ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន៖ ឆ្នាំ២០១៨នេះ សេដ្ឋកិច្ចកម្ពុជា នឹងទទួលបានកំណើន៧.២%
ប្រតិភូការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានវាយតម្លៃខ្ពស់ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៨នេះ នឹងទទួលបានកំណើនក្នុងអត្រា៧.២%។
ការវាយតម្លៃបែបនេះ របស់ AMRO ធ្វើឡើងនាឱកាសដែលត្រូវបានអនុញ្ញាត ឲ្យចូលជួបសម្ដែងការគួរសមជាមួយលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីជម្រាបជូនពីលទ្ធផល នៃបេសកកម្មតាមដាន ស្ថានភាពសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ២០១៨ ដែលរៀបចំឡើងចាប់ពីថ្ងៃទី០៤-១១ ខែកញ្ញា ឆ្នាំ២០១៨។ ការចូលជួបសម្ដែងការគួរសមនេះ ត្រូវបានដឹកនាំដោយលោកស្រី Junhong Chan ប្រធានការិយាយ AMRO ។
លោកស្រី Junhong Chan បានឲ្យដឹងថា វិស័យដែលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជា ទទួលបានកំណើននេះគឺ វិស័យសំណង់, វិស័យកាត់ដេរ, និងវិស័យទេសចរណ៍។ ទន្ទឹមនេះការកើនឡើងនៃការចំណាយរបស់រាជរដ្ឋាភិបាលលើ ការបង្កើនប្រាក់បៀរត្សរ៍ និងការវិនិយោគសាធារណៈ ក៏រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះផងដែរ។
លោកស្រីបន្ដទៀតថា ចំណែកឯអត្រាអតិផរណារំពឹងថា នឹងបន្ដស្ថិតក្នុងកម្រិតទាបប្រមាណ ៣.១%។ ទុនបម្រុងអន្ដរជាតិ បន្ដកើនឡើងជាលំដាប់ ដល់ប្រមាណ១០ប៊ីលានដុល្លារអាមេរិក នៅចុងឆ្នាំ២០១៨ ដែលអាចធានាលើការទូទាត់ ការនាំចូលទំនិញ និងសេវាបានប្រមាណ៦ខែ។ ម្យ៉ាងទៀតសូរចនាករ ក្នុងវិស័យហិរញ្ញវត្ថុ បានបង្ហាញស្ថានភាពល្អប្រសើរ ក្នុងស្ថានភាពដែលឥណទានទៅកាន់វិស័យ ឯកជនស្ថិតក្នុងកម្រិតសមស្រប។
បន្ថែមលើសពីនេះលោកស្រី ក៏បានអបអរសាទរចំពោះ រាជរដ្ឋាភិបាលថ្មីដែល បានបង្កើតឡើងពីការបោះឆ្នោត សាកលកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រកបដោយតម្លាភាព សេរី ពហុបក្ស និងយុតិ្តធម៌ ជាមួយនឹងចំនួនប្រជាជន ចូលរួមបោះឆ្នោតយ៉ាងច្រើនលើសលប់។
លោក ជា ចាន់តូ បានថ្លែងអំណរគុណដល់ AMRO ដែលបានអបអរសារទរ និងបន្ដគាំទ្រដល់រាជរដ្ឋាភិបាលថ្មី និងបានមកបំពេញបេសកកម្មនៅកម្ពុជា។ លោកអគ្គទេសាកភិបាល ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃបេសកកម្ម របស់ការរិយាល័យ AMRO ដែលជួយតាមដានស្ថានភាពសេដ្ឋកិច្ច និងផ្ដល់អនុសាសន៍ សម្រាប់ការបន្ដអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោកអគ្គទេសាភិបាល ក៏បានស្នើសុំការិយាល័យ AMRO ឲ្យបន្ដជួយអភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស នៅធនាគារជាតិនៃកម្ពុជា តាមរយៈការផ្ដល់ជំនួយបច្ចេកទេស និងបន្ដផ្ដល់ឱកាសដល់មន្រ្ដីធនាគារជាតិ ហាត់ការងារ នៅការិយាល័យនាពេលខាងមុខបន្ថែមទៀត៕