ខ្មែរប៉ុស្ដិ៍ Close

ប្រទេសចិនច្រានចោលកញ្ចប់ថវិកាជំរុញកំណើនដ៏ធំសម្បើមដើម្បីជួយសង្រ្គោះសេដ្ឋកិច្ច ក៏ប៉ុន្តែលោក Li Keqiang បានប្តេជ្ញាពង្រឹងគោលនយោបាយកូវីដ-១៩ វិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 73
ប្រទេសចិនច្រានចោលកញ្ចប់ថវិកាជំរុញកំណើនដ៏ធំសម្បើមដើម្បីជួយសង្រ្គោះសេដ្ឋកិច្ច ក៏ប៉ុន្តែលោក Li Keqiang បានប្តេជ្ញាពង្រឹងគោលនយោបាយកូវីដ-១៩ វិញ ប្រទេសចិនច្រានចោលកញ្ចប់ថវិកាជំរុញកំណើនដ៏ធំសម្បើមដើម្បីជួយសង្រ្គោះសេដ្ឋកិច្ច ក៏ប៉ុន្តែលោក Li Keqiang បានប្តេជ្ញាពង្រឹងគោលនយោបាយកូវីដ-១៩ វិញ

ប្រទេសចិនបានបញ្ជូនសញ្ញាយ៉ាងច្បាស់ថា «កញ្ចប់ថវិកាជំរុញកំណើនទ្រង់ទ្រាយធំនឹងមិនត្រូវបានដាក់ចេញដើម្បីសម្រេចគោលដៅកំណើនរបស់ចិននៅឆ្នាំនេះទេ ក៏ប៉ុន្តែប្រទេសចិននឹងនៅតែរក្សាគោលនយោបាយម៉ាក្រូរបស់ខ្លួន បូករួមនឹងការបន្តកែសម្រួលវិធានការគ្រប់គ្រងវីរុសកូវីដ-១៩ ក្នុងគោលបំណងបន្ធូរបន្ថយការភ័យខ្លាចរបស់វិនិយោគិនបរទេស»។

នាយករដ្ឋមន្ត្រី Li Keqiang បាននិយាយកាលពីថ្ងៃអង្គារនៅឯកិច្ចសន្ទនាដែលរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោកជាមួយបណ្តាមេដឹកនាំអាជីវកម្មសកលជិត ៤០០ នាក់ថា «យើងនឹងមិនងាកទៅរកកញ្ចប់ថវិកាជំរុញកំណើនដ៏ធំ ឬការបោះពុម្ពប្រាក់ច្រើនពេក ដើម្បីឈានទៅសម្រេចនូវគោលដៅកំណើនខ្ពស់នោះទេ ក៏ប៉ុន្តែយើងនឹងនៅតែព្យាយាមធ្វើការឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចឱ្យបាននូវលទ្ធផលល្អនៅឆ្នាំនេះ»។

ការអត្ថាធិប្បាយរបស់លោក Li បានកើតឡើងចំពេលមានការព្រួយបារម្ភជាថ្មីអំពីផលប៉ះពាល់ ដែលបង្កឡើងដោយគោលនយោបាយ «សូន្យ Covid» របស់ចិន មកលើសេដ្ឋកិច្ចដ៏ធំបំផុតទី ២ របស់ពិភពលោក ខណៈដែលកំណើនបានធ្លាក់ចុះមកនៅត្រឹម ០,៤% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី២ ហើយក្រុមហ៊ុនបរទេសក៏បានបន្តសម្តែងនូវការខកចិត្តកាន់តែខ្លាំងចំពោះវិធានការរឹតបន្តឹងលើវីរុសកូវីដ-១៩ របស់ចិន។

ព្រឹត្តិការណ៍កាលពីថ្ងៃអង្គារកន្លងទៅនេះ មានការចូលរួមពីសំណាក់នាយកប្រតិបត្តិដែលមកពីក្រុមហ៊ុនធំៗមួយចំនួនរបស់ពិភពលោកបូករួមទាំងនាយកប្រតិបត្តិក្រុមហ៊ុន Airbus លោក Guillaume Faury និងលោក Jian Lu ដែលជាប្រធានក្រុមហ៊ុន LinkedIn ប្រទេសចិន។ បណ្តាមេដឹកនាំអាជីវកម្មបានសម្តែងនូវការព្រួយបារម្ភអំពីស្ថានភាពនៃទំនាក់ទំនងរវាងចិននិងអាមេរិក, បញ្ហាស្តីពីការប្រែប្រួលអាកាសធាតុ, ទស្សនវិស័យផលិតកម្មនិងគោលនយោបាយ ស្តីពីការប្រើប្រាស់របស់ចិន។

លោក Li ដែលជាឥស្សរជននយោបាយលំដាប់ទី២ របស់ប្រទេសចិនបាននិយាយថា «រដ្ឋាភិបាលនឹងកែសម្រួលវិធានការគ្រប់គ្រងវីរុសកូវីដ-១៩ របស់ខ្លួនឱ្យបានកាន់តែល្អជាងមុន» ដោយក្នុងនោះ លោកបានសន្យាថានឹងកែលម្អការទទួលបានទិដ្ឋាការ, គោលនយោបាយធ្វើតេស្ត ក៏ដូចជាការបង្កើនជើងហោះហើរលក្ខណៈអន្តរជាតិ។

លោកបានបន្ថែមទៀតថា «និស្សិតអន្តរជាតិទាំងអស់អាចត្រឡប់មកកាន់ប្រទេសចិនវិញដើម្បីបន្តការសិក្សារបស់ពួកគេ ប្រសិនបើពួកគេចង់ ហើយសកម្មភាពពាណិជ្ជកម្មនៅក្រៅប្រទេស និងការធ្វើដំណើរឆ្លងកាត់ព្រំដែនក្នុងគោលបំណងបំពេញការងារនឹងត្រូវបានកែសម្រួលជាបណ្តើរៗ»។

លោក Li បាន និយាយថា «ប្រទេសចិនក៏នឹងព្យាយាមស្វែងរកការសម្របសម្រួលនៅក្នុងជម្លោះពាណិជ្ជកម្ម ហើយនឹងព្យាយាមរក្សាខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ឱ្យមានសុវត្ថិភាព និងស្ថិរភាព។ ទីផ្សាររបស់ប្រទេសចិនក៏ជាទីផ្សាររបស់ពិភពលោកផងដែរ។ ប្រទេសចិននឹងបន្តបើកទូលាយឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ ក៏ដូចជានឹងលើកកម្ពស់ការធ្វើពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌»។

នៅក្នុងខែឧសភា ចំពេលកើតមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់ដែលបង្កឡើងដោយការបិទខ្ទប់នៅទូទាំងប្រទេស លោក Li បានបង្ហាញកញ្ចប់គោលនយោបាយចំនួន ៣៣ ដើម្បីផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច ដោយក្នុងនោះរួមមានទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធល្បឿនលឿន, និងការពន្យារបំណុលសម្រាប់អាជីវកម្ម, ការបង្កើនការអនុគ្រោះពន្ធនិងការបន្ធូបន្ថយពន្ធ, ការលើកទឹកចិត្តដល់ការលក់រថយន្ត និងការបន្ថែមគោលនយោបាយគាំទ្រ»។

រដ្ឋាភិបាលក៏បានសន្យាផងដែរថានឹងទទួលស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះកង្វល់របស់ក្រុមហ៊ុនបរទេស។ ទោះជាយ៉ាងណាក៏ដោយសកម្មភាពទាំងនេះនៅមិនទាន់គ្រប់គ្រាន់នោះទេ ក្នុងការបញ្ឈប់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ចនៅត្រីមាសទី ២ ខណៈដែលកំណើនមានចំនួនត្រឹម ០,៤% បើធៀបនឹងចំនួន ៤,៨% នៅក្នុងត្រីមាសទី ១ និងជាចំនួនទាបជាងគោលដៅពេញមួយឆ្នាំដែលបានដាក់ចេញក្នុងកម្រិត ៥,៥%។

ផ.ស.ស នៅទីក្រុងសៀងហៃ ដែលត្រូវបានបិទខ្ទប់អស់រយៈពេល ២ ខែ ចាប់ពីខែមេសាដល់ខែឧសភា បានធ្លាក់ចុះរហូតដល់ ១៣,៧% ដែលជាហេតុធ្វើឱ្យទីក្រុងនេះជាប់ចំណាត់ថ្នាក់អាក្រក់បំផុតក្នុងចំណោមយុត្តាធិការខេត្តចំនួន ៣១ របស់ប្រទេសចិន។ រដ្ឋធានីប៉េកាំងដែលបានរងនូវការបិទខ្ទប់ដោយផ្នែកត្រូវបានគេរាយការណ៍ថានឹងទទួលរងនូវការធ្លាក់ចុះ ២,៩%។

ការស្ទាបស្ទង់មតិដោយសភាពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសចិន ដែលមានការចូលរួមពីក្រុមហ៊ុនចំនួន ៣៧២ នៅចន្លោះថ្ងៃទី ២១-២៧ ខែមេសា (នៅពេលដែលទីក្រុងសៀងហៃកំពុងស្ថិតក្រោម ការបិទខ្ទប់) បានរកឃើញថា «២៣% នៃអ្នកឆ្លើយតបកំពុងពិចារណាផ្លាស់ប្តូរការវិនិយោគបច្ចុប្បន្ន ឬផែនការវិនិយោគចេញពីប្រទេសចិន»។

សភាពាណិជ្ជកម្មអាមេរិកនិងអង់គ្លេសក៏បានចេញសេចក្តីព្រមានស្រដៀងគ្នាផងដែរអំពីផលប៉ះពាល់នៃភាពមិនច្បាស់លាស់ទាក់ទងនឹងវីរុសកូវីដ-១៩ មកលើទំនុកចិត្តអាជីវកម្ម។ ទោះជាយ៉ាងណាក៏ដោយ លំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ប្រទេសចិននៅតែបន្តកើនឡើង ២២,៦% ដែលស្មើនឹង ៨៧,៨ ពាន់លានដុល្លារនៅក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ (នេះបើយោងតាមក្រសួងពាណិជ្ជកម្មចិន)។

វិធានការគ្រប់គ្រងវីរុសដ៏តឹងរឹងរបស់ចិនបានបង្កភាពស្មុគស្មាញកាន់តែខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ ប្រទេសចិនចង់ព្យាយាមរក្សាធុរកិច្ចអាមេរិកនៅក្នុងប្រទេសចិន ខណៈពេលដែលទំនាក់ទំនងទ្វេភាគីបានឈានដល់កម្រិតទាបបំផុតជាថ្មីម្តងទៀត ហើយអាមេរិកក៏បាននិងកំពុងបង្កើនគោលនយោបាយទប់ស្កាត់ដ៏ខ្លាំងក្លា ដែលរួមមានដូចជាទណ្ឌកម្មពាណិជ្ជកម្មលើបច្ចេកវិទ្យារសើបៗ និងការ បង្កើតក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក និង AUKUS ដែលជាកិច្ចព្រមព្រៀងសន្តិសុខរវាងអូស្ត្រាលី, អង់គ្លេស និងអាមេរិក។

នៅពេលថ្មីៗនេះ ប្រទេសចិនបានបន្ធូរបន្ថយបទបញ្ញត្តិមួយចំនួនស្តីពីវីរុសកូវីដ-១៩ ដោយបានកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកធ្វើដំណើរក្នុងប្រទេសមកនៅត្រឹម ៧ ថ្ងៃ៕

South China Morning Post

អត្ថបទទាក់ទង