់បំផុត។ ដូច្នេះ សារដែលខ្ញុំចង់ផ្ញើជូនលោកអគ្គរដ្ឋទូតអាមេរិកថ្មីដើម្បីពិចារណានោះគឺ៖

  • ទី1៖ ដូចអ្វីដែលគេតែងតែនិយាយរត់មាត់ថា «Let bygone be bygone» «ទុកអោយរឿងចាស់វាកន្លងផុតទៅហើយសូមគិតរឿងថ្មី»
  • ទី2៖ ខ្ញុំក៏មានការសប្បាយរីករាយណាស់ដែរនៅពេលឃើញមានការចុះផ្សាយដោយកាសែតអនឡាញបរទេសមួយបានស្រង់សំដីលោក Murphy ថា លោកនឹងផ្តោតការយកចិត្តទុកដាក់ លើការបង្កើនពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកអោយឡើងបានដល់ ៣.៥ ពាន់លានដុល្លារ ក៏ដូចជាបង្កើនទំនាក់ទំនងរវាងសហគមន៍ជនជាតិអាមេរិកជាមួយប្រជាជនកម្ពុជា។

ខ្ញុំក៏ដូចពលរដ្ឋខ្មែរទូទៅ សង្ឃឹមយ៉ាងមុតមាំថា លោកនឹងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យបានល្អក្នុងនាមជាដៃគូស្មើសិទ្ធនិងស្មើមុខមាត់គ្នាដោយមិនដើរតាម លំអានឯកអគ្គរដ្ឋទូតមុនៗនោះឡើយ ព្រោះអ្វីដែលលោកបាននិយាយថាគ្រោងនឹងធ្វើនេះ គឺពិតជាការងារត្រឹមត្រូវនិងជាក់ស្តែងដើម្បីស្តារជំនឿទុកចិត្តដែលបានបាត់បង់ស្ទើរតែទាំងស្រុងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសពីសំណាក់រដ្ឋាភិបាលដែលកំពុងគ្រប់គ្រងនិងដឹកនាំប្រទេសនេះ «Confidence building measures to restore the lowest trust in the relationship between Cambodia and USA is an Imperative»

តាមទស្សនៈរបស់ខ្ញុំ ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក វាលឿនទៅមុខ រឺ បន្តធ្លាក់ចុះថែមទៀតគឺ បាល់ស្ថិតនៅក្នុងជើងរបស់លោកទូតហើយ។ ដូច្នេះ បើលោកចង់ញាក់ឆ្វេងរឺស្តាំ ឬស៊ុតត្រង់គឺជាសិទ្ធិរបស់លោក ចំណែកឯភាគីកម្ពុជាគ្រាន់តែជាអ្នកចាំមើលទិសបាល់និងលេងតាមបាល់របស់លោកតែប៉ុណ្ណោះ « The Ball is in Your Court »

ប៉ុន្តែ យោងលើបទពិសោធន៍ពីអតីតកាលនិងរហូតដល់ពេលថ្មីៗនេះ ខ្ញុំយល់ឃើញថា ដើម្បីឲ្យទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកមានលក្ខណៈល្អប្រសើរឡើងវិញបន្ថែមពីលើសារដែលខ្ញុំបានរៀបរាប់ខាងលើ ក៏នៅមានកត្តាសំខាន់ៗ ជាក់ស្តែងមួយចំនួនទៀតដែលលោក Murphy គួរពិចារណា ហើយបើលោកអាចធ្វើបាន នោះវាកាន់តែល្អប្រសើរ៖

ក/ លោកត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវសន្ធិសញ្ញាទីក្រុងវីយែនស្តីពី ការងារការទូតដែលមិនអនុញ្ញាតឲ្យមានការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាដៃគូឡើយ។ កន្លងទៅនេះ ការបំពានសន្ធិសញ្ញាទីក្រុងវីយែន នេះ គឺជាអធិករណ៍ដែលធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកជួបភាពល្អក់កករជាបន្តបន្ទាប់ពីព្រោះមន្ត្រីក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាជាបន្តបន្ទាប់ច្រើនតាំងខ្លួនជាបងធំ ឬជាចៅហ្វាយរបស់កម្ពុជាដោយចង់ឲ្យកម្ពុជាធ្វើនេះ ឬធ្វើនោះតាមចិត្តរបស់ខ្លួនចង់បាន ដោយមិនខ្វល់ខ្វាយពីសន្ធិសញ្ញាអន្តរជាតិ ឬច្បាប់របស់កម្ពុជាឡើយរហូតដល់មន្ត្រីសំខាន់ៗក្នុងជួររដ្ឋាភិបាលភ្នំពេញនិយាយថា «ចង់ធ្វើមិត្តល្អជាមួយអាមេរិកពិតជាពិបាកណាស់ ប៉ុន្តែ បើចង់ធ្វើជាអាយ៉ងកូនអុករបស់អាមេរិកវិញគឺជាការងាយស្រួលបំផុត »។ នេះគឺជាកត្តាកំណត់នូវភាពល្អក់កករ ជូរចត់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលបង្កឡើងដោយភាគី មិត្តពីព្រោះកម្ពុជាគោរពបានយ៉ាងល្អនូវសន្ធិសញ្ញាទីក្រុងវីយែនដោយមិនដែលលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាដៃគូណាមួយឡើយ។

ដូច្នេះ ខ្ញុំសង្ឃឹមថា លោក Murphy ច្បាស់ជាបានស្វែងយល់យ៉ាងច្បាស់អំពីសន្ធិសញ្ញាទីក្រុងវីយែនក្នុងនាមជាអ្នកការទូតជើងចាស់ម្នាក់។

ខ/ ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងស្គាល់ភាពរលូននិងល្អូកល្អឺន ដរាបណាស្ថានទូតសហរដ្ឋអាមេរិកឈប់ប្រើប្រាស់គេហទំព័ររបស់ស្ថានទូត មកធ្វើជាទីលានផ្ញើសារដែលមានគោលដៅវាយប្រហារមកលើកម្ពុជា ដែលជាម្ចាស់ផ្ទះ ហើយងាកមកប្រើប្រាស់ទំនាក់ទំនងការទូតដើម្បីដោះស្រាយបញ្ហាជាមួយគ្នាវិញ។

កន្លងទៅនេះ ស្ថានទូតអាមេរិកតែងប្រើប្រាស់គេហទំព័ររបស់ស្ថានទូត ដើម្បីបង្កអរិយភាពជាមួយរដ្ឋាភិបាលជាម្ចាស់ផ្ទះ ហើយខ្ញុំនៅចាំបានច្បាស់ថាសូម្បីតែក្នុងកំឡុង ពេលដែលឯកអគ្គរដ្ឋទូតចាស់ផុតអាណត្តិ និងមិនទាន់មានឯកអគ្គរដ្ឋទូតថ្មីចូលមកជំនួសក៏ដោយ ពោលគឺក្នុងពេលមិនទាន់មានឯកអគ្គរដ្ឋទូតបំពេញការងារផង ក៏ស្ថានទូតអាមេរិកហ៊ានបំពានសន្ធិសញ្ញាអន្តរជាតិទីក្រុងវីយែនដោយបានបញ្ចេញព័ត៌មានតាមគេហទំព័ររបស់ស្ថានទូត ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខ្ញុំពិតជាឆ្ងល់ណាស់ថា តើស្ថានទូតនៃប្រទេសមហាអំណាចមួយទាំងមូលអាចធ្វើរឿងបែបនេះទៅរួច? ចំពោះចំណុចនេះ ខ្ញុំក៏សង្ឃឹមថា លោក Murphy ប្រាកដជាយល់ច្បាស់និងជៀសវាងមិនឲ្យកើតមានឡើយនៅក្នុងអាណត្តិការទូតរបស់លោកនៅកម្ពុជា។

គ/ ទំនាក់ទំនងកម្ពុជា អាមេរិក អាចល្អទៅបានទាល់តែស្ថានទូតអាមេរិក ឬក៏រូបលោកឯកអគ្គរដ្ឋទូតផ្ទាល់បំពេញការងារ ដោយមិនលម្អៀង ហើយបើនិយាយឲ្យចំ គឺគប្បីឈប់ធ្វើជាខ្នងបង្អែកឲ្យក្រុមប្រឆាំងជ្រុលនិយមក្រៅច្បាប់នៅកម្ពុជា។ កន្លងទៅនេះ ភាពល្អក់កករ រវាងប្រទេសទាំងពីរ បានកើតឡើងជាញឹកញាប់ដោយសារតែមន្ត្រីស្ថានទូត ឬឯកអគ្គរដ្ឋទូតអាមេរិកតែងតែនិយាយនិងដើរបង្ហាញអោយគេយល់និងមើលឃើញថា ខ្លួនមានតួនាទីជាខ្នងបង្អែករបស់ក្រុមប្រឆាំងដែលធ្វើឲ្យអ្នកទាំងអស់នោះឡើងចាង បូសឃ្លៀក និងបានចិត្តបំពានច្បាប់ហើយហ៊ានក្រឡុកកកូរសភាពការណ៍ផ្ទៃក្នុងកម្ពុជាតាមក្បាលចិត្ត។

តាមខ្ញុំយល់ រដ្ឋាភិបាលភ្នំពេញមិនបានកោតខ្លាចឥទ្ធិពលរបស់ក្រុមប្រឆាំងក្រៅច្បាប់ទាំងនោះឡើយ ប៉ុន្តែ ភាពលម្អៀងរបស់ស្ថានទូតអាមេរិកបានត្រឹមបង្កអរិយភាព រវាងប្រទេសទាំងពីរតែប៉ុណ្ណោះដោយមិនអាចដោះស្រាយបញ្ហាអ្វីបានឡើយ ពីព្រោះនៅទីបំផុត បញ្ហាកម្ពុជានឹងត្រូវតែដោះស្រាយដោយកម្ពុជាខ្លួនឯងដោយឈរលើច្បាប់របស់កម្ពុជាតែដដែលទេ។ ដូច្នេះខ្ញុំសង្ឃឹមថា លោក Murphy នឹងយល់អំពីបញ្ហានេះ ហើយជៀសវាងកុំឲ្យស្ថានភាពដដែលៗនេះកើតមានទៀតឡើយ។

ឃ/ កម្ពុជាគឺជាប្រទេសតូចមួយដែលបានឆ្លងកាត់ភ្លើងសង្គ្រាមវិនាសកម្មយ៉ាងខ្លោចផ្សារណាស់។ ដូច្នេះពេលនេះ កម្ពុជាត្រូវការសុខសន្តិភាព និងត្រូវការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់បណ្តាប្រទេសនៅលើលោក។ ហេតុដូច្នេះហើយបានជារដ្ឋធម្មនុញ្ញកម្ពុជាប្រកាន់យកគោលការណ៍អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ជាពិសេសមិនឲ្យមានមូលដ្ឋានកងទ័ពបរទេសណាមួយនៅលើទឹកដីរបស់ខ្លួនឡើយ។ កម្ពុជាគ្មានចេតនាអ្វីទាំងអស់ចង់ទៅរករឿងជាមួយប្រទេសណាឡើយពោលគឺកម្ពុជា សុំតែម៉ាសុខតែប៉ុណ្ណោះ តែគឺជាសេចក្តីសុខដែលមិនស្ថិតក្រោមការដាក់សម្ពាធសង្កត់សង្កិន ឬសេចក្តីសុខតាមបែបអាយ៉ងរបស់ប្រទេសណាមួយនោះឡើយ។ សេចក្តីសុខដែលកម្ពុជា និងប្រជាពលរដ្ឋនៃប្រទេសនេះត្រូវការគឺជាសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍក្នុងដែនអធិបតេយ្យភាពជាតិរបស់ខ្លួន។ នេះគឺជាសេចក្តីប្រាថ្នាដ៏តិចតួចដែលមិនបាន បៀតបៀនអ្នកណា ហើយជាសេចក្តីសុខ ដែលគួរតែកម្ពុជាទទួលបាន។ ខ្ញុំក៍សង្ឃឹមថា លោក Murphy នឹងយល់អំពីបញ្ហានេះហើយមិនព្យាយាមរំខានបំផ្លាញដល់ប្រទេសដ៏តូចនិងដ៏កំសត់មួយនេះឡើយ។

សរុបទៅ បាល់ស្ថិតនៅក្នុងជើងរបស់ភាគីអាមេរិកនិយាយជារួម និងនិយាយដោយឡែកគឺស្ថិតនៅក្នុងជើងរបស់លោកឯកអគ្គរដ្ឋទូតហើយ។ សូមលោក លេងតាមសប្បាយចុះ។ អ្វីដែលប្រជាជនកម្ពុជាចង់បាន គឺសុំឲ្យការលេងនោះគោរពតាមលក្ខខណ្ឌបច្ចេកទេសឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។ កម្ពុជាមិនចង់ឃើញគេលេងខូចហើយធ្វើបាបខ្លួននោះឡើយ។ ខ្ញុំសុំតែប៉ុណ្ណឹង គឺសុំអោយលោកអគ្គរដ្ឋទូតអាមេរិកថ្មីមកកម្ពុជាដោយមានពណ៌បេះដូងថ្មី។ តើបានទេ លោកទូត?

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទទាក់ទង