តើរយៈពេល២៥ឆ្នាំនៃកិច្ចសហប្រតិបត្ដិការ CLV-DTA កម្ពុជាពិតជាបាត់បង់អធិបតេយ្យភាពជាតិ ដូចជាការចោទប្រកាន់មែនដែរឬទេ?
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញមកបញ្ជាក់ជាថ្មីម្ដងទៀតថា រយៈពេល២៥ឆ្នាំនៃកិច្ចសហប្រតិបត្ដិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម កម្ពុជាមិនបានបាត់បង់អធិបតេយ្យភាពជាតិ ឬយកច្បាប់របស់ប្រទេសណាយកមកអនុវត្ដ ដូចជាការចោទប្រកាន់នោះទេ។
ការបញ្ជាក់ជាថ្មីរបស់សម្ដេចធិបតី ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេធិបតី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនបានបាត់បង់អធិបតេយ្យភាពជាតិនោះទេ។ ប៉ុន្ដែក្រុម អ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច នៅតែបន្តលើកឡើងបំភ្លៃការពិត ដើម្បីតែកេញចំណេញនយោបាយរបស់ពួកគេ លើកិច្ចសហប្របត្តិការអភិវឌ្ឍខេត្តភូមិភាគឦសាននេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជាថ្មីផងដែរថា សម្រាប់ការបិទបញ្ចប់ទាំងស្រុងនូវកិច្ចសហប្រតិបត្ដិការនេះ គឺដើម្បីកុំឱ្យប្រជាពលរដ្ឋមានភាពហ្មងសៅ និងមន្ទិលសង្ស័យលើរឿង CLV-DTA ជាពិសេសកុំឱ្យក្រុមជ្រុលនិយមមួយចំនួនឆ្លៀតដុតបន្ថែម ដើម្បីប្រយោជន៍របស់ពួកគេ៕