ខ្មែរប៉ុស្ដិ៍ Close

ប្រទេសចិនឈ្នះការគាំទ្រនៅអាស៊ីអាគ្នេយ៍ ក្នុងអំឡុងពេលនៃជំងឺរាតត្បាត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 67
ប្រទេសចិនឈ្នះការគាំទ្រនៅអាស៊ីអាគ្នេយ៍ ក្នុងអំឡុងពេលនៃជំងឺរាតត្បាត ប្រទេសចិនឈ្នះការគាំទ្រនៅអាស៊ីអាគ្នេយ៍ ក្នុងអំឡុងពេលនៃជំងឺរាតត្បាត

កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo បានអង្គុយលាត់ដៃអាវឡើងលើដើម្បីទទួលវ៉ាក់សាំង Sinovac លើកដំបូងរបស់លោក ដោយបានបង្ហាញនូវកញ្ចប់វ៉ាក់សាំងយ៉ាងមានមោទនភាពទៅកាន់អ្នកទស្សនានៅតាមទូរទស្សន៍ដែលកំពុងផ្សាយផ្ទាល់។ វ៉ាក់សាំងរបស់ចិនបានមកដល់ប្រទេសឥណ្ឌូណេស៊ី និងនៅប្រទេសផ្សេងៗទៀតនៃតំបន់អាស៊ីអាគ្នេយ៍ នៅចំគ្រាដែលពួកគេកំពុងមានតម្រូវការខ្លាំង ពោលគឺទាំងផ្នែកវេជ្ជសាស្ត្រ សង្គម និងសេដ្ឋកិច្ច។

វ៉ាក់សាំងទាំងនោះបាន​មកដល់ នៅ​ពេល​ដែល​មេដឹកនាំក្នុង​តំបន់មានភាពចាំបាច់ក្នុងការ​បង្ហាញ​ថា ​ពួកគេ​មាន​ផែនការ​សម្រាប់​វិបត្តិ​រួមមួយនេះ ហើយប្រទេសចិនក៏បានបញ្ជូនវ៉ាក់សាំងមកតែម្ដង។

ជំងឺរាតត្បាតសកលដែលបានផ្ទុះឡើងនៅពេលដែលមេរោគកូវីដ-១៩ បានរីករាលដាលហួសពីព្រំដែនរបស់ប្រទេសចិន អាចជាគ្រោះមហន្តរាយមួយចំពោះឥទ្ធិពលរបស់ទីក្រុងប៉េកាំងទៅលើរដ្ឋាភិបាលក្នុងតំបន់។ ប៉ុន្តែប្រទេសចិនបានរកឃើញឱកាសនៅក្នុងភាពមិនអនុគ្រោះមួយនេះ។

ប្រទេសចិនបានធ្វើសកម្មភាពដើម្បីបំពេញតម្រូវការរបស់តំបន់តាមរយៈការគាំទ្រយ៉ាងទូលំទូលាយទាំងផ្នែកការទូតនិងសម្ភារៈ ដែលជាការសម្លឹងមើលទៅខាងក្រៅ ខណៈពេលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ភាគច្រើនបាននិងកំពុងសម្លឹងមើលមកខាងក្នុងវិញ។

សមត្ថភាពរបស់ចិនក្នុងការឆ្លើយតបបានទាន់ពេលពេលវេលាក្នុងការបង្កើតសារដ៏មានទម្ងន់មួយ ដើម្បីរក្សាលំហូរពាណិជ្ជកម្ម និងការបង្ហាញខ្លួនដោយផ្ទាល់ បានបង្កើតឱ្យមានការចាប់អារម្មណ៍តរហូតមក បើទោះបីជាសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតបានធ្វើដូចគ្នានេះក៏ដោយ។

ទី១ ៖ ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ដនិងវ៉ាក់សាំងក្នុងចំនួនច្រើនៗ ខណៈដែលសហរដ្ឋអាមេរិកនិងដៃគូរបស់ខ្លួនបាននិងកំពុងផ្តល់អាទិភាពដល់តម្រូវការក្នុងស្រុក។ ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់វ៉ាក់សាំងដល់តំបន់អាស៊ីអាគ្នេយ៍ដែលរងគ្រោះខ្លាំង ដោយបានបរិច្ចាគជាង ៧ លានដូសនៅប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៩ ខណៈពេលដែលការបរិច្ចាគវ៉ាក់សាំងដំបូងរបស់សហរដ្ឋអាមេរិកទើបតែ
បានទៅដល់តំបន់នេះកាលពីខែកក្កដា ឆ្នាំ ២០២១ ប៉ុណ្ណោះ។

ទី២ ៖ ក្នុងពេលដំណាលគ្នា ទីក្រុងប៉េកាំងបានចាប់ផ្តើមយុទ្ធនាការឃោសនាដែលមានលក្ខណៈសម្របសម្រួលនិងមានប្រសិទ្ធភាព ដោយបានប្រើប្រាស់ទាំងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងបណ្ដាញផ្សព្វផ្សាយ សង្គមដើម្បីបង្ហាញថា ខ្លួនជាមហាអំណាចមួយដែលមានការ «ទទួលខុសត្រូវ» ដោយបានធ្វើសកម្មភាពជាមួយតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ទី៣ ៖ សេដ្ឋកិច្ចរបស់ប្រទេសចិនបានជួយកាត់បន្ថយវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនៅអាស៊ីអាគ្នេយ៍ ដែលបង្កឡើងដោយជំងឺរាតត្បាត។ នៅឆ្នាំ ២០២០ និង ២០២១ សមត្ថភាពរបស់ប្រទេសចិនក្នុងការរក្សាសេដ្ឋកិច្ចរបស់ខ្លួនឱ្យនៅបើកចំហដើម្បីបំពេញតម្រូវការខ្ពស់ពីសហរដ្ឋអាមេរិកនិងអឺរ៉ុប ជាពិសេសលើមុខទំនិញអេឡិចត្រូនិក បានជំរុញឱ្យមានកំណើនពាណិជ្ជកម្មដ៏រឹងមាំ និងបានជួយត្រួសត្រាយផ្លូវឱ្យអាស៊ីអាគ្នេយ៍អាចងើបឡើងវិញបានទៀតផង។

ទី៤ ៖ ខណៈពេលដែលរដ្ឋមន្ត្រីមកពីប្រទេសផ្សេងទៀត ភាគច្រើនមិនចាកចេញីប្រទេស ប្រទេសចិនឯណោះវិញតែងតែបានបង្ហាញខ្លួនជានិច្ច។ ជាក់ស្ដែង រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នានារបស់ចិនបានធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍ដើម្បីរៀបចំកិច្ចប្រជុំដោយផ្ទាល់ចំនួន ៣២ លើក និងបានធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីអាស៊ីអាគ្នេយ៍ចំនួន ២៣ លើក ដែលក្នុងនោះ ២ លើកធ្វើនៅទីក្រុងប៉េកាំង។ ផ្ទុយ​ទៅ​នឹង​​សកម្ម​ភាពការទូតយ៉ាងសកម្មរបស់​ចិននេះ សហរដ្ឋអាមេរិកឯណោះវិញបានដើរតួនាទី​ហាក់​ដូច​ជា​អ្នក​ឈរ​មើលប៉ុណ្ណោះ។

សព្វថ្ងៃនេះ ខណៈពេលដែលអាស៊ីអាគ្នេយ៍កំពុងរៀនរស់នៅជាមួយកូវីដ-១៩ ចំណុចសំខាន់ៗមួយចំនួនបានលេចចេញជារូបរាងនៅពីក្រោយការទូតជំងឺរាតត្បាតរបស់ចិន។ ឥឡូវនេះ បញ្ហាដែលពាក់ព័ន្ធនឹងប្រសិទ្ធភាពទាបនៃវ៉ាក់សាំងចិនបានបង្ហាញច្បាស់លាស់ហើយ ពោលគឺជាង ៩០% នៃចរាចររបស់វ៉ាក់សាំងចិនទៅកាន់តំបន់នេះ គឺជាការលក់ ជាជាងបការរិច្ចាគ រីឯសហរដ្ឋអាមេរិកវិញ បានវ៉ាដាច់ប្រទេសចិនក្នុងការបរិច្ចាគវ៉ាក់សាំង។ មួយវិញទៀត គោលនយោបាយ «សូន្យ-COVID» របស់ចិន បានរារាំងទាំងការធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទស្សនកិច្ចការទូតដោយផ្ទាល់មុខ។

តំបន់អាស៊ីអាគ្នេយ៍នៅតែចងចាំថា តើអ្នកណាជាអ្នកជួយពួកគេនៅពេលដែលពួកគេជួបការលំបាក។ នៅក្នុងការស្ទង់មតិកាលពីចុងឆ្នាំ ២០២១ អ្នកឆ្លើយសំណួរប្រមាណ ៥៨% ដែលមកពីស្ថាប័នរដ្ឋាភិបាល, អាជីវកម្មនានា និងមេដឹកនាំសង្គមស៊ីវិលជាច្រើននៅអាស៊ីអាគ្នេយ៍ បានវាយតម្លៃខ្ពស់បំផុតលើការគាំទ្រខាងផ្នែកវ៉ាក់សាំងរបស់ប្រទេសចិនចំពោះតំបន់ខ្លួន។ មានតែ ២៣% ប៉ុណ្ណោះដែលបានជ្រើសរើសយកសហរដ្ឋអាមេរិក។ ដូច្នេះ រង្វាន់សម្រាប់ការចេញមុខមកជួយបានលឿន គឺមានទំហំធំជាងការរក្សាបាននូវល្បឿនក្នុងការស្ដារឡើងវិញទៅទៀត។

មិនមែនអ្វីៗទាំងអស់សុទ្ធតែដំណើរការទៅល្អនោះទេសម្រាប់ប្រទេសចិន នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតចាប់ពីចន្លោះឆ្នាំ ២០២០ ដល់ ២០២១។ កត្តាដែលធ្វើឱ្យរាំងស្ទះដល់ឥទ្ធិពលរបស់ចិននៅអំឡុងពេលនោះ រួមមានការអះអាងយ៉ាងធ្ងន់ដៃរបស់ចិនចំពោះការទាមទារដែនសមុទ្រនៅសមុទ្រចិនខាងត្បូង, សារជាតិរបស់ចិនក្នុងការលក់គម្រោងហេដ្ឋារចនាសម្ព័ន្ធបានច្រើន តែបញ្ចប់គម្រោងបានតិច, កម្រិតដ៏ទាបនៃការជឿទុកចិត្តជាសាធារណៈនៅទូទាំងប្រទេស និងទម្លាប់នៃការប្រុងជើងការធ្វើសង្គ្រាមពីសំណាក់ស្ថាប័នរដ្ឋមួយចំនួនរបស់ចិន ជាពិសេសស្ថាប័នយោធា។

ទោះជាយ៉ាងណា គុណសម្បត្តិពីធម្មជាតិរបស់ចិន និងការផ្តល់អាទិភាពនៅក្នុងតំបន់របស់ខ្លួន មានន័យថា ឥទ្ធិពលរបស់ចិនជាមួយអាស៊ីអាគ្នេយ៍នឹងបន្តកើនឡើង បើធៀបទៅនឹងដៃគូសំខាន់ៗផ្សេងទៀត។

អ្នកជំនាញមួយចំនួននៅអាស៊ីអាគ្នេយ៍បានព្រមានថា ការកើនឡើងនៃឥទ្ធិពលរបស់ចិន នឹងធ្វើឱ្យប៉ះពាល់ដល់ការរក្សាស្វ័យភាពរបស់តំបន់ «ដោយស្វ័យប្រវត្តិ និងជ្រៅបំផុត»។ ប៉ុន្តែអ្នក​ផ្សេង​ទៀត​មាន​ការ​ព្រួយ​បារម្ភ​ជាងនេះ ដោយបាន​លើក​ហេតុផល​ថា «លំហរស្វ័យភាពរបស់អាស៊ានកំពុង​តែរួមតូចទៅៗ​ជា​បណ្តើរៗ​ហើយ»។

ប្រហែលជាហានិភ័យដែលតំបន់អាស៊ីអាគ្នេយ៍នឹងងាកទៅរកចិន មានតិចជាងការដែលតំបន់នេះកាន់តែមានតម្រូវការពីចិន និងកាន់តែផ្ដល់ផលប្រយោជន៍ទៅឱ្យចិនទៅទៀត។ នៅក្នុងអនាគតរបៀបនោះ យើងនឹងឃើញចិនកាន់តែប៉ុនប៉ងក្នុងការរារាំង ឬកម្រិតកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ីអាគ្នេយ៍ជាមួយភាគីទាំងឡាយផ្សេងទៀតដែលទីក្រុងប៉េកាំងមើលឃើញថា ជារឿងមិនល្អចំពោះផលប្រយោជន៍របស់ខ្លួន។

ប្រទេសចិនបានប្រើប្រាស់យុទ្ធសាស្ត្រនេះជាប្រចាំ បើទោះបីជាទទួលបានជោគជ័យខ្លះ និងបរាជ័យខ្លះក៏ដោយ។ ឧទាហរណ៍មួយចំនួនរួមមាន ការព្រមានប្រទេសហ្វីលីពីនអំពីទំនាក់ទំនងរបស់ប្រទេសនេះជាមួយសហរដ្ឋអាមេរិកនៅមុនការបោះឆ្នោត, ការប៉ុនប៉ងក្នុងការកម្រិតការចូលរួមពីសំណាក់ភាគីទី៣ នៅក្នុងការចរចាស្ដីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង និងការខិតខំប្រឹងប្រែងដើម្បីបំបាក់ទឹកចិត្តប្រទេសនៅអាស៊ីអាគ្នេយ៍ពីការចុះហត្ថលេខាជាមួយរដ្ឋបាល Biden ដើម្បីចូលរួមក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF)។

យុទ្ធសាស្ត្របច្ចុប្បន្នរបស់សហរដ្ឋអាមេរិកនិងដៃគូជិតស្និទ្ធរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ គឺដើម្បីជួយគាំទ្រដល់ស្វ័យភាពនិងភាពធន់របស់តំបន់នេះ ដោយរួមបញ្ចូលទាំងការផ្តល់ជម្រើសសម្រាប់ការធ្វើពាណិជ្ជកម្ម, ការវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធ, ការផ្ដល់ជំនួយ, ការអប់រំ និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ នេះនៅតែជាយុទ្ធសាស្ត្រដ៏ល្អបំផុត និងក៏ប្រហែលជាការឆ្លើយតបដ៏មានប្រសិទ្ធភាពតែមួយគត់ទៅនឹងការកើនឡើងនៃ
ឥទ្ធិពលរបស់ប្រទេសចិន។

សហរដ្ឋអាមេរិកនិងដៃគូរបស់ខ្លួន មានគុណសម្បត្តិ និងមានសន្ទុះថ្មីៗ។ ការចូលរួមរបស់ជប៉ុននៅទូទាំងតំបន់នេះ នៅតែមានភាពស៊ីជម្រៅ និងទទួលបានការគោរពយ៉ាងច្រើន។

ទាំងរដ្ឋបាល Biden និងទាំងរដ្ឋាភិបាលមកពីបក្សពលកររបស់អូស្ត្រាលីដែលទើបជាប់ឆ្នោតថ្មីៗនេះ កំពុងដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗស្ដីអំពីអាស៊ីអាគ្នេយ៍ និងកំពុងធ្វើការងារដើម្បីពង្រឹងឥទ្ធិពលរបស់ពួកគេ។

បញ្ហាប្រឈមគឺការជំរុញឱ្យមានលទ្ធផលជាក់ស្តែងឱ្យបានកាន់តែច្រើននិងកាន់តែល្អនៅក្នុងយុទ្ធសាស្ត្រ នោះ ហើយត្រូវប្រាកដថាលទ្ធផលជាក់ស្តែងទាំងនោះនឹងទទួលបានការមើលឃើញស្មើគ្នាទៅនឹងការខិតខំប្រឹងប្រែងរបស់ប្រទេសចិន។ ការពិនិត្យឡើងវិញនូវភាពជោគជ័យរបស់ប្រទេសចិននៅគ្រប់ដំណាក់កាលដំបូងៗនៃជំងឺរាតត្បាត គឺជាការផ្តល់នូវមេរៀនជាច្រើនសំរាប់ការគូសវាសនូវជម្រើសគោលនយោបាយទាំងនេះបាន។

មេរៀនដំបូងនិងជាក់ស្តែងបំផុតមួយគឺថា សហរដ្ឋអាមេរិកនិងដៃគូរបស់ខ្លួនមិនអាចខ្វះសកម្មភាពបានទេនៅពេលដែលមានវិបត្តិថ្មីមួយទៀតកើតឡើង ទោះក្នុងទម្រង់ណាក៏ដោយ។

ការចូលរួមកម្រិតខ្ពស់ៗ និងដំណើរទស្សនកិច្ចផ្នែកនយោបាយនានា ក៏មិនអាចមានអ្វីមកជំនួសបានដែរ ព្រោះដើម្បីរក្សានិរន្តរភាពនៅក្នុងលទ្ធិប្រជាធិបតេយ្យដ៏មមាញឹក។ សកម្មភាពការទូតក្រៅផ្លូវការ (Personal dipomacy) គឺមានភាពចាំបាច់ណាស់។

ការបំពេញការងារតូចៗនេះបានត្រឹមត្រូវក៏មានន័យថា ជាការផ្ដោតការយកចិត្តទុកដាក់លើតំបន់ទាំងមូលផងដែរ ដែលមិនមែនផ្ដោតតែទៅលើប្រទេសមួយចំនួនដូចជាវៀតណាម ឬសិង្ហបុរីដែលបានទទួលការអនុគ្រោះពីក្របខណ្ឌយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកនោះទេ។

វោហាសាស្ត្រនានាពិតជាមានទម្ងន់ណាស់ តួយ៉ាងដូចជាការសង្កត់ធ្ងន់លើគោលការណ៍រួម ដូចជាការមិនអាចរំលោភបំពានបាននូវអធិបតេយ្យភាព គឺជាវិធីសាស្រ្តមួយល្អប្រសើរជាងការដែលអះអាងថា លទ្ធិប្រជាធិបតេយ្យល្អជាងអំណាចផ្ដាច់ការ។

អាទិភាព​ខ្ពស់​បំផុត​របស់តំបន់​អាស៊ីអាគ្នេយ៍​គឺ​ការស្ដារ​សេដ្ឋកិច្ចឡើងវិញ។ ការព្យាយាមប្រកួតប្រជែងជាមួយប្រទេសចិនលើហេដ្ឋារចនាសម្ព័ន្ធបែបប្រពៃណីមិនមែនជាវិធីសាស្ត្រមួយល្អនោះទេ ជាពិសេសនៅពេលដែលតំបន់នេះត្រូវការជំនួយនៅក្នុងវិស័យផ្សេងដែលសហរដ្ឋអាមេរិកនិងដៃគូមានប្រៀបជាង ដូចជាការគាំទ្រដល់ការផ្លាស់ប្តូរដ៏លំបាកទៅរកថាមពលស្អាតរបស់តំបន់អាស៊ីអាគ្នេយ៍ (ដូចអ្វីដែល G-7 កំពុងព្យាយាមធ្វើ), ការកសាងធនធានមនុស្ស និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវសេដ្ឋកិច្ចឌីជីថល ដែលកំពុងរីកចម្រើនឡើងនៅក្នុងតំបន់ជាដើម។

ប្រទេសចិនបាន វិនិយោគយ៉ាងច្រើន នៅក្នុងកម្មវិធីមួយចំនួនដើម្បីជះ ឥទ្ធិពលដល់ឥស្សរជនធំៗ ដូចជា ដំណើរទស្សនកិច្ចដែលប្រទេសចិនជាអ្នករ៉ាប់រងចំណាយ, ការបណ្តុះបណ្តាលនិងការផ្លាស់ប្តូរទស្សនកិច្ចនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ, ការបង្កើតទំនាក់ទំនងជាមួយគណបក្សនយោបាយក្នុងតំបន់ និងការផ្ដល់អាហារូបករណ៍ជាដើម។

សហរដ្ឋ​អាមេរិកនិង​ដៃគូ​របស់​ខ្លួន​បាននិងកំពុង​ឆ្លើយ​តបទៅវិញតាមរយៈ​អំណាចទន់​ថ្មីៗ ឬ​ដែល​បាន​ជំរុញឡើងវិញ និងតាមរយៈកម្មវិធីទំនាក់ទនងរវាងមនុស្សនិងមនុស្ស (People-to-People Programs)។ គំនិតផ្តួចផ្តើម Quad អាចចូលរួមនៅក្នុងវិស័យមួយចំនួនបានដូចជាដំណើរទស្សនកិច្ចសម្រាប់មន្ត្រីរាជការដែលខ្លួនជាអ្នករ៉ាប់រងចំណាយ និងការបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីជាដើម នៅក្នុងបរិបទដែល នយោបាយ «សូន្យ-COVID» របស់ចិនកំពុងបង្កភាពស្មុគស្មាញដល់ការអនុវត្តកម្មវិធីនានារបស់ប្រទេសនេះ។

នៅទីបំផុត បណ្ដាឆ្នាំនៃជំងឺរាតត្បាតបានបង្ហាញថា ប្រទេសចិនបាននិងកំពុងយកឈ្នះសង្គ្រាមព័ត៌មាននៅអាស៊ីអាគ្នេយ៍។ ការប្រឆាំងតបតទៅនឹងជំនន់នៃខ្លឹមសារព័ត៌មាន និងការឃោសនារបស់ចិន គឺមិនអាចទៅរួចនោះទេ ប៉ុន្តែសហរដ្ឋអាមេរិកនិងដៃគូជិតស្និទ្ធរបស់ខ្លួន ដូចជាអូស្ត្រាលីនិងជប៉ុនជាដើម ចាំបាច់ត្រូវស្វែងរកវិធីចូលរួមនៅក្នុងលំហរព័ត៌មាននៅក្នុងតំបន់នេះឱ្យបាន។

គោលបំណងនៃការចូលរួមនោះ មិនគួរជាការវាយប្រហារទៅលើប្រទេសចិននោះទេ ប៉ុន្តែគឺដើម្បីប្រឆាំងនឹងព័ត៌មានប្រឌិត ដែលជាការរួមចំណែកឱ្យកាន់តែប្រសើរឡើងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះវិបុលភាពនិងសន្តិសុខក្នុងតំបន់ ព្រមទាំងជំរុញឱ្យមានចក្ខុវិស័យវិជ្ជមានចំពោះសណ្តាប់ធ្នាប់នៅក្នុងតំបន់ផងដែរ៕

The Diplomat

អត្ថបទទាក់ទង