លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ក្រមាខ្មែរ ថែសុខភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ប្រជាជនខ្មែរនៅទូទាំងប្រទេសកុំឲ្យភ្លេចតម្លៃក្រមាខ្មែរ ដែលអាចប្រើប្រាស់បានច្រើនយ៉ាង ជាពិសេសអាចប្រើការពារជំងឺឆ្លងផ្សេងៗ។ ជាមួយគ្នានេះ លោកក៏បានឱ្យពាក្យស្លោកថ្មីមួយពាក់ព័ន្ធនឹងក្រមានេះ គឺ «ក្រមាខ្មែរ ថែសុខភាព»។
លោកនាយករដ្ឋមន្ត្រី បានក្រើនរំឭកបែបនេះ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន៣,៤៥៨នាក់ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
លោកនាយករដ្ឋមន្ត្រី ធ្លាប់បានក្រើនរម្លឹកកន្លងមកដល់ប្រជាជនខ្មែរឲ្យប្រើប្រាស់ក្រមាខ្មែរជំនួសម៉ាស ដើម្បីការពារពីការឆ្លងជំងឺផ្សេងៗ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឲ្យម៉ាសឡើងថ្លៃ៕