ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គ្មានការផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនវិនិយោគ នៅបឹងយក្សឡោមទេ និងសុំទាត់ចោលទាំងស្រុងនូវការវិនិយោគឯកជនលើបឹងនេះ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី៣ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 80
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គ្មានការផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនវិនិយោគ នៅបឹងយក្សឡោមទេ និងសុំទាត់ចោលទាំងស្រុងនូវការវិនិយោគឯកជនលើបឹងនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គ្មានការផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនវិនិយោគ នៅបឹងយក្សឡោមទេ និងសុំទាត់ចោលទាំងស្រុងនូវការវិនិយោគឯកជនលើបឹងនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រតិកម្មចំពោះព័ត៌មានដែលចុះផ្សាយថា រាជរដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ ដោយលោកប្រកាសទាត់ចោលទាំងស្រុង នូវព័ត៌មានមិនពិតនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា «ព្រឹកនេះ ខ្ញុំបានមើលសារព័ត៌មានរស្មីកម្ពុជាដែលបានសរសេរថា រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ។ តើអ្នកណាបង្កើតរឿងបែបនេះ ឡើងដើម្បីអ្វី?។
ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសុំទាត់ចោលទាំងស្រុង នូវការវិនិយោគឯកជនណាមួយមកលើបឹង ធម្មជាតិដ៏សំខាន់នេះ ទោះក្រុមហ៊ុននោះមកពីប្រទេសណាក៏ដោយ»។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះ បានចេញអនុក្រឹត្យថ្មីមួយស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង «បឹងយក្សឡោម» ដែលមានផ្ទៃដីសរុប២២៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។

អនុក្រឹត្យនេះ មានគោលបំណងដូចជា៖
១៖ ដើម្បីធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឱ្យមានការ បំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វព្រៃ រុក្ខជាតិ និងជីវៈចម្រុះ។
២៖ រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។
៣៖ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តភាព។
៤៖ លើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ ដោយនិរន្តរភាព។
៥៖ បង្កើតតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់ ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់។
៦៖ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍មូលដ្ឋាន៕

 

អត្ថបទទាក់ទង