ខ្មែរប៉ុស្ដិ៍ Close

ក្រុងបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងសៀមរាប ទទួលជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 64
ក្រុងបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងសៀមរាប ទទួលជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ ក្រុងបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងសៀមរាប ទទួលជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ជូនដំណឹងស្តីពីលទ្ធផលប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ដែលទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន ៣ រួមមាន៖ ទីក្រុងបាត់ដំបង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ សុពលភាពឆ្នាំ ២០២២-២០២៤។

តាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានឱ្យដឹងថារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នឹងប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ ជូនដល់ទីក្រុងទេសចរណ៍ចំនួន ២១ នៅក្នុងតំបន់អាស៊ាន។ ចំពោះជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣នេះ គ្រោងនឹងចែកនៅក្នុងពិធីប្រគល់ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បាននិងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។ ការណ៍នេះបានឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតក្រសួងទេសចរណ៍ បានអះអាងទៀតថា ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រទេសចរ ណ៍អាស៊ាន ឆ្នាំ២០១៦ ២០២៥ សំដៅធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្ដៅ ដល់ភ្ញៀវទេសចរ។ ការប្រកួតប្រជែងនេះ ក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ តាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន។

សូមបញ្ជាក់ថា ស្ដង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំឡើងដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តាំងពីឆ្នាំ២០១១ និងដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្ដង់ដារនេះត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទទាក់ទង