ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគចៅចាក់ស្មុក៖ គ្រប់កាលៈទេសៈ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី ក៏ដូចជាពលរដ្ឋខ្មែរទាំងមូល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 32
អ្នកវិភាគចៅចាក់ស្មុក៖ គ្រប់កាលៈទេសៈ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី ក៏ដូចជាពលរដ្ឋខ្មែរទាំងមូល អ្នកវិភាគចៅចាក់ស្មុក៖ គ្រប់កាលៈទេសៈ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី ក៏ដូចជាពលរដ្ឋខ្មែរទាំងមូល

នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ គឺជាថ្ងៃដ៏សប្បាយរីករាយបំផុតមួយរបស់កម្មករនិយោជិត ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាក្រោមការដឹកនាំ និងសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានបោះឆ្នោតឯកភាពកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្ប​បរមា​សម្រាប់​ឆ្នាំ២០២៤។ កាន់តែរីករាយបន្ថែមទៀត ក្រោមទឹកចិត្តដ៏សប្បុរសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានសម្រេចបន្ថែមចំនួន ២ដុល្លារទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា​របស់កម្មករ​និយោជិត​កើនដល់ ២០៤ដុល្លារ ​ពោលក្នុងមួយខែ គឺកើនបាន ៤ដុល្លារសម្រាប់ឆ្នាំ២០២៤។

ទោះតិចក្តីច្រើនក្តី នេះគឺជាការគិតគូរ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះកម្មករកម្មការិនី និង និយោជិត។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្តេចបានតាមដានយ៉ាង​យកចិត្តទុកដាក់​លើ​ការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះ តាំងពីពេលចាប់ផ្តើមហើយ ការជួយលើកកម្ពស់ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាន​នៃលទ្ធភាព​ជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក។

សម្តេចធិបតីបានជម្រាបជូនជនរួមជាតិថាសម្តេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាម​ដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។ ទន្ទឹមនឹងនេះ សម្តេចនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកាខាងមុខ ដើម្បីកែលម្អ​បរិយាកាស​វិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និង​បង្កើត​ការងារថ្មីៗជូនប្រជាពលរដ្ឋ។

នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខរបស់កម្មករកម្មការិនី និង​ចំពោះ​ប្រជាពលរដ្ឋខ្មែរជារួម។ ដើម្បីឆ្លើយតបនឹងសេចក្តីទុកចិត្តដែល​ប្រជាពលរដ្ឋបានផ្តល់មកជូនគណ​បក្ស​ប្រជាជនកម្ពុជាក្នុងពេលបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំ​ដោយគណ​បក្សប្រជាជនកម្ពុជា បានដាក់ចុះឱ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣នេះតទៅនូវគោលនយោបាយអាទិភាព ៦ចំណុចដែលជាក្តីសង្ឃឹមដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែររួមមាន៖

ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺនៅពេលមានជំងឺ មន្ត្រី​រាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវ​សេវា​ថែទាំសុខភាពគ្រប់ៗគ្នា។

ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះនឹងទទួលបានការបណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈ ដើម្បីពួក​គេ​អាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតប​ង់ប្រាក់​ហើយ​ថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។

ទី៣៖ ពលរដ្ឋក្រីក្រនិងងាយរងគ្រោះនឹងទទួលបាននូវភាពកក់ក្តៅតាមរយៈ​កម្មវិធីជាតិជំនួយសង្គម ដែលនឹង ត្រូវ​ពង្រឹងឱ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺនៅពេលពលរដ្ឋជួបវិបត្តិរឿឫហានិភ័យផ្សេងៗ កម្មវិធីជាតិ​ជំនួយសង្គម និងរង់ចាំជួយពួកគេ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី៤៖ អ្នកប្រកបរបរក្រៅប្រព័ន្ធនិងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍​ដូចអ្នកប្រកបរបរ ក្នុងប្រព័ន្ធដែរនៅពេល ដែលពួកគេជួបវិបត្តិឫហានិភ័យផ្សេងៗ។

ទី៥៖ ប្រជាកសិករ និងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធី​ហិ​រញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេស គឺទទួលបានការការពារតម្លៃក​សិផល​ឱ្យ​បានសមរម្យ ដោយមិនឱ្យកសិករខាតបង់ឡើយ។

ទី៦៖ រាជរដ្ឋាភិបាល និងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំសង្កាត់​ដែលមានពល​រដ្ឋ​ប្រកប​របរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។

កម្ពុជារីកចម្រើន នោះប្រាក់ឈ្មួលកម្មករនិយោជិត ជីវភាពប្រជាពលរដ្ឋនឹងរីកចម្រើនធូរធារកម្ពុជា ក្រោមការ ដឹក​នាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយកម្ពុជានឹងបន្ត​រីកចម្រើនទៅមុខប្រកបដោយមោទកភាព និងសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសមានចំណូល​មធ្យម​កម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕​

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង