ខ្មែរប៉ុស្ដិ៍ Close

លិខិតពីពាណិជ្ជករ ៖ កម្ពុជាកំពុងដើរលើផ្លូវស្របគ្នានៃតម្លៃអាស៊ានក្នុងសករាជថ្មី ដើម្បីការរីកចម្រើនដោយចីរភាព!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 808
លិខិតពីពាណិជ្ជករ ៖ កម្ពុជាកំពុងដើរលើផ្លូវស្របគ្នានៃតម្លៃអាស៊ានក្នុងសករាជថ្មី ដើម្បីការរីកចម្រើនដោយចីរភាព!លិខិតពីពាណិជ្ជករ ៖ កម្ពុជាកំពុងដើរលើផ្លូវស្របគ្នានៃតម្លៃអាស៊ានក្នុងសករាជថ្មី ដើម្បីការរីកចម្រើនដោយចីរភាព!

ទោះបីមហាអំណាចខ្លះ បានព្យាយាមប្រើឥទ្ធិពលលូកចូលមកប្រទេសខ្លះជាសមាជិកអាស៊ាន ក្នុងគោលដៅប្រើប្រាស់ទីនេះជាឈ្នាន់ប្រគួតប្រជែងឥទ្ធិពលនយោបាយ និងផលប្រយោជន៍ ជាមួយមហាអំណាចមួយទៀត តែមហាអំណាចទាំងនោះពិតជាមានការប្រយ័ត្នប្រយែងជាងពេលណាៗ ក្នុងការដែលអាចធ្វើឲ្យអន្តររាយ ជាពិសេសលើធនធានសេដ្ឋកិច្ច។

យើងត្រូវទទួលស្គាល់ថា អាស៊ានតែមួយ តែអាស៊ានបច្ចុប្បន្នគឺនៅមិនទាន់មានលក្ខណៈរួមលើរបៀបរបបដឹកនាំរដ្ឋនោះទេ។ ក៏ប៉ុន្តែ អាស៊ានមានស្មារតីរួមមួយ គឺមិនចំណុះឲ្យមហាអំណាចណាមួយ ហើយក៏មិនអនុញ្ញាតឲ្យមហាអំណាចណាមួយ ដាក់អាណានិគមលើប្រទេសខ្លួនដូចអតីតកាលដែរ។ ពីព្រោះក្នុងអតីតកាលជាង៦០ឆ្នាំមុន ប្រទេសជាច្រើននៅក្នុងអាស៊ានសុទ្ធតែធ្លាប់មានបទពិសោធន៍ជូរចត់ស្ថិតនៅក្រោមអាណានិគមបរទេស។ ឥឡូវនេះ គឺប្រទេសនីមួយៗ សុទ្ធតែបានខិតខំមិនឲ្យមេរៀនអាណានិគមអតីតកាលវិលត្រឡប់មកវិញទេ។

លើចំណុចដូចគ្នាវិញ គឺអាស៊ានមានកង្វល់រួម និងការគិតគូរប្រយោជន៍សេដ្ឋកិច្ចដូចៗគ្នា។ បើនិយាយភាសាសាមញ្ញ សករាជថ្មីនេះគឺ «អាស៊ានចេះបោកមហាអំណាចយកលុយកសាងប្រទេសជាតិខ្លួន»។ ពីមុន អាណានិគមបានប្រមូលធនធានពីអាស៊ានយកទៅកសាងប្រទេសខ្លួន។ ឥឡូវនេះ ដល់ពេលវេលាដែលអាស៊ាន ចេះប្រើវិធីយកលុយពីមហាអំណាចមកកសាងប្រទេសជាតិខ្លួនវិញដែរហើយ។

តើអ្វីជាតម្លៃនិងស្មារតីអាស៊ាន ក្នុងការកេងយកចំណេញពីមហាអំណាចវិញ? ប្រសិនបើមើលពីចំណុចរបៀបរបបដឹកនាំនិងអភិបាលកិច្ច គឺប្រទេសនីមួយៗក្នុងអាស៊ានមិនដូចគ្នាទេ។ ប្រទេសសឹង្ហបុរី ប្រកាន់យកការដឹកនាំតាមរបបសាធារណរដ្ឋ គឺ «វិន័យ និង ច្បាប់»។ ប្រទេសថៃ ជាប្រទេសរាជានិយម គឺធ្វើរដ្ឋប្រហារជាច្រើនដង ហើយបច្ចុប្បន្ននៅក្រោមការដឹកនាំដោយរបបសឹកយោធា។ ប្រទេសវៀតណាម គឺដឹកនាំជាឯកបក្ស ដូចគ្នានឹងប្រទេសឡាវ។ ប្រទេសមីយ៉ាន់មា គឺកំពុងមានបញ្ហាសិទ្ធមនុស្ស និងពាក់កណ្តាលយោធា។ ប្រទេសហ្វីលីពីន ក្រោមការដឹកនាំរបស់ប្រធានាធិបតី ឌូតឺតេ គឺហ៊ានរហូតជេរប្រទេចចំពោះប្រទេសមហាអំណាច។

ប្រសិនបើមើលពីយុទ្ធសាស្ត្រសេដ្ឋកិច្ចវិញ ទោះបីប្រទេសខ្លះក្នុងអាស៊ានប្រកាន់យករបប សាធារណរដ្ឋនិយម របបសង្គមនិយម ឬរបបរាជានិយម ក៏ប៉ុន្តែ ប្រទេសក្នុងអាស៊ាននីមួយៗប្រកាន់យកគោលការណ៍ «សេដ្ឋកិច្ចទីផ្សារសេរី» ដូចគ្នា គឺដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើនខាងសេដ្ឋកិច្ច។ ដូច្នេះ តើអាស៊ានចង់បានអ្វីពិតប្រាកដ? គឺចង់បានការរីកចម្រើនខាងសេដ្ឋកិច្ចនិងជីវភាពសង្គម ច្រើនជាងនយោបាយនិងមនោគមន៍វិជ្ជា។

មហាអំណាចប្រើឥទ្ធិពល២យ៉ាងដើម្បីយកសមាណចិត្តប្រទេសក្នុងអាស៊ាន គឺ «ជំនួយហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ» និង «មនោគមន៍វិជ្ជា»។ លើភាពជាក់ស្តែង មនោគមន៍វិជ្ជា លែងមានឥទ្ធិពលហើយ នៅពេលដែលជំនួយអភិវឌ្ឍន៍ជាក់ស្តែង គឺមានឥទ្ធិពលជាងឆ្ងាយណាស់។ យើងត្រូវហ៊ាននិយាយត្រង់ថា សហរដ្ឋអាមេរិក នៅតែបន្តប្រើប្រាស់ «មនោគមន៍វិជ្ជា» ខណៈដែល មហាអំណាចចិន ផ្តោតលើជំនួយជាក់ស្តែងដ៏មានប្រសិទ្ធភាព។ ឬអាចនិយាយម្យ៉ាងទៀត អាមេរិក ស្នេហាបានត្រឹមសន្យា ខណៈចិន ហ៊ានឲ្យលុយ ឡាន និងផ្ទះជាក់ស្តែង។

ចំណុចមួយដែលអាស៊ានមានស្មារតីយល់ស្របដូចគ្នា ហើយកម្ពុជាក៏យល់ដូចគ្នាដែរនៅត្រង់ថា៖ «បើមនោគមន៍វិជ្ជារីក គឺប្រជាជនបែកបាក់ ប្រទេសជាតិចុះខ្សោយ។ បើមនោគមន៍វិជ្ជារស់ គឺប្រែមកថា មនុស្សស្លាប់»។ តម្លៃម្យ៉ាងទៀត៖ «បើសេដ្ឋកិច្ចរីក ប្រជាជនរស់។ បើសេដ្ឋកិច្ចរស់ ប្រជាជនរីកចម្រើន»។

ប្រជាជនកម្ពុជា ក៏បានបង្ហាញភាពខ្លាំងរបស់ខ្លួនលើចំណុចនេះ តាមរយៈការរួមគ្នាបំផ្លាញចោលតាមផ្លូវច្បាប់នូវភ្នាក់ងារមនោគមន៍វិជ្ជាបរទេស ដែលភ្នាក់ងារនេះមិនត្រឹមជាឧបរណ៍បំផ្លាញសេដ្ឋកិច្ចជាតិ គឺនឹងរាលដាលដល់ការបើកឱកាសឲ្យអាណានិគមបែបថ្មី វិលចូលមកត្រួតត្រាកម្ពុជាជាថ្មីផង។ ប៉ុន្តែ កម្ពុជា រួមគ្នាធ្វើបានសម្រេច ដើម្បីចាប់យកស្ថិរភាពជាតិ ដែលជាគ្រឹះសេដ្ឋកិច្ចនិងការអភិវឌ្ឍជាចម្បង។

អាស៊ាន ពិតជាឆ្លាតជាងមុន ប្រសិនបើយើងមើលពីការអនុវត្តន៍ថ្មីៗបន្ថែមទៀត។ ប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ ទោះបីជាប្រើសម្តីធំដាក់រដ្ឋការអាមេរិក និងមានភាពតានតឹងជាមួយ ចិន ក៏ប៉ុន្តែ លោក ឌូតឺតេ ធ្វើឲ្យលោក ដូណាល់ ត្រាំ កក់ក្តៅ ហើយអាចយកលុយជំនួយពីមហាអំណាច ចិន ជាច្រើនយកមកកសាងប្រទេសខ្លួន។ ករណីប្រទេសវៀតណាមវិញ បើទោះបីមានអតីតកាលជូរចត់ជាមួយសហរដ្ឋអាមេរិកយ៉ាងណា ទោះបីជាត្រូវគេហៅថា ជាប្រទេសកុម្មុយនិស្ត ក៏ប៉ុន្តែ វៀតណាម អាចយកការវិនិយោគ ជំនួយយោធា និងជំនួយដ៏ទៃទៀតពីអាមេរិកបាន។

ក្នុងទ្រឹស្តីនយោបាយនិងការទូតគឺ៖ «គ្មានមិត្តអមតៈ និងក៏គ្មានសត្រូវជារៀងរហូតដែរ»។ កិច្ចសហការដែលគោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ទើបមានតម្លៃយូរអង្វែង។ ក្នុងសករាជថ្មីនេះ អាស៊ាន ពិតជាបង្ហាញភាពទន់ភ្លន់ជាមួយមហាអំណាច តែគ្មានប្រទេសអាស៊ានណាមួយឱនក្បាលឲ្យមហាអំណាចដាក់អាណានិគមបែបថ្មី តាមគ្រប់រូបភាពនោះទេ។

បន្ទាត់នយោបាយរបស់អាស៊ានក្នុងសករាជថ្មីគឺ «សេដ្ឋកិច្ចកំណត់នយោបាយ» ដែលមានន័យថា សេដ្ឋកិច្ចជាតិគឺមុនគេបង្អស់។ ករណីនៅប្រទេសថៃ គឺសុខចិត្តព្យួរចោលប្រជាធិបតេយ្យ ដើម្បីរក្សាស្ថិរភាព និងការអភិវឌ្ឍប្រទេសតទៅទៀត។ នេះក៏មិនខុសពី សហរដ្ឋអាមេរិក ក្នុងរជ្ជកាល ដូណាល់ ត្រាំ ដែលសម្រេចយកផលប្រយោជន៍អាមេរិកាំងមុនគេនោះដែរ។ ដូចគ្នាដែរ ប្រជាជនកម្ពុជា ក៏ចេះឆ្លាតជាមួយបរទេស ដែលអាចចរចារជាកម្រិតទ្វេភាគី ឬពហុភាគី ជាកម្រិតវិស័យឯកជន ឬជាកម្រិតរដ្ឋ ក្នុងការទាក់ទាញយកការវិនិយោគ និងយក «លុយ» ជាជំនួយពីបរទេសមកអភិវឌ្ឍន៍ជាតិយើងបន្តទៀត។ ភាសាធានាគារ គឺ ៖ «អ្នកដែលគេឲ្យខ្ចីលុយ គឺជាអ្នកដែលមានគុណសម្បត្តិល្អណាស់»។ យើងធ្វើបាន គឺយើងជោគជ័យ។

ផលប្រយោជន៍តែងតែនៅមុខគេ ជាពិសេសផលប្រយោជន៍សេដ្ឋកិច្ច ត្រូវតែនៅខ្ពស់ជាងនយោបាយ។ នេះជាអ្វីដែលបរទេសមើលយើង ហើយយើងក៏ត្រូវចេះសំឡឹងទៅបរទេសក្នុងខ្លឹមសារដូចគ្នា។ សេដ្ឋកិច្ចកម្ពុជា គឺពិតជាស្ថិតក្នុងស្ថានភាពល្អ ដោយសារគ្រឹះនៃលទ្ធផលនៃកំណើនសេដ្ឋកិច្ចជាង៧% ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។ ដូច្នេះ ភាពឆ្លាតវៃខាងសេដ្ឋកិច្ច និងការបន្តរួមគ្នាជាធ្លុះដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺកម្ពុជាមិនត្រឹមពង្រីកបាននូវគ្រឹះសេដ្ឋកិច្ចដ៏ល្អរឹងមាំបន្ថែមទៀតសម្រាប់អនាគតយូរអង្វែងប៉ុណ្ណោះទេ ពោលគឺ កម្ពុជា ក៏បានរួមចំណែកក្នុងតម្លៃអាស៊ានដោយស្មើមុខ និងស្មើភាពជាមួយបណ្តាប្រទេសក្នុងតំបន់និងសកលលោកផងដែរ។ នេះជាអ្វីដែលហៅថា «តម្លៃអាស៊ាន» មិនចំណុះអាណានិគមបែបថ្មីនោះទេ ក៏ប៉ុន្តែ គឺភាពឯករាជ្យទាំងខាងសេដ្ឋកិច្ច នយោបាយ និងអធិបតេយ្យជាត៕

ដោយ៖ ពាណិជ្ជករផ្នែកអចលនទ្រព្យនិងសំណង់

អត្ថបទទាក់ទង