ខ្មែរប៉ុស្ដិ៍ Close

តើប្រទេសចិនបានវិលត្រឡប់មកវិញហើយឬ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 56
តើប្រទេសចិនបានវិលត្រឡប់មកវិញហើយឬ? តើប្រទេសចិនបានវិលត្រឡប់មកវិញហើយឬ?

នៅពេលដែលប្រធានាធិបតីអាមេរិក Joe Biden បានចូលកាន់តំណែងនៅក្នុងឆ្នាំ ២០២១ សារដំបូងរបស់លោកទៅកាន់ពិភពលោកគឺ «សហរដ្ឋអាមេរិកបានវិលត្រឡប់មកវិញហើយ»។ ក្រោយបានចូលកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន (CPC) សម្រាប់អាណត្តិទី៣ កាលពីខែតុលា ប្រធានាធិបតីចិន Xi Jinping ក៏បានចេញសេចក្តីប្រកាសដែលមានខ្លឹមសារស្រដៀងគ្នានេះដែរ។

នៅក្នុងរយៈពេល ២ខែកន្លងមកនេះ មេដឹកនាំចិនបានប្រកាសនិងបានបង្ហាញអំពីសញ្ញានៃការផ្លាស់ប្តូរនូវគោលនយោបាយសំខាន់ៗជាបន្តបន្ទាប់ដែលរួមមានដូចជាការបញ្ចប់ការរឹតបន្តឹង ដែលត្រូវបានដាក់ចេញអស់រយៈពេលជិត ៣ ឆ្នាំគឺគោលនយោបាយ Zero-Covid, ការបន្ធូរបន្ថយការរឹតបន្តឹងទៅលើក្រុមហ៊ុនបច្ចេកវិទ្យា និងអចលនទ្រព្យ, ការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ច និងការបង្ហាញអំពីចេតនាចង់ផ្សះផ្សាគ្នាឡើងវិញជាមួយសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំ G20។

បើទោះបីជាការដំណើរការឡើងវិញនៃអាជីវកម្មរបស់ចិន ពិតជាអាចផ្តល់នូវសារៈប្រយោជន៍ដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ, សន្តិភាព និងស្ថិរភាពពិភពលោកក៏ដោយ ក៏ការធ្វើឱ្យសេដ្ឋកិច្ចចិនងាកមកដើរនៅលើផ្លូវត្រូវវិញនឹងតម្រូវឱ្យមានការដាក់ចេញនូវសកម្មភាពជាច្រើន។

អ្វីដែលជាតម្រូវការដ៏ពិតប្រាកដនោះគឺ «ការនាំយកមកវិញនូវភាពប្រាកដនិយម និងការផ្តល់មតិដោយស្មោះត្រង់សម្រាប់ប្រព័ន្ធនយោបាយ»។ មនុស្សទូទៅបានយល់ខុសថា «គំរូរបស់ប្រទេសចិន» គឺសំដៅទៅលើការគ្រប់គ្រងចាប់តាំងពីថ្នាក់លើដល់ក្រោមដោយរដ្ឋាភិបាលផ្តាច់ការ អមជាមួយនឹងវត្តមានរបស់សហគ្រាសរដ្ឋធំៗ។

ជាក់ស្តែង ភាពក្រីក្រនិងការរងទុក្ខវេទនាអស់រយៈពេល ៣០ ឆ្នាំក្រោមការដឹកនាំរបស់លោក ម៉ៅ សេទុង បានបង្ហាញថា «ការរួមបញ្ចូលគ្នានៃការរៀបចំផែនការពីថ្នាក់កំពូលចុះមកក្រោម, ភាពជាម្ចាស់នៃអង្គភាពរបស់រដ្ឋ និងការគាបសង្កត់ផ្នែកនយោបាយគឺជារូបមន្តដែលនាំមកនូវភាពបរាជ័យ»។

ដូច្នេះទើបលោក Deng បានដាក់ចេញយ៉ាងស្ងៀមស្ងាត់នូវប្រព័ន្ធកូនកាត់ដែលមានឈ្មោះថា «Directed Improvisation»។ គណបក្សកុម្មុយនីស្តចិននៅតែបន្តក្តាប់អំណាចយ៉ាងរឹងមាំ ក៏ប៉ុន្តែរដ្ឋាភិបាលកណ្តាល បានផ្ទេរសិទ្ធិអំណាចខ្លះទៅឱ្យអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសចិន បូករួមនឹងការរំដោះសហគ្រិនឯកជនចេញពីការគ្រប់គ្រងរបស់រដ្ឋ។

ជាមួយនឹងការដើរតួជាអ្នកដឹកនាំជាជាងជាជនផ្តាច់ការ រដ្ឋាភិបាលចិនបានកំណត់នូវគោលដៅជាតិ និងបានបង្កើតការលើកទឹកចិត្ត ក៏ដូចជាច្បាប់ដែលសមហេតុផល ខណៈពេលដែលអាជ្ញាធរថ្នាក់ទាប និងក្រុមហ៊ុននៅក្នុងវិស័យឯកជនបានដើរតួជាអ្នកផ្តល់ដំណោះស្រាយចំពោះបញ្ហាក្នុងស្រុក។

នៅក្នុងការអនុវត្តជាក់ស្តែង ភាពសម្បូរបែបនៃ «គំរូរបស់ប្រទេសចិន» នៅតាមមូលដ្ឋានបានលេចរូបរាងឡើងដែលបានផ្តល់នូវការច្នៃប្រឌិតពីថ្នាក់ក្រោមមកកាន់ថ្នាក់លើវិញ ហើយជាញឹកញាប់វាបានធ្វើឱ្យអាជ្ញាធរថ្នាក់កណ្តាលមានការភ្ញាក់ផ្អើលជាខ្លាំង។ ការកើនឡើងនៃសេដ្ឋកិច្ចឌីជីថលគឺជាឧទាហរណ៍ដ៏ជាក់ស្តែងមួយ។

ដោយសារគំនិតតែងកើតមានមុនសកម្មភាព លោក Deng បានផ្តល់នូវការធានាថា «លោកនឹងធ្វើការផ្លាស់ប្តូរផ្នត់គំនិតនិងបទដ្ឋានផ្ទាល់ខ្លួនរបស់បក្សកុម្មុយនិស្តចិនជាមុនសិន»។ នៅក្នុងសុន្ទរកថាជាប្រវត្តិសាស្ត្រនៅក្នុងខែធ្នូ ឆ្នាំ ១៩៧៨ គឺនៅមុនការចាប់ផ្តើមយុគសម័យនៃ «កំណែទម្រង់និងការបើកចំហ» របស់ប្រទេសចិន លោក Deng បានចាត់ទុក «ការរំដោះចិត្ត» «Emancipating the Mind» ជាអាទិភាពកំពូលសម្រាប់គណបក្ស។

ក្រោមការដឹកនាំរបស់លោកម៉ៅ ប្រជាជនមិនហ៊ាននិយាយការពិតនោះទេ ពីព្រោះពួកគេខ្លាចការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ហើយប្រការនេះបានបង្កើតឱ្យមានបរិយាកាសនយោបាយដែលពោរពេញទៅដោយការភ័យខ្លាច និងបង្កឱ្យមានគោលនយោបាយគ្រោះថ្នាក់ជាច្រើន ដូចជាគោលនយោបាយមហាលោតផ្លោះជាដើម។

ប៉ុន្តែនៅក្រោមការដឹកនាំរបស់លោក Deng អ្វីដែលជាតម្រូវការថ្មីគឺ «ការស្វែងរករឿងពិតពីការពិត» ហើយគោលនយោបាយនឹងត្រូវបានរៀបចំក្នុងគោលបំណងពង្រឹងសុខុមាលភាពរបស់ប្រជាជន។ ប្រព័ន្ធកូនកាត់របស់លោក Deng ដែលជាការរួមបញ្ចូលទាំងការគ្រប់គ្រងពីថ្នាក់កំពូលចុះមកក្រោម ជាមួយនឹងស្វ័យភាពពីក្រោមឡើងទៅថ្នាក់លើវិញ ត្រូវបានមើលរំលងដោយបណ្តាប្រទេសលោកខាងលិច និងលោក Xi ។

នៅពេលដែលឡើងមកកាន់អំណាច លោក Xi បានមើលឃើញជ្រុងផ្សេងនៃភាពជោគជ័យរបស់ប្រទេសចិន ដោយក្នុងនោះលោកបានធ្វើការសាទរចំពោះ «អត្ថប្រយោជន៍របស់ស្ថាប័ន» ជាមួយនឹងការយល់ថា «ប្រព័ន្ធបញ្ជាពីថ្នាក់កំពូលចុះមកក្រោមមានភាពល្អប្រសើរជាងប្រព័ន្ធមូលធននិយមរបស់ប្រទេសប្រជាធិបតេយ្យនៅលោកខាងលិច»។

វិធីសាស្រ្តគ្រប់គ្រងពីលើចុះមកក្រោមបានផ្តល់នូវលទ្ធផលគួរឱ្យចាប់អារម្មណ៍នៅក្នុងអំឡុងពេលនៃការផ្ទុះឡើងដំបូងនៃវីរុសកូវីដ-១៩។ តាមរយៈការធ្វើតេស្តទ្រង់ទ្រាយធំ, ការទប់ស្កាត់យ៉ាងតឹងរ៉ឹង និងវិធានការផ្សេងៗទៀត ប្រទេសចិនអាចសម្រេចបាននូវអត្រានៃការឆ្លង និងអត្រាស្លាប់នៅក្នុងកម្រិតទាបក្បែរ ០ នៅចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២។

លោក Xi បានចាត់ទុកគោលនយោបាយ «Zero-Covid» ជាសមិទ្ធិផលមួយរបស់លោក និងបានប្រកាសនៅពេលថ្មីៗនេះនៅក្នុងសមាជជាតិខែតុលាថា «ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយនេះ»។ ប៉ុន្តែក្រោយមក សមិទ្ធិផលនេះបានផ្តល់មកវិញនូវផលប៉ះពាល់ដ៏ធំដែលមិននឹកស្មានដល់។

ជាមួយនឹងការធុញទ្រាន់ចំពោះការបិទខ្ទប់គ្មានទីបញ្ចប់ពលរដ្ឋចិនមកពីគ្រប់មជ្ឈដ្ឋានបានសម្រុកចេញមកតាមដងផ្លូវ ដើម្បីតវ៉ាបង្ខំឱ្យលោក Xi ផ្លាស់ប្តូរវិធានការនេះ ក៏ប៉ុន្តែក្រោយការផ្លាស់ប្តូរគោលនយោបាយ «Zero-Covid» ករណីនៃការឆ្លងនិងការចូលទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសារវីរុសនេះ បានកើនឡើងយ៉ាងគំហ៊ុក។

លោក Xi និងក្រុមការងាររបស់លោកមានបំណងចង់ទុកការរាតត្បាតនៃវីរុសនេះនៅមួយឡែកសិនដើម្បីអាចឱ្យលោកផ្តោតលើការស្តារទំនុកចិត្តអាជីវកម្មឡើងវិញ។ ការបន្ធូរបន្ថយបទប្បញ្ញត្តិសេដ្ឋកិច្ច និងការបញ្ចប់ការរឹតត្បិតលើវីរុសកូវីដ-១៩ ពិតជាបានជួយជំរុញ និងពង្រឹងទីផ្សារមូលធន។

លើសពីនេះទៅទៀត បន្ទាប់ពីការឆ្លងវីរុសកូវីដ-១៩ បានឈានដល់កម្រិតកំពូលហើយ ការប្រើប្រាស់ក្នុងស្រុកអាចនឹងវិលត្រឡប់មករកសភាពដើមវិញយ៉ាងគំហ៊ុក ខណៈដែលការផលិតនិងការដឹកជញ្ជូនក៏អាចនឹងវិលត្រឡប់ទៅរកសភាពដូចធម្មតាវិញផងដែរ។ រដ្ឋាភិបាលកណ្តាលបានសន្យាថានឹងបង្កើនការចំណាយទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ប៉ុន្តែដើម្បីឱ្យស្ថានភាពសេដ្ឋកិច្ចថ្មីអាចបន្តទទួលបានផ្លែផ្កានៅក្នុងរយៈពេលវែង លោក Xi ត្រូវការបើកបណ្តាញផ្តល់មតិនៅក្នុងប្រព័ន្ធនយោបាយឡើងវិញ ដែលនេះមានន័យថា«លោកត្រូវតែធ្វើជាគំរូ និងបញ្ជាក់ប្រាប់ដល់មន្ត្រីរបស់រដ្ឋឱ្យបានច្បាស់ថា លោកចង់ឱ្យពួកគេរាយការណ៍អំពីការពិតមកកាន់លោក»។

រឿងនេះនឹងមិនអាចកើតឡើងនោះទេ ប្រសិនបើនៅក្នុងការអនុវត្តជាក់ស្តែង អ្នកនិយាយការពិតនៅតែត្រូវគេបំបិទមាត់ ហើយអ្នកនិយាយបែបឃោសនាត្រូវបានគេបន្តលើកតម្កើង។ រដ្ឋាភិបាលក៏ត្រូវផ្តល់ឱកាសបន្ថែមទៀតផងដែរដល់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។ វាគឺជារឿងដ៏ខុសឆ្គងក្នុងការគិតថា «ការទប់ស្កាត់ការបញ្ចេញមតិដោយសេរីនឹងអាចជួយពង្រឹងអំណាចរបស់គណបក្សកុម្មុយនីស្តចិន»។

ប្រសិនបើគ្មានប្រព័ន្ធផ្តល់មតិកែលម្អលើគោលនយោបាយនោះទេ អភិបាលកិច្ចនឹងត្រូវទទួលរងទុក្ខ ហើយវាក៏អាចបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំផងដែរ ដូចអ្វីដែលបានផ្ទុះឡើងកាលពីខែវិច្ឆិកា។ បញ្ហានេះអាចឈានទៅដល់ការកាត់បន្ថយភាពស្របច្បាប់របស់គណបក្សកុម្មុយនីស្តចិនទៀតផង។

បញ្ហាមួយទៀតទាក់ទងនឹងវិធីសាស្រ្តគ្រប់គ្រងពីលើចុះក្រោមរបស់លោក Xi គឺវានឹងធ្វើឱ្យវិនិយោគិនមានការងឿងឆ្ងល់ថា «តើពេលណាទើបប្រទេសចិនអាចវិលត្រឡប់ទៅរកភាពរីកចម្រើនវិញ»។ នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លង មកនេះ លោក Xi បានប្រកាសម្តងហើយម្តងទៀត អំពីការលះបង់គ្រប់បែបយ៉ាងដើម្បីជំរុញ «ការធ្វើកំណែទម្រង់» ក៏ប៉ុន្តែអ្វីដែលលោកបានធ្វើ គឺខុសពីការនិយាយ។

ការផ្តល់សិទ្ធិអំណាចដល់មន្ត្រីដែលអនុវត្តសកម្មភាពជាក់ស្តែង និងដែលមានភាពស្មោះត្រង់អាចជួយស្តារភាពរឹងមាំនៃទីផ្សារឡើងវិញ។ ការផ្លាស់ប្តូរលក្ខណៈវិនិច្ឆ័យនៅក្នុងប្រព័ន្ធនយោបាយសម្រាប់ការជ្រើសរើសមន្ត្រី និងការតែងតាំងមន្ត្រីអាចផ្តល់នូវប្រសិទ្ធភាពខ្ពស់ជាងការលើកឡើងតែអំពីពាក្យស្លោក។

ជាចុងក្រោយ មេដឹកនាំចិនត្រូវតែទទួលស្គាល់ថា «គោលដៅដ៏ទូលំទូលាយក្នុងការដោះស្រាយបញ្ហានៅក្នុងយុគសម័យមាសរបស់ប្រទេសចិន ដូចជាការទប់ស្កាត់ការវិនិយោគមិនស្មោះត្រង់នៅក្នុងវិស័យអចលនទ្រព្យ និងការការពារសិទ្ធិរបស់បុគ្គលិកដឹកជញ្ជូននៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce) មិនមែនជារឿងខុសនោះទេ»។ គោលនយោបាយមុនៗត្រូវទទួលរងនូវការបរាជ័យដោយសារតែការអនុវត្តតាមតែអំពើចិត្ត ដែលជាហេតុធ្វើឱ្យបណ្តាអាជីវកម្មនានាមានការភ័យខ្លាច។

លោក Xi និងបក្ខពួករបស់លោកត្រូវតែអនុវត្តសកម្មភាពប្រកបដោយតម្លាភាព និងត្រូវធ្វើការពិគ្រោះយោបល់នៅក្នុងដំណើរការបង្កើតគោលនយោបាយ។ ប្រទេសចិនបានទទួលនូវបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹងអភិបាលកិច្ចបែបសម្របសម្រួលនៅចន្លោះចុងទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ដើមទសវត្សរ៍ឆ្នាំ ២០១០។

ប៉ុន្តែនៅពេលដែលលោក Xi បានឡើងមកកាន់អំណាចនៅក្នុងឆ្នាំ ២០១២ គំរូសេដ្ឋកិច្ចរបស់លោក Deng បានឈានមកដល់ទីបញ្ចប់ ហើយអំពើពុករលួយ, វិសមភាព, ហានិភ័យបំណុល និងការបំពុលបរិស្ថានក៏បានចាប់ផ្តើមកើតមានឡើង។ ការវិលត្រឡប់ទៅរកលទ្ធិម៉ៅនិយមវិញមិនមែនជាដំណោះស្រាយនោះទេ។ ផ្ទុយទៅវិញ ប្រទេសចិនត្រូវតែនាំប្រព័ន្ធកូនកាត់ «Directed Improvisation» ត្រឡប់មកកាន់សតវត្សរ៍ទី ២១ វិញ៕

Project Syndicate