ខ្មែរប៉ុស្ដិ៍ Close

សូមកុំរំពឹងថា ៖ តំបន់អាស៊ីនឹងអាចជួយសង្គ្រោះសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 62
សូមកុំរំពឹងថា ៖ តំបន់អាស៊ីនឹងអាចជួយសង្គ្រោះសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ លោក Xi Jinping រៀបចំកងទ័ពនៅឆ្នាំ 2020 សម្រាប់យុទ្ធនាការសូន្យ-កូវីដ របស់លោក ដែលពេលនេះមិនមែនជាគោលនយោបាយផ្លូវការទៀតនោះទេ។ រូបថត៖ ស៊ីនហួរ / Xie Huanchi

នៅក្នុងគ្រាដ៏លំបាកនៃឆ្នាំ ២០២២ និងប្រហែលជានឹងកាន់តែលំបាកខ្លាំងជាងមុននៅឆ្នាំ 2023 នេះ ពួកយើងគ្រប់គ្នាបានចាត់ទុកតំបន់អាស៊ីជាតំបន់មួយដែលអាចនាំមកនូវដំណោះស្រាយ ដោយយោងទៅលើបទពិសោធន៍ឆ្នាំ ២០០៨ ដែលនៅពេលនោះប្រទេសចិនបានជួយទាញសេដ្ឋកិច្ចពិភពលោកឱ្យងើបចេញពីជ្រោះដ៏ជ្រៅបំផុតបាន។

ជាអកុសល បើទោះបីជារដ្ឋាភិបាលចិនបានផ្លាស់ប្តូរទាំងស្រុងនូវវិធានការទាក់ទងនឹងគោលនយោបាយកូវីដ-១៩ ក៏ដោយ ក៏យើងមិនអាចរំពឹងបានទេថា «ប្រទេសចិន ឬតំបន់អាស៊ីនឹងអាចទាញពិភពលោកឱ្យចេញផុតពីការធ្លាក់ចុះនៃកំណើនបាននោះទេ»។ ជាក់ស្តែង ពិភពលោកបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពខុសគ្នាខ្លាំង ពីកាលពីឆ្នាំ ២០០៨។

វិបត្តិហិរញ្ញវត្ថុសកលបានចាប់ផ្តើមជាមួយនឹងរលកនៃការមិនអាចមានលទ្ធភាពបង់សងបំណុលបាន (Default) នៅក្នុងចំណោមអ្នកខ្ចីប្រាក់ខុសច្បាប់នៅក្នុងទីផ្សារលំនៅដ្ឋានរបស់អាមេរិក ដែលជាបញ្ហាដែលបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ទីកន្លែងផ្សេងៗទៀត នៃពិភពលោកតាមរយៈបណ្តាញហិរញ្ញវត្ថុ។

ប្រទេសចិនបានគ្រប់គ្រងផលប៉ះពាល់នៃការប៉ះទង្គិចផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការដួលរលំនៃសេដ្ឋកិច្ចរបស់លោកខាងលិច តាមរយៈការដាក់ចេញនូវកម្មវិធីជំរុញសេដ្ឋកិច្ចដ៏ធំមួយ ដែលមានទំហំប្រមាណ ៣០% នៃ GDP។ នៅឆ្នាំ ២០២៣ នេះ ពន្លឺដ៏មានសក្តានុពលរបស់តំបន់អាស៊ីចំពោះសេដ្ឋកិច្ចពិភពលោកនឹងលែងកើតចេញពីការជំរុញផ្នែកសារពើពន្ធ ឬរូបិយវត្ថុទៀតហើយ ក៏ប៉ុន្តែវាបានកើតចេញពីការដកចេញនូវគោល នយោបាយ «Zero Covid» ដែលបានរារាំងកំណើនរបស់ប្រទេសចិននៅក្នុងឆ្នាំ ២០២០-២០២២។

ជាមួយនឹងការបើកដំណើរការសេដ្ឋកិច្ចចិនឡើងវិញយ៉ាងលឿននៅពេលនេះ យើងអាចរំពឹងបានថា «កំណើន GDP របស់ចិននឹងកើនឡើងជិតទ្វេដង បើប្រៀបធៀបនឹងកំណើនឆ្នាំ ២០២២ ដែលអាចជះឥទ្ធិពល វិជ្ជមានក្នុងកម្រិតមធ្យមមកលើពិភពលោកទាំងមូល»។ មានហេតុផលមួយចំនួនដែលគាំទ្រដល់ការលើកឡើងនេះ។

ទី១ គឺ «បរិយាកាសខាងក្រៅប្រទេសចិនមានភាពអាប់អួរជាងកាលពីការងើបចេញពីរលករាតត្បាតនៃវីរុសកូវីដ-១៩ នៅក្នុងឆ្នាំ ២០២១»។ នៅពេលនោះសេដ្ឋកិច្ចរបស់លោកខាងលិចនៅទទួលបានតម្រូវការយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយគោលនយោបាយរូបិយវត្ថុរបស់ពួកគេក៏នៅមានលក្ខណៈធូររលុងនៅឡើយ។

បច្ចុប្បន្ននេះ ទាំងសហរដ្ឋអាមេរិកនិងអឺរ៉ុប កំពុងធ្វើដំណើរឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច ជាមួយនឹងការដំឡើងអត្រាការប្រាក់ខ្ពស់បំផុត ក្នុងគោលបំណងទប់ទល់នឹងបញ្ហាអតិផរណាដែលមិនធ្លាប់មានពីមុនមក។ ជាងនេះទៅទៀតប្រទេសដែលមានទីផ្សារកំពុងរីកចម្រើនជាច្រើននៅក្នុងពិភពលោក បានជួបប្រទះនឹងការលំបាកកាន់តែខ្លាំងក្នុងការបង់សងបំណុល ដែលចាំបាច់ត្រូវសងវិញនៅក្នុងអត្រាការប្រាក់ដែលខ្ពស់ជាងមុន។

ក្រៅពីភាពទន់ខ្សោយនៅក្នុងការនាំចេញ និងវដ្ដនៃហិរញ្ញវត្ថុពិភពលោកដែលមានលក្ខណៈកាន់តែអាក្រក់ទៅៗ ទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិនអាចនឹងត្រូវការពេលវេលាខ្លះដើម្បីស្តារឡើងវិញឱ្យបានពេញលេញ ជាពិសេសដោយសារតែភាពអត់ការងារធ្វើរបស់យុវជនមានកម្រិតខ្ពស់ បូករួមនឹងកំណើនប្រាក់ចំណូលមានកម្រិតទាប។

បន្ថែមពីលើនេះ លំហសារពើពន្ធរបស់ប្រទេសចិននៅក្នុងពេលបច្ចុប្បន្ននេះ មានទំហំតូចជាងកាលពីឆ្នាំ ២០០៨ ដោយសារការប្រមូលបំណុលសាធារណៈដ៏រឹងមាំចាប់តាំងពីពេលនោះ។ ពាក់ព័ន្ធនឹងផ្នែករូបិយវត្ថុ គោលបំណងក្នុងការកាត់បន្ថយអត្រាការប្រាក់ក៏ត្រូវបានរារាំងផងដែរ ដោយសារវិធានការដ៏ខ្លាំងក្លារបស់ធនាគារកណ្តាលអាមេរិក បូករួមនឹងអត្រាការប្រាក់ដ៏ខ្ពស់នៅទូទាំងពិភពលោក។

សរុបមក កំណើនសេដ្ឋកិច្ចរបស់ចិនគួរតែអាចឡើងបាន ៥,៥% នៅឆ្នាំ ២០២៣ ពីចំនួន ៣% ឬតិចជាងនេះនៅចុងឆ្នាំ ២០២២។ អត្រានេះគឺស្ថិតនៅឆ្ងាយពី ៨% ដែលចិនទទួលបាននៅក្នុងឆ្នាំ ២០០៨ ឬ ៨,,១% នៅក្នុងឆ្នាំ ២០២១ បន្ទាប់ពីការកើតមានរលករាតត្បាតដំបូងនៃវីរុសកូវីដ-១៩។ ម្យ៉ាងវិញទៀត ការគាំទ្រដែលប្រទេសចិនអាចផ្តល់ដល់សេដ្ឋកិច្ចពិភពលោកនឹងមានកម្រិតតិចតួចជាងការរំពឹងទុក ដោយផ្អែកលើការបើកដំណើរការសេដ្ឋកិច្ចរបស់ចិនយ៉ាងឆាប់រហ័ស បន្ទាប់ពីការដកចេញនូវគោលនយោបាយ Zero Covid ដ៏តឹងរ៉ឹង។

សម្រាប់បណ្ដាប្រទេសអាស៊ីផ្សេងៗទៀត ឆ្នាំ ២០២៣ នឹងមានលក្ខណៈកាន់តែលំបាកខ្លាំងជាងឆ្នាំ ២០២២ ដែលនៅពេលនោះ ប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទទួលបានភាពវិជ្ជមានល្អគួរសម ដោយសារតែកត្តាអំណោយផលទាក់ទងនឹងអតិផរណា បូករួមនឹងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការដកចេញនូវការរឹតត្បិតលើវីរុសកូវីដ-១៩។

ប៉ុន្តែកត្តាទាំងពីរនេះនឹងមិនមានវត្តមានទៀតទេនៅក្នុងឆ្នាំ ២០២៣ ខណៈពេលដែលអត្រាការប្រាក់នឹងកើនឡើងកាន់តែខ្ពស់ បន្ទាប់ពីបណ្ដាធនាគារកណ្តាលនៅក្នុងតំបន់អាស៊ីបានព្យាយាមយកគំរូតាមធនាគារកណ្ដាលអាមេរិក បើទោះបីជាស្ថិតក្នុងកម្រិតទាបជាងក៏ដោយ។ អត្រាអតិផរណា ដែលភាគច្រើនត្រូវបានទាញទម្លាក់តាមរយៈការឧបត្ថម្ភធននៅក្នុងវិស័យថាមពលនិងស្បៀងអាហារនៅឆ្នាំ ២០២២ អាចនឹងកើនឡើងវិញនៅឆ្នាំ ២០២៣ ដោយសារបណ្ដាប្រទេសអាស៊ីមិនអាចទ្រាំទ្របាននឹងការចំណាយទៅលើការឧបត្ថម្ភធនបែបនេះ។

ទោះជាយ៉ាងណាក៏ដោយការវិនិយោគពីបរទេសត្រូវបានគេរំពឹងថា នឹងបន្តហូរចូលមកក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌានៅឆ្នាំ ២០២៣ ដោយសារខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅតែបន្តរងនូវការរុះរើ បើទោះបីជាប្រទេសចិនបានបើកឡើងវិញហើយក៏ដោយ។ សរុបមក បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ក៏ដូចជាប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថានឹងជួបប្រទះនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅឆ្នាំ ២០២៣៕

Asia Times

អត្ថបទទាក់ទង