ខ្មែរប៉ុស្ដិ៍ Close

ទំនាក់ទំនងចិន-អាមេរិក៖ តើការបាញ់ទំលាក់បាឡុងចារកម្ម នឹងនាំមកនូវអស្ថិរភាពដល់តំបន់អាស៊ីអាគ្នេយ៍ដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 88
ទំនាក់ទំនងចិន-អាមេរិក៖ តើការបាញ់ទំលាក់បាឡុងចារកម្ម នឹងនាំមកនូវអស្ថិរភាពដល់តំបន់អាស៊ីអាគ្នេយ៍ដែរឬទេ? ទំនាក់ទំនងចិន-អាមេរិក៖ តើការបាញ់ទំលាក់បាឡុងចារកម្ម នឹងនាំមកនូវអស្ថិរភាពដល់តំបន់អាស៊ីអាគ្នេយ៍ដែរឬទេ?

ក្រុមអ្នកវិភាគបាននិយាយថា បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មានការសង្ស័យថា ផលវិបាករវាងអាមេរិកនិងចិនជុំវិញរឿងបាឡុងចារកម្ម អាចនាំមកនូវអស្ថិរភាពនៅក្នុងតំបន់ ខណៈដែលពួកគេកំពុងតែប្រឈមមុខរួចទៅហើយជាមួយនឹងបញ្ហាអតិផរណានិងការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយសារតែការមិនទុកចិត្តគ្នាកាន់តែខ្លាំងឡើងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។

កាលពីថ្ងៃសៅរ៍ យោធាអាមេរិកបានបាញ់ទម្លាក់នូវអ្វីដែលពួកគេបានហៅថាជាបាឡុងឃ្លាំមើលរបស់ចិន ដែលបានហោះឆ្លងចូលទៅក្នុងដែនអាកាសរបស់តំបន់អាមេរិកខាងជើងកាលពីសប្តាហ៍មុន ដែលរួមមានទាំងទីតាំងយោធាដ៏រសើបផងដែរ។ ចិនបានអះអាងថា ករណីខាងលើនេះគឺជាឧបទ្ទវហេតុដែលមានជាប់ពាក់ព័ន្ធជាមួយនឹងយន្តហោះស៊ីវិល ព្រមទាំងជាការគំរាមកំហែងដោយសារតែ «ការប្រតិកម្មជ្រុលហួសហេតុ» របស់ទីក្រុងវ៉ាស៊ីនតោន។

សូមអាន តើច្បាប់អន្តរជាតិបាននិយាយអ្វីខ្លះអំពីបាឡុងចារកម្មរបស់ចិន និងការឆ្លើយតបរបស់អាមេរិក?

នៅក្នុងសប្តាហ៍នេះព្រឹទ្ធសភាអាមេរិកនឹងត្រូវធ្វើសេចក្តីបំភ្លឺអំពីករណីនេះ ដែលរួមមានទាំងព័ត៌មានលម្អិតនៃសមត្ថភាពឃ្លាំមើលរបស់បាឡុងនោះ ហើយទីក្រុងវ៉ាស៊ីនតោនក៏កំពុងពិចារណាចាត់វិធានការមួយចំពោះសកម្មភាពដ៏អាក្រក់របស់ប្រទេសចិនផងដែរ នេះបើយោងតាមការឱ្យដឹងពីសំណាក់មេដឹកនាំសម្លេងភាគច្រើន លោក Chuck Schumer។

លោក Chong Ja Ian សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជាតិសឹង្ហបុរីបាននិយាយថា «រដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍នឹងបន្តឃ្លាំមើលយ៉ាងដិតដល់ចំពោះសកម្មភាពជាបន្តបន្ទាប់របស់ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់ទណ្ឌកម្មទៅលើគ្នាទៅវិញទៅមក និងរបៀបដែលការដាក់ទណ្ឌកម្មនោះអាចបង្កផលប៉ះពាល់ដល់ផលប្រយោជន៍នៅក្នុងតំបន់នេះ»។

លោក Chong បាននិយាយថា «បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ជាច្រើនទទួលបានការវិនិយោគពីសំណាក់សហរដ្ឋអាមេរិក ហើយថែមទាំងបានធ្វើពាណិជ្ជកម្មយ៉ាងច្រើនដោយប្រើប្រាស់សេវាកម្មរបស់អាមេរិកដើម្បីអាចផលិតទំនិញសម្រាប់យកទៅលក់ឱ្យប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ពួកគេ»។

លោក Chong បាននិយាយថា ការបង្កការរំខានដល់ប្រព័ន្ធនេះនឹងអាចជះឥទ្ធិពលមិនល្អដល់តំបន់អាស៊ីអាគ្នេយ៍ នៅពេលដែលពួកគេកំពុងប្រឈមមុខរួចទៅហើយជាមួយនឹងកំណើននៃអត្រាអតិផរណា និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។ លោកបានបន្ថែមទៀតថា «ភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងៗដែលមិនអាចគ្រប់គ្រងបាននៅក្នុងតំបន់ ឬនៅជិតតំបន់អាស៊ីអាគ្នេយ៍ ក៏អាចនឹងបង្កើតឲ្យមានអស្ថិរភាពដែលគួរឲ្យព្រួយបារម្ភផងដែរ»។

លោក Ngeow Chow Bing នាយកវិទ្យាស្ថាន Institute of China Studies at the University of Malaya បាននិយាយថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍កំពុងតាម មើលដោយក្តីបារម្ភ។ លោកបាននិយាយថា «ភាពតានតឹងជុំវិញបញ្ហានេះទំនងជានឹងធ្វើឱ្យមតិសាធារណៈកាន់តែមិនសូវពេញចិត្តចំពោះភាគីអាមេរិក ហើយភាពតានតឹងដែលនឹងកើតមានបន្ត មិនស្ថិតនៅក្នុងផលប្រយោជន៍រួមរបស់តំបន់អាស៊ី
អាគ្នេយ៍នោះទេ»។

ភាពចម្រូងចម្រាសនេះបានផ្ទុះឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken គ្រោងនឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិននៅក្នុងសប្តាហ៍នេះ។ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan កាលពីថ្ងៃសៅរ៍បាននិយាយថា «ការលុបចោលដំណើរទស្សនកិច្ចរបស់លោក Blinken ជុំវិញឧបទ្ទវហេតុនេះ គឺពិតជារឿងគួរឱ្យសោកស្តាយ» ហើយលោកក៏បានអំពាវនាវឱ្យភាគីទាំងពីរ រក្សាការអត់ធ្មត់។

ករណីនេះក៏បានកើតឡើងក្រោយរយៈពេល ៣ ខែដែលប្រធានាធិបតីចិន Xi Jinping បានជួបប្រជុំរយៈពេល ៣ ម៉ោងជាមួយសមភាគីអាមេរិក Joe Biden នៅមុនកិច្ចប្រជុំកំពូល G20 នៅលើកោះបាលី។ គេបានពិពណ៌នាជំនួបនៅពេលនោះថា ជាដំណើរការដ៏សំខាន់មួយក្នុងការរក្សាស្ថិរភាពទំនាក់ទំនងដែលកាន់តែមានភាពតានតឹងឡើងៗដោយសារបញ្ហាជាច្រើន ដោយរាប់ចាប់ពីបញ្ហាពាណិជ្ជកម្ម និងបច្ចេកវិទ្យា រហូតដល់បញ្ហាកោះតៃវ៉ាន់។

សូមអាន តើយើងអាចរំពឹងទុកអ្វីខ្លះពីកិច្ចប្រជុំ G20 របស់ប្រទេសឥណ្ឌូណេស៊ី?

លោក Muhammad Faizal Bin Abdul Rahman អ្នកស្រាវជ្រាវនៅវិទ្យាស្ថានការពារជាតិនិងការសិក្សាយុទ្ធសាស្ត្រ RSIS នៃកម្មវិធីផែនការសន្តិសុខក្នុងតំបន់បាននិយាយថា «សុទិដ្ឋិនិយមដែលទទួលបានពីកិច្ចប្រជុំ Xi-Biden នៅកោះបាលីមិនអាចត្រូវបានគេយកមកអនុវត្តជាសកម្មភាពដើម្បីកសាងទំនុកចិត្តសម្រាប់បម្រើដល់ការគ្រប់គ្រងភាពតានតឹង និងទប់ស្កាត់ឧបទ្ទវហេតុបាននោះទេ»។

លោក Chong បាននិយាយថា «សម្រាប់ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន ដើម្បីអាចធ្វើការបង្កើនទំនាក់ទំនងឱ្យបានល្អប្រសើរឡើងវិញ ពួកគេត្រូវតែបង្ហាញពីឆន្ទៈនយោបាយ ហើយទាំងលោក Biden និងលោក Xi សុទ្ធតែចង់ឱ្យដំណើរទស្សនកិច្ចរបស់លោក Blinken កើតឡើង»។

លោក ឈាង វណ្ណារិទ្ធ អ្នកយុទ្ធសាស្រ្តផ្នែកទំនាក់ទំនងរដ្ឋាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីនៅក្នុងទីក្រុងភ្នំពេញបាននិយាយថា តំបន់អាស៊ីអាគ្នេយ៍សង្ឃឹមថា ប្រទេសចិននិងសហរដ្ឋអាមេរិក នឹងគោរពតាមច្បាប់អន្តរជាតិក្នុងការដោះស្រាយស្ថានការណ៍នេះ នៅចំពេលដែលគេកំពុងមានការបារម្ភថា ទំនាក់ទំនងខាងលើនឹងត្រូវបានជម្រុញបន្ថែមដោយនយោបាយក្នុងស្រុក។ លោក វណ្ណារិទ្ធ បានថ្លែងថា «ភាពតានតឹងអាចនឹងកើនឡើងហួសពីការគ្រប់គ្រង ប្រសិនបើរដ្ឋបុរសទាំងនោះអនុញ្ញាតឱ្យមតិសាធារណៈជាអ្នកកំណត់ទៅលើប្រតិកម្មរបស់ពួកគេ»។

នៅសហរដ្ឋអាមេរិក ការតវ៉ាជាសាធារណៈបាននិងកំពុងកើតឡើងយ៉ាងខ្លាំងដោយមានមនុស្សជាច្រើនបានចោទសួរថា ហេតុអ្វីបានជារដ្ឋការនេះមិនបានបាញ់ទម្លាក់បាឡុងនោះឱ្យបានឆាប់ជាងនេះ។ មនុស្សជាច្រើនក៏បានខឹងសម្បាចំពោះការលើកឡើងរបស់មន្ទីរបច្ចកោណ ដែលថា យ៉ាងហោចណាស់មានបាឡុងរបស់ចិនចំនួន ៣ បានហោះនៅពីលើប្រទេសនេះ នៅក្នុងអំឡុងពេលដែលលោក Donald Trump កំពុងកាន់តំណែងជាប្រធានាធិបតី។

រដ្ឋការ Biden បានលើកឡើងថា បើទោះបីជាប្រធានាធិបតីបានចេញបញ្ជាឱ្យបាញ់ទម្លាក់បាឡុងនោះក៏ដោយ ក៏ក្រុមអ្នកជំនាញបានណែនាំថា ការធ្វើបែបនេះនៅលើដែនទឹក គឺជាជម្រើសដ៏ល្អបំផុតសម្រាប់សុវត្ថិភាពសាធារណៈ។

លោក Chong បានព្រមានថា ជាមួយនឹងបញ្ហាដែលកំពុងតែកើតឡើងនៅក្នុងស្រុក ទាំងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង ប្រហែលជាមិនចង់ធ្វើការសម្របសម្រួលនៅពេលនេះទេ។ លោកបាននិយាយទៀតថា «ចិនកំពុងតែទប់ស្កាត់វិបត្តិកូវីដ-១៩, ការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ, បំណុលរដ្ឋាភិបាលមូលដ្ឋាន និងការធ្លាក់ចុះនៃប្រជាសាស្ត្រ ។ ដូច្នេះទីក្រុងប៉េកាំងទំនងជាមិនចង់ឱ្យគេមើលឃើញថា ខ្លួនមានភាពទន់ខ្សោយទៀតនោះទេ» ។

លោក Muhammad Faizal បាននិយាយថា «ឧបទ្ទវហេតុនេះមិនមែនគ្រាន់តែមានជាប់ពាក់ព័ន្ធនឹងអធិបតេយ្យភាពទឹកដីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាមេរិកដើម្បីរារាំងការចូលទៅប្រើប្រាស់និងការអភិវឌ្ឌរបស់ចិន នៅលើវិស័យបច្ចេកវិទ្យាឌីជីថលនិងអវកាស ដែលនឹងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងឃ្លាំមើលផ្នែកស៊ីវិលនិងយោធាផងដែរ។

លោកបាននិយាយទៀតថា «ប្រសិនបើវាជាការពិតដែលថាបាឡុងរបស់ចិន នោះពិតជាត្រូវបានបញ្ជាដោយបច្ចេកវិទ្យា AI មែន នោះករណីនេះគឺពិតជាបានបង្ហាញអំពីហានិភ័យដ៏ខ្លាំងក្លានៃប្រព័ន្ធគ្មានមនុស្សបើកស្វ័យប្រវត្តិដែលអាចបង្កឱ្យមានជម្លោះដោយអចេតនា»។

លោក Muhammad Faizal បានបន្ថែមទៀតថា តំបន់នេះក៏គួរមានការព្រួយបារម្ភផងដែរអំពីរបៀបដែលចិននឹងធ្វើការឆ្លើយតបចំពោះវត្តមាននៃយានគ្មានមនុស្សបើករបស់អាមេរិកដែលបានធ្វើសកម្មភាពស្ទាបស្ទង់នៅក្រោមទឹកសមុទ្រនៅក្នុងតំបន់ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា ជាដែនទឹកអន្តរជាតិ ប៉ុន្តែចិនបានចាត់ទុកថាជាទឹកដីរបស់ខ្លួន។

លោក Bilahari Kausikan អតីតលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសសិង្ហបុរី បានលើកឡើងថា «បាឡុងនោះគឺជាវិធីសាស្ត្ររបស់ចិនក្នុងការសាកល្បងការតាំងចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង»។ លោក Bilahari បានសរសេរនៅលើបណ្តាញសង្គម Facebook របស់ខ្លួនថា «ការអះអាងរបស់ចិនដែលថាបាឡុងនោះគឺជាបាឡុងអាកាសធាតុដែលបានវង្វេងគោលដៅ គឺមិនមែនត្រឹមតែជាការបកស្រាយដែលអាចផ្តល់ឱ្យ ប្រទេសចិននូវការបដិសេធដែលអាចជឿជាក់បានប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានផ្តល់ឱ្យសហរដ្ឋអាមេរិកនូវមធ្យោបាយងាយស្រួលសម្រាប់ពួកគេបញ្ចប់នូវបញ្ហានេះផងដែរ ប្រសិនបើពួកគេមិនអាចរកលេសដើម្បីបញ្ចប់ឧបទ្ទវហេតុនេះបាន»។

លោក Bilahari បាននិយាយទៀតថា «ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តរក្សាដំណើរទស្សនកិច្ចរបស់លោក Blinken បើទោះបីជាមានករណីនៃការបង្កហេតុនេះ ហើយថែមទាំងមិនបានបាញ់ទម្លាក់បាឡុងនេះទៀត នោះវានឹងជួយពង្រឹងជំនឿរបស់ចិនដែលថា អាមេរិកកំពុងមានការធ្លាក់ចុះពិតប្រាកដហើយ»។ លោក Bilahari បានបន្ថែមទៀតថា «ប្រសិនបើទ្រឹស្តីខាងលើត្រូវបានគេយកមកអនុវត្តមែននោះ វាពិតជាការគណនាខុសរបស់ទីក្រុងប៉េកាំងចំពោះស្ថានភាពរបស់អាមេរិកហើយ»៕

South China Morning Post