ខ្មែរប៉ុស្ដិ៍ Close

លេខាធិការដ្ឋានអាស៊ាន បញ្ចេញវីឌីអូ សង្ខេបសកម្មភាពពេញ១ឆ្នាំ ដែលជាឆ្នាំទី១ នៃការកាន់តំណែងជាអគ្គលេខាធិការអាស៊ាន របស់លោកបណ្ឌិត កៅ គឹមហួន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ ព័ត៌មានទូទៅ 61
លេខាធិការដ្ឋានអាស៊ាន បញ្ចេញវីឌីអូ សង្ខេបសកម្មភាពពេញ១ឆ្នាំ ដែលជាឆ្នាំទី១ នៃការកាន់តំណែងជាអគ្គលេខាធិការអាស៊ាន របស់លោកបណ្ឌិត កៅ គឹមហួន លេខាធិការដ្ឋានអាស៊ាន បញ្ចេញវីឌីអូ សង្ខេបសកម្មភាពពេញ១ឆ្នាំ ដែលជាឆ្នាំទី១ នៃការកាន់តំណែងជាអគ្គលេខាធិការអាស៊ាន របស់លោកបណ្ឌិត កៅ គឹមហួន

(ម៉ាឡេស៉ី)៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ លេខាធិការដ្ឋានអាស៊ានបញ្ចេញវីឌីអូ ដែលសង្ខេបនូវសកម្មភាពពេញមួយឆ្នាំ២០២៣ ដែលជាឆ្នាំទី១ នៃការកាន់តំណែងជាអគ្គលេខាធិការអាស៊ាន របស់លោកបណ្ឌិត កៅ គឹមហួន។
នៅក្នុងវីឌីអូនោះ បានរំលេចអំពីសកម្មភាពសរុបដែលឯកឧត្តមបណ្ឌិត កៅ គឹមហួន បានធ្វើនៅក្នុងឆ្នាំ២០២៣ រួមមាន ១,០៣៣សកម្មភាព ដែលក្នុងនោះលោកអគ្គលេខាធិការអាស៊ាន បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចំនួន១២ និងបានជួបពិភាក្សាការងារជាមួយបណ្ដាប្រមុខរដ្ឋ/រដ្ឋាភិបាល រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ ឯកអគ្គរាជ/រដ្ឋទូត មេដឹកនាំធុរកិច្ច មេដឹកនាំផ្នែកសិក្សាធិការ នៃប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនា និងដៃគូខាងក្រៅរបស់អាស៊ាន ជាច្រើន។
នៅក្នុងឆ្នាំ២០២៣នេះដែរ លោកបណ្ឌិត កៅ គឹមហួន ក៏បានផ្តល់កិច្ចសម្ភាសន៍ចំនួន ៤០លើក ដល់ប្រព័ន្ធផ្សព្វផ្សាយថ្នាក់តំបន់ និងអន្តរជាតិ ព្រមទាំងបានទទួលសារតាំងពីឯកអគ្គរាជ/រដ្ឋទូតនានាប្រចាំអាស៊ាន ចំនួន ២៦នាក់ ទទួលជួបជាមួយមេដឹកនាំអង្គការតំបន់ និងអន្តរជាតិធំៗជាច្រើនរូប ព្រមទាំងបានធ្វើបទបាឋកថាសាធារណៈចំនួន ១០ដង នៅក្នុងប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ផងដែរ។ ក្រៅអំពីសកម្មភាពដែលបានរៀបរាប់ខាងលើ លោកបណ្ឌិត កៅ គឺមហួន ក៏បានជួបជាមួយគណៈកម្មាធិការអាស៊ានក្នុងប្រទេសទី ៣ មួយចំនួន និងបានទៅទស្សនានៅមជ្ឈមណ្ឌលអាស៊ាន ក្នុងប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទាអាស៊ាន ផងដែរ។
នៅក្នុងសារវីឌីអូ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ដូចខាងក្រោម៖

*ថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៤ គឺជាខួបគម្រប់ ១ ឆ្នាំ នៃការចូលកាន់តំណែងរបស់ខ្ញុំ ជាអគ្គលេខាធិការអាស៊ាន ទី១៥ ជាតំណែងមួយ ដែលមានទាំងកិត្តិយស និងការទទួលខុសត្រូវយ៉ាងធំធេង។ ខ្ញុំនៅចាំបានថា ក្នុងអំឡុងពេលផ្ទេរតំណែងអគ្គលេខាធិការអាស៊ាន កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ ខ្ញុំបានដាក់ចេញនូវអាទិភាពចំនួន៦ ដែលខ្ញុំហៅថា 6 Ps រួមមាន សន្តិភាព (Peace) វិបុលភាព (Prosperity) ភពផែនដី (Planet) ប្រជាជន (People) ភាពជាដៃគូ (Partnership) និង សក្តានុពល (Potential)។ ពេលនេះ រយៈពេល ៣៦៥ ថ្ងៃ បានកន្លងផុតទៅ ហើយស្របពេលដែលខ្ញុំចាប់ផ្តើមឆ្នាំទី ២ នៅក្នុងតំណែង ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីបញ្ជាក់ឡើងវិញនូវបំណងប្រាថ្នារបស់ខ្ញុំ ក្នុងការបន្តធ្វើការលើអាទិភាពសំខាន់ៗរបស់ខ្ញុំ ក៏ដូចជា អាទិភាពសំខាន់ៗផ្សេងទៀតរបស់ប្រទេសសមាជិកអាស៊ាន ព្រមទាំងដៃគូសន្ទា និងដៃគូខាងក្រៅរបស់អាស៊ាន ដើម្បីជាប្រយោជន៍ដល់ប្រជាជនអាស៊ាន និងប្រជាជនរបស់ដៃគូអាស៊ាន។

ឆ្លៀតឱកាសដ៏នក្ខត្តឫក្សនេះ ដូចដែលខ្ញុំក្រឡេកមើលលើសមិទ្ធផលរបស់អាស៊ាន ក្នុងរយៈពេល ១ឆ្នាំកន្លងមក ខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៣ សម្រាប់ការគាំទ្រដែលបានផ្តល់ឱ្យលេខាធិការដ្ឋានអាស៊ាន ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើដល់ផលប្រយោជន៍នៃសសរស្តម្ភទាំង ៣ របស់សហគមន៍អាស៊ាន រួមមាន សហគមន៍សន្តិសុខ-នយោបាយអាស៊ាន ឬ ដែលខ្ញុំហៅថា «សសរស្តម្ភសន្តិភាព» សហគមន៍សេដ្ឋកិច្ចអាស៊ាន ឬ «សសរស្តម្ភវិបុលភាព» និងសហគមន៍សង្គម-វប្បធម៌អាស៊ាន ឬ «សសរស្តម្ភប្រជាជន»។ ស្របពេលជាមួយគ្នា ការគាំទ្រដែលយើងទទួលបានពេញមួយឆ្នាំ២០២៣ ពីដៃគូសន្ទនា និងដៃគូខាងក្រៅនានា អនុញ្ញាតឱ្យយើងបង្កើនតម្លៃ និងអត្ថន័យបន្ថែមទៀតដល់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងអាស៊ាន និងដៃគូខាងក្រៅរបស់ខ្លួន។

ពិតណាស់ថាឆ្នាំ២០២៤ គឺជាឆ្នាំដ៏មានសារៈសំខាន់មួយទៀត ដូចដែលយើងខិតកាន់តែជិតដល់ថ្ងៃបញ្ចប់នៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងជាពិសេស ស្របពេលដែលយើងបានចាប់ផ្តើមសរសេរចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាឯកសាររយៈពេលវែង គូសវាសបរិយាកាសជាយុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។ នៅក្នុងន័យនេះ ខ្ញុំសូមសន្យាធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ដៃគូសន្ទនាអាស៊ាន និងដៃគូខាងក្រៅផ្សេងទៀត ដើម្បីសម្រេចបាននូវសហគមន៍អាស៊ានមួយដែលស៉ាំ រហ័សរហួន បុរេសកម្ម និងមានលក្ខណៈឆ្លើយតបទៅនឹងកាលានុវត្តភាព និងយកឈ្នះការប្រឈមដែលកំពុងកើតឡើង និងក្នុងពេលអនាគត។

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា និងច្បាស់លាស់ លេខាធិការដ្ឋានអាស៊ាន នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងផ្តល់ការគាំទ្រដូចគ្នាដល់ប្រទេសឡាវ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤។

នៅក្នុងស្មារតីឯកភាព និងសាមគ្គីភាព លេខាធិការដ្ឋានអាស៊ាន នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីពង្រឹងបន្ថែមទៀតនូវសមាហរណកម្មអាស៊ាន និងបង្កើនការកសាងសហគមន៍អាស៊ាន៕

អត្ថបទទាក់ទង