ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ការបន្តញុះញង់ នៅពីក្រោយទង្វើក្បត់ជាតិរបស់ សម រង្ស៊ី

ដោយ៖ Sreyleak ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានទូទៅ ទស្សនៈ - នយោបាយ 328
លិខិតមិត្តអ្នកអាន៖ ការបន្តញុះញង់ នៅពីក្រោយទង្វើក្បត់ជាតិរបស់ សម រង្ស៊ី លិខិតមិត្តអ្នកអាន៖ ការបន្តញុះញង់ នៅពីក្រោយទង្វើក្បត់ជាតិរបស់ សម រង្ស៊ី

 

ការប្រកាសចង់បង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅស្រុករបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា នេះជាចេតនាទុច្ចរិតមួយទៀតរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលចង់បង្កចលាចលសង្គម បំផ្លាញសេចក្តីសុខរបស់ប្រជាជន ហើយការប៉ុនប៉ងបំផ្លាញសន្តិភាព និងស្ថិរភាពសង្គមនៅកម្ពុជា។ បន្ទាប់ពីទទួលការបរាជ័យជាបន្តបន្ទាប់នៅក្នុងជីវិតនយោបាយ ទាំងក្នុងស្រុក និងក្រៅស្រុក ដែលខិតទៅដល់ថ្ងៃអវសាន្តទៅហើយ ស្រាប់តែពេលនេះ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី បានស្រែកក្តែងៗចង់បង្កើតចលនាតស៊ូនៅក្រៅប្រទេសដែលខ្លួនអះអាងថា ជារដ្ឋាភិបាលនិរទេស ដោយឥតអៀនខ្មាស់ទៅវិញ។ បើវិភាគអោយស៊ីជម្រៅ យើងអាចមើលឃើញថា ចលនាដែលក្រុមឧទ្ទាមចង់បង្កើតនេះមិនអាចទៅរួចនោះឡើយ ដោយហេតុថា៖

ទី១- ប្រជាជនកម្ពុជា ដឹងច្បាស់ថា ទណ្ឌិតក្បត់ជាតិ ប៉ុនប៉ងបំផ្លាញសន្តិភាពនិងសេចក្តីសុខរបស់ប្រជាជន៖

ការបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅស្រុករបស់ទណ្ឌិត សម រង្ស៊ី គឺជាចលនាឧទ្ទាមខុសច្បាប់ ដោយសារចលនានេះ ដឹកនាំដោយជនក្បត់ជាតិ ហើយមានគោលបំណងប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស។ លើសពីនេះ គោលបំណងពិតប្រាកដរបស់រដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី នេះ គឺដើម្បីធ្វើសកម្មភាពបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ ជាពិសេសគឺបំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជា១៧លាននាក់។ ដូច្នេះ ប្រជាជនកម្ពុជាក្នុងស្រុក ដែលកំពុងរស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍដឹកនាំដោយរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែមិនចូលរួមជាមួយទណ្ឌិតក្បត់ជាតិនោះទេ គឺថែមទាំងប្រកាសថ្កោលទោសចំពោះចលនាឧទ្ទាមរបស់រដ្ឋាភិបានិរទេសនៅក្រៅប្រទេសនេះទៀតផង។

ទី២- ប្រជាជនកម្ពុជា ដាច់ខាតមិនចូលរួមជាមួយចលនាឧទ្ទាមខុសច្បាប់ឡើយ៖

ការប្រកាសបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសដឹកនាំដោយទណ្ឌិតក្បត់ជាតិនេះ នឹងត្រូវរងវិធានការច្បាប់ ព្រោះវាជាចលនាឧទ្ទាមខុសច្បាប់ ដែលបង្កើតឡើងដោយជនក្បត់ជាតិ ដែលមានគោលបំណងទុច្ចរិត។ កម្ពុជា មានរាជរដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលប្រសូត្រចេញពីការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ដែលបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការអនុវត្តសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យនៅកម្ពុជា។ រាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជ្រើសរើសដោយជឿជាក់បំផុត និងបានកំពុង ដឹកនាំប្រទេសជាតិ ដោយរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងជាតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ ដោយគ្មានរដ្ឋាភិបាលនៅក្រៅប្រទេសណាមកជំនួសបានឡើយ។ ដូច្នេះ បើ ក្រុមណាមួយ ចង់បង្កើតរដ្ឋាភិបាលក្រៅច្បាប់ មានន័យថាពួកគេជាក្រុមឧទ្ទាមដែលប្រឆាំងនឹងច្បាប់កម្ពុជាដែលនឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ដោយពុំមានការយោគយល់ និងអត់ឱនបានឡើយ។

ទី៣- ការបង្កើតរដ្ឋាភិបាលនិរទេសនេះដើម្បីចិញ្ចឹមជីវិតនយោបាយ និងលាភសក្ការៈតែប៉ុណ្ណោះ៖

គេនៅចាំច្បាស់ថា នេះមិនមែនជាលើកទី១នោះទេ ដែលទណ្ឌិតក្បត់ជាតិរូបនេះ បានប្រកាសបង្កើតចលនាតស៊ូ រដ្ឋាភិបាលស្រមោល និងមូលនិធិផ្សេងៗ ដូចជាមូលនិធិទូរទស្សន៍ព្រះអាទិត្យ មូលនិធិនាឡិកា មូលនិធិប្រមូលលុយចូលស្រុកខ្មែរជាដើម ប៉ុន្តែជាក់ស្តែងមិនដែលទទួលបានជោគជ័យអ្វីពីសកម្មភាពទាំងនោះទេ ក្រៅតែពីប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួន យកទៅចាយវាយហ៊ឺហា និងធ្វើឱ្យសកម្មជនជ្រុលនិយមរបស់ខ្លួនត្រូវជាប់ទោសផងដែរ។ ការលេងល្បែងនយោបាយបោកប្រាស់ដដែលៗនេះហើយ ទើបធ្វើឱ្យទណ្ឌិតក្បត់ជាតិរូបនេះ លែងមានអ្នកគាំទ្រ ជាពិសេសបានធ្វើឱ្យសកម្មជនដែលស្និទ្ធបំផុតជុំវិញខ្លួន ដូចជា លោក ហៃ វណ្ណា អតីតប្រធានចលនាយុវជនប្រឆាំងនៅជប៉ុន លោក វណ្ណ ចំរើន អតីតលេខាអតីតបក្សសង្រ្គោះជាតិនៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក លោកស្រី Sophy Kay សកម្មជននៅប្រទេសអាល្លឺម៉ង់ជាដើម ចាប់ផ្តើមបន្តចាកចេញឈប់បម្រើនយោបាយប្រឆាំងជ្រុលនិយមដែលនាំគ្រោះថ្នាក់ដល់ជាតិនិងប្រជាជនកម្ពុជា។

បើសិនយើងក្រឡេកមើលសកម្មជនអតីតគណបក្សប្រឆាំងនៅក្នុងស្រុកវិញ ក៏បន្តចាកចេញជាហូរហែរ ពីក្រុមប្រឆាំងជ្រុលនិយម ហើយងាកមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគេមើលឃើញថា ការធ្វើនយោបាយរបស់ទណ្ឌិតក្បត់ជាតិរូបនេះ ពោរពេញទៅដោយការញុះញង់ គំនុំសងសឹក បំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ ជាពិសេសគឺនយោបាយជ្រុលនិយមដែលអាចនាំគ្រោះថ្នាក់ដល់ជាតិនិងអាយុជីវិតប្រជាជនកម្ពុជាទៀតផង។

ដូច្នេះការប៉ុនប៉ងបង្កើតរដ្ឋាភិបាលនិទេស របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលជាចលនាឧទ្ទាមខុសច្បាប់មិនអាចសម្រេចជោគជ័យបានឡើយ ព្រោះមិនទទួលបានការគាំទ្រ និងធ្វើឡើងមិនដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន។ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជន នឹងមិនអនុញ្ញាតឱ្យក្រុមឧទ្ទាមណាមួយ មកបំផ្លិចបំផ្លាញសន្តិភាព និងបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរ១៧លាននាក់បានឡើយ។ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសហើយថា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការថែរក្សាឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ដើម្បីសេចក្តីសុខរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិជាយូរអង្វែងតទៅអនាគត ប្រជាជនគឺជាអាទិភាពសំខាន់បំផុត ហើយការកម្ចាត់ចោលក្រុមជ្រុលនិយមបង្កគ្រោះថ្នាក់ដល់ជាតិ គឺជារឿងដែលចាំបាច់ត្រូវតែធ្វើ៕

ដោយ៖ មាន មេត្តា

អត្ថបទទាក់ទង