ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ តើរាជរដ្ឋាភិបាលកម្ពុជាចង់ឱ្យមានទំនាក់ទំនងមិនល្អជាមួយសហរដ្ឋអាមេរិក ឬសហរដ្ឋអាមេរិកមានចេតនាមិនល្អជាមួយកម្ពុជា?

ដោយ៖ ពូ មង្គល ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 38
ទស្សនៈមិត្តអ្នកអាន៖ តើរាជរដ្ឋាភិបាលកម្ពុជាចង់ឱ្យមានទំនាក់ទំនងមិនល្អជាមួយសហរដ្ឋអាមេរិក ឬសហរដ្ឋអាមេរិកមានចេតនាមិនល្អជាមួយកម្ពុជា? ទស្សនៈមិត្តអ្នកអាន៖ តើរាជរដ្ឋាភិបាលកម្ពុជាចង់ឱ្យមានទំនាក់ទំនងមិនល្អជាមួយសហរដ្ឋអាមេរិក ឬសហរដ្ឋអាមេរិកមានចេតនាមិនល្អជាមួយកម្ពុជា?

នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ហេដ៌ (William Heidt) បានទទួលស្គាល់នូវកំហុសរបស់គាត់ថា «ក្នុងរយៈពេល២ឆ្នាំ នៃបេសកម្មការទូតរបស់លោកនៅកម្ពុជា គឺសហរដ្ឋអាមេរិក និងកម្ពុជាហាក់ពុំមានទំនាក់ទំនងល្អជាមួយគ្នានោះទេ» ។ នេះអាចមកពីអសមត្ថភាពផ្នែកការទូតរបស់លោកតែម្តង។ ជាការកត់សម្គាល់ លោក វីល្លៀម ហេដ៌ (William Heidt) បានបញ្ជាក់ថាលោកមិនមែនជាអ្នកនយោបាយ ឬជាអ្នកការទូតអីនោះទេ តែជាអ្នកសេដ្ឋកិច្ច ឬនិយាយឱ្យស្រួលស្តាប់គឺជាអ្នកស្វែងរកប្រយោជន៍ ដូច្នេះគាត់មិនខ្វល់អ្វីពីនរណាខាតបង់ រងគ្រោះពីទង្វើរបស់គាត់ឡើយ គឺធ្វើយ៉ាងណាឱ្យតែខ្លួនចំណេញ បើទោះបីជាវាផ្ទុយពីគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលប្រទេសខ្លួនក៏ដោយ។

ក្នុងពេលស្បឋចូលកាន់តំណែង លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានប្រកាសគោលនយោបាយការបរទេសរបស់ខ្លួនក្តែងៗថា៖ «គិតគូរប្រទេសអាមេរិកជាចំបង» (American First) មានន័យថា ប្រទេសមហាអំណាចមួយនេះធ្វើអ្វីៗដើម្បីការរីកចំរើនរបស់ប្រទេសអាមេរិក និងជាបន្តបន្ទាប់មកទៀត លោកបានប្រកាស មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដោយយកលេសបញ្ហា “ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស” ឡើយ។ ប៉ុន្តែលោក វីល្លៀម ហេដ៌ បែរជាអនុវត្តផ្ទុយពីគោលនយោបាយការបរទេសរបស់អាមេរិកទៅវិញ។ ជាក់ស្តែង តាំងពីមានវត្តមានរបស់លោក វីល្លៀម ហេដ៌ (William Heidt) មក ចំណុចអវិជ្ជមានជាច្រើនបានកើតឡើងផ្ទូនៗគ្នាជាបន្តបន្ទាប់ ដូចជា ការបិទមិនផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងការបញ្ជូនជនភៀសខ្លួនដែលប្រព្រឹត្តខុសច្បាប់នៅអាមេរិកមកកម្ពុជាវិញ ដែលរឿងនេះគឺជារឿងមនុស្សធម៌សុទ្ធសាធ ដែលកម្ពុជាមិនចង់ឱ្យមានការព្រាត់ប្រាស់ក្រុមគ្រួសាររបស់ជនភៀសខ្លួនទាំងនោះ តែបែរជាអាមេរិកបង្ហាញនូវអាកប្បកិរិយាដាក់សម្ពាធមកលើកម្ពុជាដែលជាប្រទេសមួយមានអធិបតេយ្យភាព និងបូរណៈភាពទឹកដីយ៉ាងពេញលេញបែបនេះទៅវិញ។

ការប្រមាថរបស់អ្នកនយោបាយអាមេរិកមកលើលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋក្នុងសម្លេងដ៏ច្រើនលើសលប់ តាមរយៈការបោះឆ្នោតដើម្បីដឹកនាំប្រទេស ហើយការណ៍នេះគឺហាក់ដូចជាការមើលងាយដល់ឆន្ទៈរបស់ប្រជាជនកម្ពុជាភាគច្រើនដូច្នោះដែរ។ មិនតែប៉ុណ្ណោះ ការលូកដៃចូលជ្រៅក្នុងការគាំពារអតីតបក្សប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលមិនគោរពច្បាប់របស់ប្រទេសកម្ពុជា គឺជាចេតនាដែលបង្កើតឱ្យមានចលនាប្រឆំាងនឹងរាជរដ្ឋាភិបាលកម្ពុជាដោយចំហបែបនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា ទង្វើរបស់លោកទូតអាមេរិករូបនេះ ពិតជាមិនចង់បង្កើតទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ។ ការគំរាមលុបជំនួយ លើសកម្មភាពដោះមីននៅតំបន់ភាគខាងកើតប្រទេសកម្ពុជា ធ្វើឡើងដោយស្ថានទូតអាមេរិក ក៏ជាការបង្ហាញផងដែរពីការដាក់គំនាបរបៀបជាបងធំដែលចង់ត្រួតត្រាប្រទេសមួយ នៅពេលដែលប្រទេសនោះមិនបានធ្វើអ្វីតាមការបង្គាប់បញ្ជារបស់ខ្លួន គឺមិនមែនជាសកម្មភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែងចង់ឱ្យមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អនោះឡើយ។

តើរាជរដ្ឋាភិបាលកម្ពុជា ពិតជាមានចេតនាមិនល្អជាមួយសហរដ្ឋអាមេរិក ឬអាមេរិកមានចេតនាមិនល្អជាមួយកម្ពុជា?
បើតាមសម្តីសារភាពរបស់ លោក កឹម សុខា ក្នុងវីដេអូឃ្លីបផ្សព្វផ្សាយដោយបណ្តាញព័ត៌មាន CBN បញ្ជាក់យ៉ាងច្បាស់ថា អាមេរិកជាអ្នកជួយអតីតបក្សប្រឆាំងតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូតាមការផ្តួលរំលំរដ្ឋាភិបាលនៅប្រទេស យូហ្គោស្លាវី និងប្រទេសសែប៊ី ដូច្នេះ នេះជាសម្តីសារភាពរបស់អតីតមេបក្សប្រឆាំង ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏មិនបានចោទប្រកាន់អាមេរិកដែរ ប៉ុន្តែអ្នកអនុវត្តផែនការដែលអាមេរិកដាក់ឱ្យទេជាអ្នកសារភាព ហើយពេលនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានចាត់វិធានការទប់ស្កាត់ផែនការដ៏ខ្មៅកខ្វក់នេះបានទាន់ពេលផងដែរ។

ជារួម រាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានគោលបំណងណាមួយយកសហរដ្ឋអាមេរិកធ្វើជាសត្រូវ ឬបង្កើតទំនាក់ទំនងមិនល្អជាមួយសហរដ្ឋអាមេរិកនោះទេ កម្ពុជានៅតែព្យាយាមធ្វើការងារជាមួយសហរដ្ឋអាមេរិក រួមទាំងការងារប្រយុទ្ធប្រឆាំងនិងភេរវកម្មទាំងនៅក្នុងតំបន់ និងនៅលើពិភពលោកជានិច្ច។ ក្នុងនាមប្រជាជនកម្ពុជា យើងស្នើសុំឱ្យឯកអគ្គរដ្ឋទូតអាមេរិក វីល្លៀម ហេដ៌ (William Heidt) គោរពតាមគោលការណ៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនគ្រាន់តែចង់មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែគឺថែមទាំងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់បណ្តាប្រទេសនៅលើពិភពលោកថែមទៀតដោយស្មើភាពនិងស្មើសិទ្ធិ ដោយគោរពគ្នាទៅវិញទៅមក។ ផ្ទុយមកវិញ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏មិនចង់ទទួលនូវការចោទប្រកាន់ថា កម្ពុជាមានភាពលំអៀងទៅកាន់ប្រទេសណាមួយច្រើនជាងប្រទេសណាមួយនោះទេ។ វាគឺជា ការចោទប្រកាន់មួយដែលយើងមិនអាចទទួលយកបាន។

ប្រសិនបើ លោកឯកអគ្គរដ្ឋទូតអាមេរិក វីល្លៀម ហេដ៌ (William Heidt) មានបំណងល្អក្នុងការកសាងទំនាក់ទំនងកាទូតជាមួយកម្ពុជា លោកគួរប្រកាន់ជំហរតាមគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺការមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ហើយបើមិនអាចធ្វើបាន លោកគួរតែលាឈប់ពីតំណែងជាឯកអគ្គរដ្ឋទូតមុនអាណត្តិទៅ ប្រសើរជាងទុកឱ្យទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែដុនដាបជាងនេះ៕

ដោយ៖ សួន ចំរើន

 

អត្ថបទទាក់ទង