ខ្មែរប៉ុស្ដិ៍ Close

តើតំបន់និយម (Regionalism) អាចទប់ស្កាត់ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងបានដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 62
តើតំបន់និយម (Regionalism) អាចទប់ស្កាត់ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងបានដែរឬទេ? តើតំបន់និយម (Regionalism) អាចទប់ស្កាត់ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងបានដែរឬទេ?

លោកស្រី Anna Powles និងលោកស្រី Joanne Wallis បានគូសបញ្ជាក់អំពីភាពស្រដៀងគ្នាមួយចំនួនរវាងតំបន់ប៉ាស៊ីហ្វិកខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងអត្ថបទរបស់ពួកយើង។ ប្រទេសនៅក្នុងតំបន់បានព្យាយាមជំរុញលទ្ធភាពក្នុងការពង្រឹងសន្ទុះរបស់តំបន់ប៉ាស៊ីហ្វិក និងបណ្តាប្រទេសជាមហាអំណាចធំៗ ដើម្បីពង្រឹងភាពជាតំបន់និយមនៃតំបន់ប៉ាស៊ីហ្វិកនៅក្នុងវេទិកាប្រជុំកោះប៉ាស៊ីហ្វិក (Pacific Islands Forum) ដែលត្រូវបានធ្វើ ឡើងកាលពីពេលថ្មីៗនេះនៅក្នុងប្រទេស Fiji។

ពួកគេបានស្នើឱ្យប្រទេសដែលជាសមាជិកនៃវេទិកាខាងលើ ចាប់យកនូវការបំផុសគំនិតរបស់អាស៊ានអំពីរបៀបក្នុងការដើរតួជាអ្នកការពារ និងសម្របសម្រួលនៅចំពេលកើតមានការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ។

វិធីសាស្ត្រនេះអាចទទួលបានជោគជ័យ តាមរយៈការបង្កើតវេទិការថ្មីមួយ (ដែលអាចមានលក្ខណៈស្រដៀងគ្នានឹងវេទិការតំបន់អាស៊ាន – ASEAN Regional Forum) ដើម្បីឱ្យបណ្តាប្រទេសដែលជាដៃគូសន្ទនារបស់តំបន់ប៉ាស៊ីហ្វិកអាចចូលរួមជាមួយបណ្តាប្រទេសដែលជាសមាជិកស្នូលដើម្បីធ្វើការសន្ទនាគ្នាលើបញ្ហាសន្តិសុខ។

បើទោះបីជាមានការរិះគន់ខ្លះក៏ដោយ ក៏អាស៊ានបានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពរវាងមហាអំណាចធំៗ។ អ្នករិះគន់មួយចំនួនអាចនឹងធ្វើការចំអកឱ្យមជ្ឈភាពអាស៊ាន ក៏ប៉ុន្តែមជ្ឈភាពអាស៊ានពិតជាមានឥទ្ធិពលក្នុងការចងភ្ជាប់ភាគីពាក់ព័ន្ធខាងក្រៅទៅនឹងរបៀបប្រតិបត្តិការរបស់អាស៊ាន។

មជ្ឈភាពអាស៊ានបានកើតចេញពីការដែលបណ្តាប្រទេសជាសមាជិកបានប្រមូលផ្តុំគ្នាជាធ្លុងមួយដើម្បីបង្កើនឥទ្ធិពលរបស់ពួកគេ ក្នុងគោលបំណងគ្រប់គ្រងទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាងធំៗ ដែលមានឥទ្ធិពល។ ប្រទេសសិង្ហបុរី ដែលជាប្រទេសដ៏សម្បូរបែប និងឥណ្ឌូណេស៊ីដែលជាប្រទេសដ៏ធំ បានប្រើប្រាស់យន្តការរបស់អាស៊ានដើម្បីពង្រីកលំហគោលនយោបាយយុទ្ធសាស្ត្រ។

គោលការណ៍រៀបចំតាមបែបពហុនិយម និងពហុភាគីនិយមដែលមានន័យថា «បណ្តាប្រទេសជាសមាជិកទាំងអស់គឺមានសិទ្ធិស្មើៗគ្នា ហើយអាស៊ានក៏មានសិទ្ធិស្មើភាពគ្នាជាមួយនិងបណ្តាប្រទេសដែលជាដៃគូសន្ទនា» ពិតជាបានជួយពង្រឹងនិរន្តរភាពទាំងក្នុងកិច្ចសហប្រតិបត្តិការខាងក្នុងនិងខាងក្រៅតំបន់។ តំបន់ប៉ាស៊ីហ្វិកមានមេរៀនជាច្រើនដែលត្រូវរៀនសូត្រពីអាស៊ាន ជាពិសេសគឺរបៀបដែលអាស៊ានអាចសម្របខ្លួនទៅនឹងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ។

សន្ធិសញ្ញា Rarotonga ដែលត្រូវបានបង្កើតឡើងដើម្បីបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង និងដើម្បីហាមប្រាមការប្រើប្រាស់, ការសាកល្បង និងការកាន់កាប់អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ គឺជាក្របខណ្ឌដ៏មានសក្តានុពលមួយដែលអាចជួយសម្របសម្រួលការចរចាជាមួយមហាអំណាចខាងក្រៅ ហើយពួកគេក៏អាចប្រើប្រាស់វិធីសាស្ត្រនេះដើម្បីដោះស្រាយការព្រួយបារម្ភជាប្រចាំរបស់តំបន់អំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើសន្តិសុខរបស់ប្រជាជនខ្លួន។

ប្រាកដណាស់ការបង្កើតឱ្យមានភាពជាតំបន់និយមរវាងប្រទេសប៉ាស៊ីហ្វិក នឹងមិនមានភាពរឹងមាំដូចនៅតំបន់អាស៊ីអាគ្នេយ៍នោះទេ។ បញ្ហាដ៏ធំធេងចំពោះការអភិវឌ្ឍរបស់ពួកគេទាមទារឱ្យមានការចូលរួមពីសំណាក់ដៃគូខាងក្រៅដែលអាចផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការជាចាំបាច់ដើម្បីចាប់ផ្តើមសកម្មភាពក្នុងការទាញយកធនធានធម្មជាតិ និងនៅក្នុងវិស័យទេសចរណ៍។

ប្រទេសជាដៃគូខាងក្រៅដ៏សំខាន់បំផុតសម្រាប់កិច្ចការនេះគឺ «ប្រទេសចិន» ហើយបណ្តាប្រទេសលោកខាងលិចនៅតែមិនទាន់បានទទួលស្គាល់ទេថា «ប្រទេសចិនគឺជាដៃគូដ៏យូរអង្វែងនៅក្នុងតំបន់ប៉ាស៊ីហ្វិកដែលមិនអាចមើលរំលងបានទេ»។ នៅពេលនេះ ប្រទេសលោកខាងលិចបានចាត់ទុក «ការពង្រីកការផ្តល់ជំនួយ និងការបង្កើនការវិនិយោគរបស់ប្រទេសចិនគឺជាសកម្មភាពដែលធ្វើឡើងក្នុងគោលបំណងបង្កើនឥទ្ធិពលរបស់ចិន»។

វាគឺជារឿងពិត ក៏ប៉ុន្តែវាមិនមែនជាការឆ្លើយតបដ៏ត្រឹមត្រូវនោះទេក្នុងការខ្ជះខ្ជាយថវិកា ឬធនធានដើម្បីតែរារាំងបណ្តាប្រទេសប៉ាស៊ីហ្វិកពីការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងពីការទទួលយកជំនួយរបស់ចិនដែលជាតួអង្គដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចរបស់តំបន់នេះនៅពេលអនាគត។

អ្វីដែលជាជម្រើសដ៏ល្អបំផុត និងតែមួយគត់សម្រាប់បណ្តាប្រទេសលោកខាងលិចគឺ «ការផ្តល់នូវយន្តការដល់បណ្តារដ្ឋាភិបាលនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងក្រុមសង្គមស៊ីវិល ដើម្បីធានាថា ការចូលរួមរបស់ពួកគេជាមួយប្រទេសចិននឹងត្រូវបានធ្វើឡើងនៅក្នុងលក្ខខណ្ឌមួយដែលនឹងផ្តល់អត្ថប្រយោជន៍ជាអតិបរមាដល់សេដ្ឋកិច្ចរបស់តំបន់ប៉ាស៊ីហ្វិក និងដើម្បីកាត់បន្ថយផលប៉ះពាល់មកលើមូលដ្ឋាន, អធិបតេយ្យភាព និងបរិស្ថានធម្មជាតិរបស់តំបន់»។

ទំនាក់ទំនងទៅវិញទៅមករវាងលទ្ធិប្រជាធិបតេយ្យ និងឥទ្ធិពលរបស់ចិន នៅទូទាំងតំបន់អាស៊ីគឺនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយនោះទេ ក៏ប៉ុន្តែតំបន់ប៉ាស៊ីហ្វិកគឺជាទីកន្លែងមួយដែលបណ្តារដ្ឋប្រជាធិបតេយ្យដ៏ពិតប្រាកដ អាចធ្វើសកម្មភាពជាសមូហភាពដើម្បីប្រឆាំងនឹងភាពជ្រុលហួសហេតុរបស់អ្នកវិនិយោគចិន និងស្ថាប័នរដ្ឋចិន ហើយវាក៏ជាទីកន្លែងដែលពួកគេអាចចូលរួមគាំទ្ររដ្ឋាភិបាលចិន ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់តំបន់ផងដែរ។

អូស្ត្រាលី នូវែលសេឡង់, សហរដ្ឋអាមេរិក និងជប៉ុន អាចជំរុញឱ្យមានសាមគ្គីភាពជាមួយបណ្តាប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិក តាមរយៈការបង្កើនការគាំទ្រដល់ការកសាងស្តង់ដារអភិបាលកិច្ចដ៏រឹងមាំក៏ដូចជាការផ្តល់ការគាំទ្រដល់ក្រុមសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅទូទាំងតំបន់ប៉ាស៊ីហ្វិក និងការជួយបង្កើននូវជំនាញដល់ប្រជាជន នៅក្នុងតំបន់តាមរយៈការផ្តល់លទ្ធភាពកាន់តែច្រើនដល់ពួកគេក្នុងការបន្តការអប់រំទៅដល់ថ្នាក់ឧត្តមសិក្សា និងឱកាសចូលទៅក្នុងទីផ្សារការងារធំៗ។

ចំណុចអាទិភាពផ្សេងទៀតគឺ «ការរក្សាការគោរពចំពោះភាពជាអ្នកដឹកនាំរបស់តំបន់ប៉ាស៊ីហ្វិកក្នុងការបង្រួបបង្រួមបទដ្ឋាន និងស្ថាប័ននានានៅក្នុងតំបន់ ហើយពួកគេត្រូវតែទទួលយកនូវតួនាទីរបស់ចិនក្នុងនាមជាភាគីពាក់ព័ន្ធនៅក្នុងដំណើរការនេះ»។

ការព្រួយបារម្ភនោះគឺ «យន្តការថ្មីមួយចំនួនដូចជា «Partners in the Blue Pacific Initiative» ដែលត្រូវបានគេរចនាឡើងដើម្បីសម្រួលកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់, ចក្រភពអង់គ្លេស និងជប៉ុន អាចបង្កហានិភ័យដែលអាចឈានទៅដកប្រទេសចិនចេញពីដំណើរការនេះ» ហើយវាក៏មិនសូវខុសគ្នាដែរពាក់ព័ន្ធនឹងសម្ព័ន្ធក្រុម Quad។

ខណៈពេលដែលភាពជាតំបន់និយមនៃតំបន់ប៉ាស៊ីហ្វិកនៅមិនទាន់ត្រូវបានរៀបចំឱ្យបានល្អ ភាគីទាំងអស់ត្រូវតែរៀនសូត្របន្ថែមទៀតអំពីអ្វីដែលគួរចៀសវាង ក៏ដូចជាអ្វីដែលគួរបន្តធ្វើពីបទពិសោធន៍ជាច្រើនទសវត្សរ៍របស់ក្រុមប្រទេសដែលស្ថិតនៅភាគពាយ័ព្យនៃតំបន់ប៉ាស៊ីហ្វិក៕

East Asia Forum