ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈនយោបាយ៖ អ្នកកសាង និងពួកអ្នកបំផ្លាញ គឺមិនដូចគ្នាទេ!

ដោយ៖ Sreyleak ​​ | ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានទូទៅ ទស្សនៈ - នយោបាយ 403
ទស្សនៈនយោបាយ៖ អ្នកកសាង និងពួកអ្នកបំផ្លាញ គឺមិនដូចគ្នាទេ! ទស្សនៈនយោបាយ៖ អ្នកកសាង និងពួកអ្នកបំផ្លាញ គឺមិនដូចគ្នាទេ!

ប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសដ៏កម្សត់មួយនេះ បានឆ្លងកាត់ដំណាក់កាលឈឺចាប់ សង្គ្រាមបែកបាក់ ដែលបានធ្វើឱ្យទឹកដីដែលធ្លាប់ជាមហានគរ ដ៏ធំសម្បើម ក្លាយជារួមតូច បាត់បង់ជាបន្តបន្ទាប់ ដោយសារការឈ្លានពានពីបរទេស ព្រោះតែខ្មែរមានសង្គ្រាមហែកហួរផ្ទៃក្នុង ដណ្តើមរាជអំណាចគ្នា។ បទពិសោធន៍ឈឺចាប់បានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ បានរៀនសូត្រពីប្រវត្តិសាស្ត្រនេះ ដើម្បីចៀសវាងដើរជាន់ដានចាស់របស់អ្នកជំនាន់មុន ហើយប្រឹងប្រែងដឹកនាំកសាងប្រទេសជាតិដោយការប្រុងប្រយ័ត្នបំផុតលើបញ្ហាភូមិសាស្ត្រនយោបាយ ហើយត្រូវកម្កល់ផលប្រជាជនជាតិ និងប្រជាជនជាធំជានិច្ច។ គួររំលឹកថា ក្នុងទស្សវត្សឆ្នាំ១៩៧០ កម្ពុជាបានក្លាយជាទីតាំងរងគ្រោះមួយ ដោយសារសង្គ្រាមដណ្តើមអំណាចភូមិសាស្ត្រនយោបាយ របស់ប្រទេសមហាអំណាច ពេលនោះក្នុងនាមជាប្រទេសតូច ដែលទើបរួចផុតពីរបបអាណានិគមបារាំងផង កម្ពុជាបានធ្លាក់ចុះជាប្រទេសទន់ខ្សោយមួយ។ នៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ កម្ពុជាបានរអិលធ្លាក់ចូលក្នុងស្ថានភាពមហន្តរាយ ក្រោមការដឹកនាំរបស់ប៉ុលពត ក្នុងរបបវាលពិឃាតដ៏យង់ឃ្នងអស់ពេលជិត៤ឆ្នាំ ដែលធ្វើឱ្យប្រទេសក៏កម្សត់នេះ ខ្ទេចខ្ទីស្ទើរតែទាំងស្រុង។ អ្វីដែលគេកត់សម្គាល់ខ្លាំងនោះគឺ ក្រៅពីប្រទេសជាតិធ្លាក់ដល់ចំណុចសូន្យលើគ្រប់គ្រប់វិស័យហើយនោះ ប្រជាពលរដ្ឋខ្មែរបានរងគ្រោះដោយការកាប់សម្លាប់ដ៌ឃោរឃៅរបស់ពួកប៉ុលពត និងត្រូវបានបង្ខំឱ្យធ្វើការលើសកម្លាំង បង្អត់អាហារ និងឃុំឃាំងធ្វើទារុណកម្មដោយគ្មានកំហុស។ល។ ប៉ុលពត យល់ថាខ្លួនជាអ្នកកសាងប្រទេសជាតិ និងសង្គមប្រជាធិបតេយ្យដ៏ស្អាតស្អំមួយ ប៉ុន្តែជាក់ស្តែងមិនដូចអ្វីដែលពួកគេគិតនោះឡើយ គឺពួកប៉ុលពតមិនត្រឹមតែមិនបានកសាងប្រទេសកម្ពុជាឱ្យរីកចម្រើននោះទេ ថែមទាំងបំផ្លាញកម្ពុជាឱ្យវិនាសស្ទើរដល់ឬសគល់ទៅវិញ។

នៅដើមឆ្នាំ១៩៧៩ ជាវាភ័ព្វសំណាងល្អណាស់សម្រាប់កម្ពុជា ដែលបានជួបប្រសព្វនឹងមេដឹកនាំថ្មី ក្រោយបិទទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់របស់ខ្លួន គឺលោក ហ៊ុន សែន កូនកសិករខ្មែរដែលបានចូលរួមយ៉ាងសកម្ម និងជាមេដឹកនាំមួយរូបក្នុងចលនាតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ហើយបានចាប់ផ្តើមកសាងជាតិឡើងវិញពីបាតដៃទទេ។ ប្រវត្តិសាស្ត្រកម្ពុជាបានសរសេរពីប្រវត្តិបុរសខ្លាំង លោក ហ៊ុន សែន ថាជារដ្ឋបុរសដែលបានផ្តួចផ្តើមនាំកម្ពុជាមករកសុខសន្តិភាពពេញលេញដូចពេលបច្ចុប្បន្ន តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់លោក ដែលបានដាក់ចេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ គេនៅចាំបានថា នៅពេលឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីដំបូងៗ លោក ហ៊ុន សែន បានប្រឈមនឹងការលំបាកជាច្រើនរាប់មិនអស់ ព្រោះតែប្រទេសកម្ពុជាជាប្រទេសដ៏ក្រីក្រ និងគ្មានអ្វីទាំងអស់។ លោក ហ៊ុន សែន ធ្លាប់បានរំលឹកថា ក្នុងនាមជារដ្ឋមន្ត្រីការបទេស ដែលស្ថិតក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង លោកជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេបង្អស់លើពិភពលោក ហើយត្រូវបានឡើងកាន់ដំណែងក្នុងគ្រាក៏កំសត់ជាងគេផងដែរ។ លោក ហ៊ុន សែន លើកឡើងថា លោកមិនមានសូម្បីតែសម្លៀកបំពាក់ និងស្បែកជើងសមរម្យ ដើម្បីទៅចូលរួមប្រជុំជាមួយប្រទេសនានាឡើយ សូម្បីតែកិច្ចប្រជុំកម្រិតពិភពលោកក៏លោកមានត្រឹមសម្លៀកបំពាក់ដែលខ្ចីគេស្លៀក និងស្បែកជើងកញ្ចាស់រើសពីគំនរចោលក្នុងក្រុងភ្នំពេញ ដែលមានម្ខាងតូចនិងម្ខាងទៀតធំ។ ជាការពិតណាស់ កម្ពុជាពេលនោះអ្វីក៏អត់ ខ្សត់គ្រប់បែបយ៉ាង ដែលទាមទារនូវការខិតខំប្រឹងប្រែង និងការអត់ធ្មត់ខ្ពស់បំផុត។ មេដឹកនាំកម្ពុជា គឺ លោក ហ៊ុន សែន បានខិតខំពុះពារជម្នះរាល់ឧបសគ្គគ្រប់បែបយ៉ាងទំរំាបានដូចសព្វថ្ងៃនេះ។ លោក ហ៊ុន សែន ថាលោកធ្លាប់លំបាកហើយ លោកមិនចង់ឱ្យកូនខ្មែរជំនាន់ក្រោយៗលំបាកដូចលោកទៀតនោះទេ។ ការដឹកនាំប្រទេសជាតិ និងប្រជាជនចាកចេញពីភាពក្រីក្រ និងជំរុញការអភិវឌ្ឍរហូតមានការរីកចម្រើនគ្រប់វិស័យដូចពេលបច្ចុប្បន្ន គឺមិនមែនជារឿងងាយស្រួលនោះទេ។ នៅក្នុងទស្សនៈជាអ្នកស្នេហាជាតិដ៏ពិតប្រាកដ លោក ហ៊ុន សែន តែងតែងចង់ឱ្យមានការបង្រួបបង្រួមជាតិពីខ្មែរគ្រប់ភាគី ដើម្បីរួមគ្នាវិញជាធ្លុងមួយកសាងប្រទេសឡើងវិញពីគំនរផេះផង់ ឱ្យរីកចម្រើនដូចប្រទេសជឿនលឿន នានាលើសកលលោកដែរ។

ប៉ុន្តែនៅក្នុងដំណាក់កាលកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏មានក្រុមអ្នកចាំបំផ្លាញ និងរារាំងការអភិវឌ្ឍនៅកម្ពុជាផងដែរ។ ពួកគេភាគច្រើនត្រូវបានគេដឹងថា ធ្លាប់រស់នៅសុខស្រួលនៅក្រៅប្រទេស ហើយមិនដែលឆ្លងកាត់ពេលវេលាដ៏វេទនាក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសសន៍នោះទេ។ ក្រុមប្រឆាំងជ្រុលនិយម បានប្រើប្រាស់នូវនយោបាយដែលពោរពេញដោយល្បិចកិច្ចកល និងធ្វើការរិះគន់នូវរាល់គ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល ដើម្បីបំផ្លាញ និងជាន់ពន្លិចកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលស្របច្បាប់ ហើយចង់ផ្តួលរំលំរដ្ឋាភិបាល ដោយមានការជួយជ្រោមជ្រែងពីបរទេសនៅពីក្រោយខ្នង។ ក្រុមអ្នកបំផ្លាញតែងតែអួតបំប៉ោងខ្លួនថា ពួកគេមានចំណេះដឹង មានសមត្ថភាព និងមានមនសិកាស្នេហាជាតិ ប៉ុន្តែជាក់ស្តែងពួកគេបានធ្វើសកម្មភាពជាច្រើន ដើម្បីរារាំងការរីកចម្រើនរបស់កម្ពុជា ដោយប្រើសមត្ថភាពរបស់ពួកគេដើម្បីអំពាវនាវកុំឱ្យបរទេសទិញទំនិញពីកម្ពុជា ការទាមទារឱ្យបរទេសដាក់ទណ្ឌកម្មលើកម្ពុជា និងជំរុញឱ្យអ្នកវិនិយោគបរទេសកុំមកវិនិយោគនៅកម្ពុជា។ល។ ក្រៅពីធ្វើចលនាញុះញង់នៅក្រៅប្រទេស គេនៅចាំយ៉ាងច្បាស់ថា ពួកអ្នកបំផ្លាញក៏ធ្លាប់បានដឹកនាំចលនាប្រឆាំងក្នុងស្រុក ឱ្យងើបឡើងប្រឆាំងបះបោរ បង្កចលាចល វាយកម្ទេច ដុចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន ក្នុងកំឡុងពេលដែលពួកគេនៅក្នុងប្រទេសផងដែរ។ ទាំងនេះគឺជាសកម្មភាពជាក់ស្តែងដែលបង្ហាញពីចរិតនៃអ្នកបំផ្លាញជាតិ ដែលខុសប្លែកទាំងស្រុងពីអ្នកកសាងជាតិ។ ចូលមកដល់សម័យបច្ចេកវិទ្យាកាន់តែជឿនលឿន ក្រុមអ្នកបំផ្លាញក៏បានប្រើប្រាស់មធ្យោបាយបណ្តាញផ្សព្វផ្សាយសង្គមដើម្បីបង្កើតព័ត៌មានក្លែងក្លាយ បំពុល និងញុះញង់ប្រជាជន ក្នុងចេតនា បំភ្លៃការពិត និងទាត់ចោលនូវកិច្ចប្រឹងប្រែងនិងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលកសាងឡើងដោយលំបាក។

សរុបមកវិញ អ្នកកសាងគឺគិតតែពីខិតខំអភិវឌ្ឍប្រទេសជាតិ ដើម្បីភាពរីកចម្រើន និងភាពសម្បូរសប្បាយរបស់ប្រជាជនទូទាំងប្រទេស ផ្ទុយពីនេះពួកអ្នកបំផ្លាញវិញ ពួកគេតែងតែបង្កើតគំនិតដើម្បីរកវិធីបំផ្លាញសមិទ្ធផលដែលត្រូវបានកសាងឡើងដោយលំបាក។ ដូច្នេះប្រជាជនទូទៅ គួរតែវាយតម្លៃឱ្យបានត្រឹមត្រូវ និងសុក្រឹត យុត្តិធម៌ ចំពោះអ្នកកសាង និងអ្នកបំផ្លាញ ចៀសវាអ្នកខ្លះពាក់ស្បែកមុខជាអ្នកស្រលាញ់ជាតិ ប៉ុន្តែធ្វើសកម្មភាពបំផ្លាញជាតិ ហើយអូសទាញអ្នកមិនដឹងការពិត ឱ្យចូលរួមជាមួយពួកគេដោយមិនដឹងខ្លួន។ ជាការពិតគេសង្កេតឃើញថា យុវជនសម័យថ្មីមួយចំនួនតូច អាចមើលឃើញថា អ្វីដែលខ្មែរកំពុងមានពេលនេះ គឺវាហាក់សាមញ្ញបើប្រៀបធៀបនឹងប្រទេសក្នុងតំបន់ ប៉ុន្តែបើប្រៀបពីពេលដែលកម្ពុជាងើបចេញពីគំនរផេះផង់ក្នុងស្ថានភាពក្រខ្សត់ ទើបដឹងថា កម្ពុជាបច្ចុប្បន្នខុសប្លែកពីដើមឆ្នាំ១៩៧៩ ឆ្ងាយខ្លាំងណាស់។ អ្នកខ្លះឃោសនាថា កម្ពុជាមិនមានអីរីកចម្រើន ឬក៏ដើរយឺតជាដើម ប៉ុន្តែបើសិនជាយើងស្គាល់កម្ពុជាពិត យើងនឹងដឹងថា ពាក្យនេះ គ្រាន់តែជាសារញុះញង់តែប៉ុណ្ណោះ។ សូមប្រុងប្រយ័ត្នការធ្លាក់ចូលក្នុងអន្ទាក់ពួកអ្នកបំផ្លាញកម្ពុជាដោយឈាមត្រជាក់ ហើយក្លាយខ្លួនជាឧបករណ៍នយោបាយរបស់ពួកគេ ដើម្បីបំពេញមហិច្ឆតាដណ្តើមអំណាចដោយមិនស្របច្បាប់។ ការរួមចំណែកធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាពវឹកវរ ស្មើនឹងការរួមដៃទាញទម្លាក់ប្រទេសកម្ពុជាឱ្យហិនហោច។

ខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋកម្ពុជាដែលមានសមនសិកាស្នេហាជាតិពិតប្រាកដ មិនជាតិនិយមជ្រុល រហូតងងឹតងងុលមើលមិនឃើញចំណុចគ្រោះថ្នាក់ទាំងនេះឡើយ។ សូមចាប់ផ្តើមចូលរួមកសាងជាតិយើង តាមរយៈស្មារតីស្រលាញ់ និងជ្រោមជ្រែងរាជរដ្ឋាភិបាលក្នុងដំណើរលើផ្លូវដ៏ត្រឹមត្រូវ នាំកម្ពុជាឈានឡើងទៅមុខ ជាជាងវាយបំបាក់ បង្អាក់ឱ្យរាំងស្ទះទៅមុខមិនរួច។ កម្ពុជាសម័យបច្ចុប្បន្នបាននិងកំពុងដឹកនាំដោយ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន។ អ្នកបន្តវេនថ្មីរូបនេះ បាននិងកំពុងបំពេញតួនាទីជាប្រមុខដឹកនាំកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាពខ្ពស់ និងភាពស្វាហាប់ ច្បាស់លាស់ ឈរលើស្មារតីជាតិនិយម និងដាក់ចេញនូវគោលនយោបាយសំខាន់ៗជាច្រើន ដោយផ្តោតជាសំខាន់លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជន។ ជាពិសេសគឺដើម្បីបម្រើបុព្វហេតុជាតិមាតុភូមិបន្តពីឪពុករបស់លោក ដូចពាក្យចាស់លោកពាក្យថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» លោក ហ៊ុន ម៉ាណែត បាននិងកំពុងបំពេញសុបិនជាច្រើនទៀត ដែលឪពុករបស់លោកចង់សម្រេចនោះគឺ ដឹកនាំប្រទេសកម្ពុជាវិវត្តក្លាយជាប្រទេសអ្នកមាន ប្រជាជនមានចំណូលខ្ពស់ រស់នៅកាន់តែសុខស្រួល។ មហិច្ឆតារបស់អ្នកកសាងគឺបែបនេះឯង គឺដាក់ចេញផែនការ និងប្រឹងប្រែងសម្រេចផែនការ ក្នុងគោលដៅបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន៕

ដោយ៖ ពៅ ធីតាវណ្ណ

អត្ថបទទាក់ទង