ខ្មែរប៉ុស្ដិ៍ Close

    តើយើងអាចរំពឹងទុកអ្វីខ្លះពីកិច្ចប្រជុំ G20 របស់ប្រទេសឥណ្ឌូណេស៊ី?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 899
    តើយើងអាចរំពឹងទុកអ្វីខ្លះពីកិច្ចប្រជុំ G20 របស់ប្រទេសឥណ្ឌូណេស៊ី?តើយើងអាចរំពឹងទុកអ្វីខ្លះពីកិច្ចប្រជុំ G20 របស់ប្រទេសឥណ្ឌូណេស៊ី?

    កត្តាប្រឈមនៃសតវត្សរ៍ទី២១ មានលក្ខណៈជាសាកល និងធំធេងណាស់ដោយក្នុងនោះរួមមានបញ្ហាស្តីពីការប្រែប្រួលអាកាសធាតុការរាតត្បាតនៃវីរុសកូវីដ-១៩ អសន្តិសុខស្បៀងអាហារ និងសង្គ្រាមនុយក្លេអ៊ែរ។ កត្តាប្រឈមជាសកលនឹងតម្រូវឱ្យមានការឆ្លើយតបជាសកល បូករួមនឹងអភិបាលកិច្ចជាសកលឱ្យបានកាន់តែប្រសើរ។ ក៏ប៉ុន្តែការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពនឹងមិនអាចកើតមានបានទេ ប្រសិនបើសហគមន៍អន្តរជាតិនៅតែបន្តពឹងផ្អែកលើស្ថាប័ននិងដំណើរការហួសសម័យដែលត្រូវបានបង្កើតឡើងនៅក្រោយសង្គ្រាមលោកលើកទី២។

    ជាមួយនឹងបញ្ហាវីរុសកូវីដ-១៩ នៅមិនទាន់បានបញ្ចប់នៅឡើយ ប្រទេសឥណ្ឌូណេស៊ីអាចត្រូវកែសម្រួលរបៀបវារៈនៃភាពជាប្រធានកិច្ចប្រជុំ G20 របស់ខ្លួន។ សង្គ្រាមនៅអ៊ុយក្រែនបាននាំមកនូវការឡើងថ្លៃស្បៀងអាហារ, ថាមពល និងជីកសិកម្មដែលជាហេតុបង្កឱ្យមានវិបត្តិជាសកល ដែលកិច្ចប្រជុំ G20 ត្រូវតែធ្វើការឆ្លើយតបជាបន្ទាន់។

    ក្រុមប្រទេស G20 ត្រូវតែទទួលស្គាល់នូវការពិតដែលថា «ទំនាក់ទំនងអាមេរិក-ចិននឹងដើរថយក្រោយកាន់តែធ្ងន់ធ្ងរ នៅក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅ កាន់កោះតៃវ៉ាន់»។ ប្រទេសឥណ្ឌូណេស៊ីត្រូវតែខិតខំធ្វើការងារឱ្យបានកាន់តែច្រើនថែមទៀត ក្នុងអំឡុងកាន់តំណែងជាប្រធាន G20 របស់ខ្លួន ដើម្បីដោះស្រាយភាពចលាចលផ្នែកភូមិសាស្ត្រនយោបាយនៅពេលបច្ចុប្បន្ន។

    ប្រទេសឥណ្ឌូណេស៊ីបានធ្វើជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស G20 លោកទី២ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលលើកទី៣ ក្នុងពេលកំពុងកាន់តំណែងជាប្រធានសម្រាប់ឆ្នាំ ២០២២។ បើទោះបីជាមិនមានការចេញសេចក្តីថ្លែងការណ៍រួមក៏ដោយ ក៏ប្រទេសឥណ្ឌូណេស៊ីពិតជាបានបំពេញការងារយ៉ាងល្អក្រោមការដឹកនាំរបស់ខ្លួន។

    ទោះបីជាមានភាពតានតឹងខ្លាំងពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែនក៏ដោយ ក៏សមាជិក G20 ទាំងអស់នៅតែបានមកចូលរួមនៅកិច្ចប្រជុំដែលនេះបានបង្ហាញថា «បណ្តាប្រទេស G20 មានទំនុកចិត្តមកលើប្រទេសឥណ្ឌូណេស៊ីក្នុងនាមជាប្រធានអព្យាក្រឹត ដោយសារតែគោលនយោបាយមិនលម្អៀងរបស់ឥណ្ឌូណេស៊ីដែលបានបន្តអនុវត្តជាយូរមកហើយ»។

    នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស G20 ប្រទេសនានាបានពិភាក្សាអំពីការពង្រឹងគោលនយោបាយពហុភាគីនិយម និងការដោះស្រាយវិបត្តិស្បៀងអាហារសកល ក៏ដូចជាវិបត្តិថាមពល។ ប្រទេសឥណ្ឌូណេស៊ីក៏បានរៀបចំកិច្ចប្រជុំទ្វេភាគីចំនួន ២៣ ផងដែរ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលរបស់ក្រុមប្រទេស G20 បាននាំមកនូវការព្រមព្រៀងគ្នាចេញជាកថាខណ្ឌចំនួន ១២។

    កិច្ចព្រមព្រៀងដ៏គួរឱ្យកត់សម្គាល់មួយចំនួនត្រូវបានគេធ្វើឡើងពាក់ព័ន្ធនឹងបញ្ហាដែលរាប់ចាប់ពីការបង្កើតមូលនិធិសម្របសម្រួលហិរញ្ញវត្ថុសម្រាប់ការទប់ស្កាត់, ការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងវីរុសរាតត្បាត (Financial Intermediary Fund for Pandemic Prevention, Preparedness, and Response) ដើម្បីគ្រប់គ្រងឱ្យបានកាន់តែប្រសើរប្រឆាំងការរាតត្បាតនៃវីរុសនៅថ្ងៃអនាគតរហូតដល់កញ្ចប់ពន្ធអន្តរជាតិរបស់ក្រុមប្រទេស OECD-G20 (OECD-G20 International Tax) ដើម្បីពង្រឹងប្រព័ន្ធពន្ធអន្តរជាតិ។

    ប៉ុន្តែ កិច្ចប្រជុំបានខកខានមិនអាចឈានទៅសម្រេចកិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងផលប៉ះពាល់នៃសង្គ្រាមនៅអ៊ុយក្រែន។ ប្រទេសឥណ្ឌូណេស៊ីកំពុងខិតខំសម្រេចឱ្យបាននូវលទ្ធផលជាក់ស្តែងក្រោមរបៀបវារៈអាទិភាពចំនួន ៣ សម្រាប់ភាពជាប្រធាននៃកិច្ចប្រជុំ G20 របស់ខ្លួន ដោយរួមមានហេដ្ឋារចនាសម្ព័ន្ធសុខភាពសកល, ការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាប័ន្ន និងការផ្លាស់ប្តូរប្រភពថាមពល។ ពេលនេះ ប្រទេសឥណ្ឌូណេស៊ីក៏កំពុងផ្តោតលើការដោះស្រាយភាពបរាជ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារសកលផងដែរ។

    ការសម្រេចបាននូវកិច្ចសហប្រតិបត្តិការជាសកលលើបញ្ហាសន្តិសុខស្បៀងអាហារនឹងក្លាយជាសមិទ្ធិផលដ៏ធំមួយសម្រាប់ G20។ កិច្ចសហប្រតិបត្តិការអាចរួមបញ្ចូលនូវការបង្កើតការការពារស្បៀងអាហារក្នុងតំបន់និងក្នុងពិភពលោក ដែលរួមបញ្ចូលនូវការលើកទឹកចិត្តបណ្តាប្រទេសនានាឱ្យមានតម្លាភាពអំពីស្បៀងអាហារបម្រុងជាតិរបស់ពួកគេ ក៏ដូចជាការចុះសន្ធិសញ្ញាស្បៀងអាហារសកល។

    ក្រុមប្រទេស G20 អាចពង្រឹងយន្តការដែលមានស្រាប់ ឬអាចប្រើប្រាស់វាជាមូលដ្ឋានដែលមានដូចជាប្រព័ន្ធព័ត៌មានទីផ្សារកសិកម្មដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១១។ ស្រដៀងគ្នានេះដែរ កិច្ចប្រជុំ G20 អាចសម្របសម្រួលការងារជាមួយក្រុមឆ្លើយតបទៅនឹងវិបត្តិ របស់អង្គការសហប្រជាជាតិ (UN Crisis Response Group) និងកម្មវិធីកសិកម្មនិងសន្តិសុខ ស្បៀងសកល (Global Agriculture and Food Security Program) ដើម្បីជួយប្រទេសដែលកំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារស្រួចស្រាល់នៅពេលកើតមានជម្លោះទ្រង់ទ្រាយធំ។

    កិច្ចប្រជុំ G20 ក៏អាចដោះស្រាយផលប៉ះពាល់ដែលបង្កឡើងដោយវីរុសកូវីដ-១៩ ផងដែរ ដូចជាភាពរអាក់រអួលនៃការអប់រំនៅគ្រប់កម្រិតទាំងអស់ និងភាពទន់ខ្សោយនៃការកៀរគរមូលធនរូបវន្តដែលអាចទាញទម្លាក់សក្តានុពល សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង។

    សមាជិក G20 អាចជួយរៀបចំឡើងវិញនូវបំណុលរដ្ឋរបស់បណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច និងប្រទេសដែលមានប្រាក់ចំណូលទាប តាមរយៈការផ្តួចផ្តើមគំនិតស្តីពីការព្យួរការសងបំណុល G20 (G20 Debt Service Suspension Initiative) និងក្របខណ្ឌរួមសម្រាប់ការដោះបំណុល (Common Framework for Debt Treatment)។

    ការរៀបចំបំណុលឡើងវិញអាចជួយឱ្យប្រទេសដែលមានការអភិវឌ្ឍតិចតួច និងប្រទេសដែលមានប្រាក់ចំណូលទាបរួចផុតពីវិបត្តិបំណុល និងការគ្មានលទ្ធភាពសងបំណុលនៅចំពេលកើតមានផល ប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលកើតចេញពីបញ្ហាអតិផរណានិងការរាតត្បាតនៃវីរុសកូវីដ-១៩។

    កិច្ចប្រជុំ G20 ក៏អាចដោះស្រាយកត្តាប្រឈមលើការធ្វើបរិវត្តកម្មឌីជីថលផងដែរ ដូចជាការកេងប្រវ័ញ្ចលើទិន្នន័យបុគ្គល, ការគ្រប់គ្រងទិន្នន័យ, សន្តិសុខនៅលើប្រព័ន្ធអ៊ីនធឺណិត, គំលាតឌីជីថល និងការប្រើប្រាស់អ៊ីនធឺណេត។ កត្តាប្រឈមទាំងនេះត្រូវតែដោះស្រាយឱ្យបានទាន់ពេលវេលាតាមរយៈស្តង់ដារ, បទដ្ឋាន និងគោលការណ៍អន្តរជាតិ។

    ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកក្របខណ្ឌរួមដើម្បីវាស់ស្ទង់សេដ្ឋកិច្ចឌីជីថល (A Roadmap Toward a Common Framework for Measuring the Digital Economy) ដែលបង្កើតឡើងក្រោមភាពជាប្រធាន G20 របស់ប្រទេសអារ៉ាប៊ីសាអូឌីតនៅឆ្នាំ ២០២០ បានផ្តល់នូវនិយមន័យរួមស្តីពីសេដ្ឋកិច្ចឌីជីថល និងសុច្ចនាករមួយ ចំនួនសម្រាប់វាស់ស្ទង់ការងារ, ជំនាញ និងកំណើននៅក្នុងវិស័យនេះ។

    ផែនទីបង្ហាញផ្លូវ នេះចាំបាច់ត្រូវពង្រីកដើម្បីវាស់ស្ទង់លើទំហំនៃវិស័យឌីជីថលក៏ដូចជាផលប៉ះពាល់ដែលបណ្តាលមកពីការធ្វើបរិវត្តកម្មឌីជីថលដែលរួមមានផលប៉ះពាល់ទៅលើវិសមភាព, បរិស្ថាន, ស្ថិរភាពនយោបាយ, និងចិត្តសាស្ត្ររបស់អ្នកប្រើប្រាស់។

    លើសពីនេះ ភាពជាប្រធាន G20 របស់ប្រទេសឥណ្ឌូណេស៊ីមានសក្តានុពលក្នុងការស្តារទំនុកចិត្តឡើងវិញលើគោលនយោបាយពហុភាគីនិយម តាមរយៈការដោះស្រាយភាព រឹងស្តូកផ្នែកស្ថាប័ននៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO), ការកែទម្រង់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដូចជា IMF និង World Bank និងការពង្រឹងប្រព័ន្ធរូបិយវត្ថុអន្តរជាតិ។ កិច្ចប្រជុំ G20 គួរតែជំរុញកំណែទម្រង់ជាប្រព័ន្ធ និងប្រកប ដោយចីរភាពចំពោះអភិបាលកិច្ចសកល។

    ដើម្បីរក្សាសារៈសំខាន់នៃកិច្ចប្រជុំ G20 ពេលវេលាកើតមានវិបត្តិគួរតែដើរតួនាទីជាសារដាស់ស្មារតីដើម្បីឈានទៅរកការដោះស្រាយបញ្ហាជាប្រព័ន្ធដែលកំពុងកើតមាន និងដើម្បីដើម្បីចៀសវាងការកើតមានជាថ្មីម្តងទៀតនៃវិបត្តិសុខភាព ឬវិបត្តិសេដ្ឋកិច្ច។ សមាជិក G20 គួរតែបន្តការពិភាក្សាអំពីប្រធានបទនៃផលប្រយោជន៍រួម និងគួរគេចចេញពីការផុងក្នុងអន្ទាក់នៃរបៀបវារៈរបស់សមាជិកណាមួយ។

    អគ្គរដ្ឋទូត Triansyah Djani ដែលជាសហប្រធានកិច្ចប្រជុំ G20 របស់ប្រទេសឥណ្ឌូណេស៊ី បានព្រមានថា «ប្រសិនបើកិច្ចប្រជុំ G20 រងនូវការបែកបាក់ នោះគ្រប់គ្នានឹងងាកទៅរកការធ្វើការងារជាឯកតោភាគី។ យើងចង់ធានាឱ្យបានថា កិច្ចប្រជុំ G20 នៅតែរឹងមាំ និងអាចបន្តក្លាយជាវេទិកាចម្បងសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ ដែលអាចឆ្លើយតបទៅនឹងកត្តាប្រឈមសេដ្ឋកិច្ចសកល»។

    ប្រទេសឥណ្ឌា ដែលនឹងធ្វើជាប្រធាននៃកិច្ចប្រជុំ G20 ឆ្នាំ ២០២៣ នឹងក្លាយជាម្ចាស់ផ្ទះបន្ទាប់ដែលទទួលភារកិច្ចលើការប្រកាសដាក់ឱ្យប្រើនូវគោលការណ៍ និងវិធានច្បាប់ផ្អែកលើកុងសង់ស៊ីសរបស់កិច្ចប្រជុំ G20 ដើម្បីពង្រឹងការឯកភាពនិងអត្ថិភាព (Unity and Existence) របស់ខ្លួន៕

    East Asia Form

    អត្ថបទទាក់ទង