ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងមហាផ្ទៃសកម្មថែមទៀតក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 140
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងមហាផ្ទៃសកម្មថែមទៀតក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងមហាផ្ទៃសកម្មថែមទៀតក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញក្រសួងមហាផ្ទៃខិតខំឲ្យបានសកម្មបន្ថែមទៀតក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ហាចរាចរណ៍ ក្មេងទំនើង និងបញ្ហាជាច្រើនទៀតនៅក្នុងសង្គម ដើម្បីធ្វើយ៉ាងណាឲ្យស្របទៅតាមគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាគោលនយោបាយ និងទិសដៅការងារដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បាននិងកំពុងយកចិត្តទុកដាក់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងមហាផ្ទៃ ចាំបាច់ត្រូវពង្រឹងការទប់ស្កាត់នូវរាល់បាតុភាព រួម និងគ្រោះថ្នាក់ចរាចរណ៍ អំពើជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការលួចឆក់ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងជាដើម ហើយរដ្ឋបាលថ្នាក់ក្រោមជាតិក៏ចាំបាច់នៅក្នុងការចូលរួមផ្តល់សេវាយុត្តិធម៌ក្រៅប្រព័ន្ធតុលាការជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលកន្លងមក បានចាត់វិធានការជាច្រើន និងជាបន្តបន្ទាប់ទាក់ទងការបង្ក្រាបទីតាំងល្បែងស៊ីសង បង្ក្រាបការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការខិតខំរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងបញ្ហាទាំងអស់នេះ។ ទោះយ៉ាងណាសម្តេចថា កិច្ចការងារនេះនៅមានច្រើនទៀត ដែលទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំឥតឈប់ឈរ ហើយរិះរកគ្រប់មធ្យោបាយ រួមសហការគ្នាដើម្បីទប់ទល់រឿងទាំងអស់នេះ៕

អត្ថបទទាក់ទង