លិខិតចំហពីប្រជាជនកម្ពុជា៖ មន្ត្រីអាមេរិកមិនគួរវាយប្រហារដ៏ងងើលនិងអយុត្តិធម៌មកលើកម្ពុជាសោះឡើយ!
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសថា នឹងបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។ ហេតុអ្វីបានជាមន្ត្រីអាមេរិកធ្វើបែបនេះនៅពេលដែល លោក ហ៊ីង ប៊ុនហៀង គ្មានលុយនៅអាមេរិកផងនោះ? ហេតុអ្វីបានជាមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកធ្វើនៅពេលឥឡូវនេះ នៅមុនការបោះឆ្នោតជាតិនៅកម្ពុជា? តើមន្ត្រីអាមេរិកកំពុងបង្កើតសមរភូមិនយោបាយ ដើម្បីឱ្យប្រយោជន៍ទៅអ្នកណាឱ្យពិតប្រាកដ? ប៉ុន្តែក៏សូមយល់ថា អាមេរិកឱ្យតម្លៃវីរៈភាពកងទ័ពអ្នកប៉ុណ្ណា គឺប្រជាជនកម្ពុជា ក៏គោរពនិងឱ្យតម្លៃកងទ័ពជាតិយើងដ៏ខ្ពង់ខ្ពស់ដូចគ្នាដែរ។ មន្ត្រីហិរញ្ញវត្ថុអាមេរិកដឹងច្បាស់ណាស់ថា លោក ហ៊ីង ប៊ុនហៀង គ្មានទ្រព្យសម្បត្តិទុកនៅអាមេរិកទេ។ ដូច្នេះសេចក្តីប្រកាសនេះ គឺជាបំណងដ៏ពិសពុលបម្រើឱ្យនយោបាយ ទុច្ចរិតជាថ្មីទៀត ដើម្បីបំបែកបំបាក់ ប្រមាថកិត្តិនាមប្រជាជាតិកម្ពុជា និងឈានទៅបំផ្លាញកម្ពុជាទាំងមូលតែប៉ុណ្ណោះ។
ប្រជាជនកម្ពុជាក៏សូមចាត់ទុកថា ទង្វើដែលគ្មានភាពជាក់ស្តែងរបស់មន្ត្រីអាមេរិក គឺជាការបន្តព្យាបាទដ៏រ៉ាំរ៉ៃនិងមិនឈប់ឈរ មកលើប្រជាជាតិមួយ ដែលអាមេរិកធ្លាប់ធ្វើបាប ដោយការទម្លាក់គ្រាប់បែករាប់លានតោន និងសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ជាង៨សែននាក់។ ទង្វើរបស់មន្ត្រីអាមេរិក គឺមិនមែនជាប្រជាជាតិស៊ីវិល័យ គឺមិនគោរពឯករាជ្យនិងអធិបតេយ្យជាតិ និងមិនថ្លៃថ្នូរឡើយ ប៉ុន្តែទង្វើនេះគឺជាការបំផុសកំហឹងឡើងវិញ និងជាបន្តបង្កើតការស្អប់កាន់តែជ្រាលជ្រៅរវាងប្រជាជាតិពីរគឺ កម្ពុជា និង អាមេរិក។ មន្ត្រីអាមេរិក គួររួមចំណែកខិតខំកសាងគ្រឹះទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន នៃប្រទេសទាំងអស់ឱ្យមានការយោគយល់គ្នា និងគោរពគ្នាទៅវិញទៅមកទាំងផ្នែកវប្បធម៌ អធិបតេយ្យ នយោបាយ និងសេដ្ឋកិច្ច។
ម្តងហើយម្តងទៀត មន្ត្រីអាមេរិក ក៏មិនគួរដើរផ្ទុយពីបន្ទាត់នយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងខិតខំកសាង «សន្តិភាព» នៅអាស៊ី និងការមិនជ្រៀតជ្រែកអធិបតេយ្យគ្នានោះឡើយ។ មន្ត្រីអាមេរិក ក៏មិនគួរសាបព្រួសកំហឹងប្រជាជនកម្ពុជា ដូចប្រជាជននៅមជ្ឈិមបូព៌ាដែលស្អប់មន្ត្រីអាមេរិក រហូតចាត់ទុកពលរដ្ឋអាមេរិក ជាមុខសញ្ញានិងគោលដៅនៃការវាយប្រហារសងសឹកនោះឡើយ។
កុលបុត្រខ្មែរមួយរូបដែលមានតម្លៃនិងកិត្តិយសគឺ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រហែលជាគ្មានភាពចាំបាច់នឹងធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិកនោះទេ។ ឈាម ជីវិត និងឧត្តមគតិ របស់មេទ័ពម្នាក់នេះ បានផ្សាភ្ជាប់នឹងមាតុភូមិកម្ពុជាយ៉ាងជ្រាលជ្រៅរួចទៅហើយ។ ប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ សម្រាប់វីរៈមេទ័ពម្នាក់នេះ បន្តរស់នៅដោយកិត្តិយសជាមួយ យុទ្ធជន កងទ័ព ថ្នាក់ដឹកនាំជាតិ និងប្រជាជនកម្ពុជា ដោយកិត្តិយស។ ប្រជាជនកម្ពុជានៅតែចាត់ទុកដោយគោរពថា លោក ហ៊ីង ប៊ុនហៀង គឺជាកុលបុត្រខ្មែរមួយរូបក្នុងចំណោមកុលបុត្រខ្មែរជាច្រើនម៉ឺនលាននាក់ទៀត ដែលបានលះបង់យុវវ័យ សេចក្តីសុខ និងជីវិតផ្ទាល់ខ្លួន ដើម្បីរំដោះ ការពារ កសាង អភិវឌ្ឍជាតិមាតុភូមិកម្ពុជាឱ្យមានសុខសន្តិភាព និងការរីកចម្រើន រហូតមកដល់សព្វថ្ងៃ។ ពលិកម្មនេះធំធេងណាស់សម្រាប់ការរស់ឡើងវិញរបស់ ប្រជាជាតិមួយដែលឆ្លងកាត់សង្គ្រាម ការឈ្លានពាន និងការសម្លាប់ដោយគ្រាប់បែករបស់បរទេស។
មន្ត្រីអាមេរិក ឬជនបរទេសណាក៏ដោយ មិនអាចជ្រៀតជ្រែក បំភ័ន្ត ញុះញុង បំបែកបំបាក់ស្មារតីសាមគ្គីរបស់ប្រជាជនកម្ពុជាបានឡើយ។ យើងជាប្រជាជនកម្ពុជាយល់ច្បាស់និងនៅតែចងចាំថា «សន្តិភាព» នៅកម្ពុជាសព្វថ្ងៃ គឺកើតចេញពីពលិកម្មរបស់វីរៈបងៗកងទ័ព ថ្នាក់ដឹកនាំ រួមជាមួយប្រជាជនកម្ពុជា។ «បូរណភាពទឹកដីកម្ពុជា» គឺកើតចេញពីពលិកម្មរបស់បងៗវីរៈកងទ័ព ថ្នាក់ដឹកនាំ រួមជាមួយប្រជាជនកម្ពុជា។ «ភាពសប្បាយរីករាយ» របស់ប្រជាជនកម្ពុជា និងភាពរីកចម្រើននៅកម្ពុជាសព្វថ្ងៃ ក៏កើតចេញពីពលិកម្មរបស់វីរៈកងទ័ព ថ្នាក់ដឹកនាំ រួមជាមួយប្រជាជនកម្ពុជាដែរ។ អ្នកមិនអាចបំភ័ន្តយើងបានទេ។
យើង ជាប្រជាជនកម្ពុជា សូមប្រកាសផ្ញើសារទៅវិញថា ការប្រមាថដ៏ងងើលនិងអយុត្តិធម៌របស់មន្ត្រីអាមេរិក ដែលបង្កើតលេសសម្រាប់ជាការប្រមាថដ៏ពិសពុល មកលើវីរៈកងទ័ព ប្រជាជន និងថ្នាក់ដឹកនាំកម្ពុជា គឺជាការធ្វើឲ្យប្រជាជាតិកម្ពុជា កាន់តែមានស្មារតីសាមគ្គី បង្កើនកម្លាំងជាតិ ស្មាគៀកស្មាកាន់តែរឹងមាំ និងក៏សូមចងចាំថា៖ «អ្នកមិនអាចយកអ្វីពីកម្ពុជាបានទេ»។ ប្រជាជនកម្ពុជា ក៏សូមប្រកាសជាឱឡាឬកថា ព្រះរាជាណាចក្រកម្ពុជា គឺមិនស្ថិតនៅក្រោមច្បាប់របស់អាមេរិកនោះទេ។ ប្រជាជនកម្ពុជា ក៏សូមរំលឹកថា «អាមេរិក ជំពាក់ឈាម និងជីវិតប្រជាជនកម្ពុជាច្រើនណាស់នៅក្នុងសម័យសង្គ្រាម។ អាមេរិកទេ ដែលត្រូវសងបំណុលទាំងនេះមកឲ្យ ប្រជាជនកម្ពុជា»៕
យើងប្រជាជនកម្ពុជា!