ខ្មែរប៉ុស្ដិ៍ Close

រដ្ឋសភាបដិសេធសំណើរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 47
រដ្ឋសភាបដិសេធសំណើរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ រដ្ឋសភាបដិសេធសំណើរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

រដ្ឋសភា បានសម្រេចបដិសេធសំណើរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលសុំឱ្យ មានការកែប្រែការគូសសញ្ញាគាំទ្រគណបក្សនៅលើសន្លឹក ដោយយកសញ្ញា​ធិក(√)ផ្លូវការតែមួយគត់។

​លិខិតរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាឆ្លើយតាមទៅនឹងសំណើរបស់លោក ខឹម វាសនា ប្រធាន​​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី២៥ ខែកក្កដានេះ បានបញ្ជាក់ថា រដ្ឋសភា​​​បាន​បិទ​បញ្ចប់នីតិកាលរបស់ខ្លួនហើយ ហើយបច្ចុប្បន្ននេះ តំណាងរាស្ត្រដែលជាបេក្ខជន​កំពុង​ចូលរួម​​យុទ្ធនា​ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។ រដ្ឋសភាបច្ចុប្បន្ន មានសិទ្ធិ​​ត្រឹម​តែអនុវត្តការងារប្រចាំថ្ងៃប៉ុណ្ណោះ ដោយពុំអាចចាត់ចែងការងារដទៃបានឡើយ ជាពិសេស​​ពាក់​ព័ន្ធ​នឹងស្ថាប័នដទៃ ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជាដើម។

ការបដិសេធនេះ បន្ទាប់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ បានដាក់លិខិត ទៅ​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​​រដ្ឋសភា​ឱ្យ​ពិនិត្យ និងកែតម្រូវការសម្រេចរបស់គ.ជ.ប ដែលអនុញ្ញាតឱ្យអ្នកបោះឆ្នោត​អាចគូសសញ្ញាគាំទ្រ​​គណបក្ស​នយោបាយបានច្រើនប្រភេទ។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប បានប្រាប់ថា គ.ជ.ប មិន​អាច​ធ្វើការ​កែ​សម្រួល ឬ​ធ្វើ​វិសោធនកម្ម​នៅ​លើ​ចំណុច នៃ​ការ​ប្រើ​ប្រាស់​​ធិក(✓) និង​សញ្ញា​ទាំងឡាយ ​ដែល​គូស​ដោយ​ប្រជាពលរដ្ឋ​នោះ​ទេ​។ ឯកឧត្តមបញ្ជាក់ថា ​គណបក្ស​​​នយោបាយ​ចំនួន​១៩ ក្នុងចំណោមទាំង២០ ដែលចូលរួមការបោះឆ្នោតសកល​​នៅចុង​ខែ​កក្កដា ឆ្នាំ២០១៨នេះ បាន​ឯកភាព​ចំពោះ​នីតិវិធី​របស់​គ.ជ.ប ទៅលើការគូសសញ្ញាគាំទ្រគណបក្ស ក្នុង​ប្រអប់​៤ជ្រុងតូច ឬទ្រវែង ក្រៅពីសញ្ញាធិក(✓)។

គ.ជ.ប បានកំណត់ក្នុង បទបញ្ជានិងនីតិវិធី ដោយយោងតាមច្បាប់ស្តីពីការបោះឆ្នោត​​ជ្រើស​តាំង​​តំណាងរាស្ត្រ ដើម្បីយកជាផ្លូវការនូវសន្លឹកឆ្នោត ដែលអ្នកបោះឆ្នោតបានគូសសញ្ញាគាំទ្រក្នុង​ប្រអប់បួន​ជ្រុង​ទ្រវែង នៃគណបក្សនយោបាយ ផ្សេងពីសញ្ញាធិក(✓)​ លើកលែងតែសន្លឹកឆ្នោត​​មាន​សរសេរ​ពាក្យពេចន៍ ពាក្យអធិប្បាយ សន្លឹកឆ្នោតមានផ្តិតស្នាមម្រាមដៃ សន្លឹក​ឆ្នោត​មានបិទតែម ឬក្រដាសប្រាក់ ឬក្រដាសមានសំណេរ ឬសញ្ញាផ្សេង សន្លឹកឆ្នោតមាន​ឯកសារ​ផ្សេងៗបិទ ឬខ្ទាស់​​ជាប់​​ជាមួយ សន្លឹកឆ្នោតមានសរសេរឈ្មោះ ឬហត្ថលេខា ឬសញ្ញាណ​ដែល​​នាំឱ្យគេស្គាល់​​​អ្នក​បោះ​ឆ្នោត។

យ៉ាងណាក៏ដោយ គ.ជ.ប ក៏បានលើកទឹកចិត្តឱ្យ​អ្នកបោះឆ្នោតគូសធិក(✓) ជាសញ្ញាគាំទ្រ​​គណបក្ស​​​នយោបាយ​​​ដែល​ខ្លួនពេញចិត្តនៅលើសន្លឹកឆ្នោត ក្នុងប្រឡោះបួនជ្រុងទ្រវែងផងដែរ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែ​កក្កដាខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន២០ចូលរួម​ប្រកួតប្រជែង​ដណ្តើម​​អាសនៈ​​រដ្ឋសភាសរុប១២៥អាសនៈ បន្ទាប់ពីមានប្រជាពលរដ្ឋកម្ពុជាសរុប​​៨.៣៨០.២១៧នាក់ បាន​​ចុះឈ្មោះ ដើម្បីបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន៕

អត្ថបទទាក់ទង